ពលករចំនួន ១៦នាក់ គ្រោងនឹងដាក់ពាក្យបណ្ដឹងទៅតុលាការរាជធានីភ្នំពេញ ដើម្បីប្ដឹងអង្គការ អ៊ីណាហូល ភ្នំពេញ អោយសងសំណងជំងឺចិត្តទៅលើការកេងប្រវ័ញ្ចពលកម្ម និងប្រើប្រាស់អំពើហិង្សាទៅលើពួកគាត់ ក្នុងអំឡុងពេលកំពុងធ្វើការងារនៅប្រទេសជប៉ុន។
ពលករម្នាក់ក្នុងចំណោម ១៦នាក់ លោក រ៉ានី បានរាប់រៀបពីការវិលត្រឡប់មកពីប្រទេសជប៉ុនវិញថា លោកបានមកដល់ប្រទេសកម្ពុជា រយៈពេល ១ខែមកហើយ។ មូលហេតុដែលពួកគាត់វិលត្រឡប់មកស្រុកខ្មែរវិញ គឺដោយសារតែអង្គការ អ៊ីណាហូល ភ្នំពេញ ដែលនាំពួកគាត់ទៅនោះ គឺបោកប្រាស់ និងបោះបង់ពួកគាត់នៅពេលទៅដល់ប្រទេសជប៉ុននោះ និងអោយពួកគេធ្វើការងារនៅរោងចក្រខុសច្បាប់ ដោយមានការកេងប្រវ័ញ្ចពលកម្ម និងកាត់លុយប្រាក់ខែរបស់ពួកគាត់ជារៀងរាល់ ១ខែទៀតផង។
លោកថា ប្រាក់ខែរបស់ពលករទាំងអស់ទទួលបាន ៦ម៉ឺនយ៉េន ក្នុង ១ខែ សំរាប់ផ្ញើមកផ្ទះអោយឪពុកម្តាយ ប៉ុន្តែត្រូវបានអង្គការកាត់យកជារៀងរាល់ខែចំនួន ៣ម៉ឺនយ៉េន។ ការកាត់ប្រាក់នេះ អង្គការបញ្ជាក់ថា កាត់ទៅលើថ្លៃសំបុត្រយន្តហោះ និងការស្នាក់នៅរបស់ពួកគេ។
លោកថា ក្រសួងអន្តោប្រវេសន៍ប្រទេសជប៉ុន បានចុះស៊ើបអង្កេតទៅដល់រោងចក្រ Family Flood បន្ទាប់មកថៅកែរោងចក្រក៏បានបញ្ឈប់ និងចាប់បង្ខំពលករខ្មែរទាំងអស់ដែលធ្វើការនៅក្នុងរោងចក្រនោះ ដើម្បីអោយចាកចេញ។ ពលករទាំងនោះមិនយល់ព្រមទើបពួកគេទាក់ទងទៅអគ្គរាជទូតខែ្មរប្រចាំនៅប្រទេសជប៉ុន ដើម្បីអោយជួយធ្វើអន្តរាគមន៍ អាចបញ្ជូនពលករទាំងនោះមកកាន់ប្រទេសកម្ពុជា ដោយសុវត្ថិភាពនោះ។
ពលករម្នាក់ទៀត កញ្ញា សុវណ្ណា អោយដឹងថា នាងបានរស់នៅប្រទេសជប៉ុន រយៈពេលមួយឆ្នាំកន្លះហើយ នៅទីនោះនាងធ្វើការនៅរោងចក្រ Family Flood ដែលជារោងចក្រសិប្បកម្មកែច្នៃបន្លែ។ កញ្ញាបន្តទៀតថា អំឡុងពេលធ្វើការត្រូវបានថៅកែរោងចក្ររំលោភសិទ្ធិសេរីភាពទៅលើកម្លាំងពលកម្ម និងការប្រើអំពើហិង្សាទៅលើពលករខ្មែរនៅទីនោះ។
នាយកប្រតិបត្តិអង្គការខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ មានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលមានពលករទៅធ្វើការងារនៅប្រទេសជប៉ុន ត្រូវរងការរំលោភបំពានពីសំណាក់ថៅកែ និងតាមរយៈអង្គការដែលបញ្ជូនទៅ ដោយនៅក្នុងសន្យាថា បញ្ជូនពលករទាំងនោះទៅប្រទេសជប៉ុន ដើម្បីហាត់ការ ប៉ុន្តែត្រូវបានគេបញ្ជូនពួកគាត់ឲ្យទៅធ្វើការងារនៅរោងចក្រទៅវិញ។
លោកបន្តទៀតថា ដោយសារតែមានក្រុមគ្រួសាររបស់ពលករដាក់ពាក្យបណ្ដឹងមកអង្គការរបស់លោក ដើម្បីអោយជួយរកដំណោះស្រាយជូនពួកគាត់ ហើយលោកថា អង្គការរបស់លោកបានយកសំណុំរឿងបញ្ជូនទៅមេធាវីអស់ហើយ លោកកំពុងតែស៊ើបអង្កេត និងពិភាក្សាជាមួយមេធាវីដើម្បីរកដំណោះស្រាយជូនពលករទាំងនោះ។
ដោយឡែកអ្នកស្រី ហឿន ស្រីណាក់ អ្នកគ្រប់គ្រងអង្គការ អ៊ីណាហូល ភ្នំពេញ ប្រចាំនៅទីក្រុងភ្នំពេញ បានឲ្យដឹងថា អង្គការអ្នកស្រីមិនបានបញ្ជូនពលករទៅប្រទេសជប៉ុន នោះទេ ហើយក៏មិនស្គាល់ពលករទាំង ១៦នាក់ ដែលវិលត្រឡប់មកវិញនោះដែរ។ អ្នកស្រីឆ្លើយបញ្ជាក់ទៀតថា អ្នកស្រីមិនបានដឹងរឿងអ្វីទាំងអស់អំពីបញ្ហានេះ។
លោក ញ៉ែម គឹមហូយ ប្រធានការិយាល័យរកការងារឲ្យធ្វើនាយកដ្ឋានមុខរបរ និងហត្ថពលកម្មនៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា រឿងរបស់ពលករទាំង ១៦នាក់ វិលត្រឡប់មកពីប្រទេសជប៉ុនវិញ ដោយសារមានការរំលោភបំពាន និងកេងប្រវ័ញ្ចពលកម្មនោះ។ លោកថា មិនជាការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះទេ ប៉ុន្តែលោកថា នេះជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដោះស្រាយទៅតាមនីតិវិធីច្បាប់។
ចំណែកឯលោក សាយ ម៉េងឈាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោកមិនទាន់បានទទួលពាក្យបណ្ដឹងនៅឡើយទេ ចំពោះរឿងពលករទាំង ១៦នាក់នោះ ប៉ុន្តែលោកថា បើលោកទទួលបាននៅពាក្យបណ្ដឹងនោះលោកនឹងធ្វើការដោះស្រាយជូនពលករទាំងអស់ជាមិនខាន។
ការរាយការណ៍របស់ពលករអោយដឹងថា មានពលករចំនួន ៣០០នាក់ទៀតដែលកំពុងធ្វើការងារនៅប្រទេសជប៉ុន នោះដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។