២នាក់​ស្លាប់​និង​៨នាក់​ធ្លាក់​ខ្លួន​ឈឺ​សង្ស័យ​ពុល​កាហ្វេ

មនុស្ស​២នាក់​បាន​ស្លាប់ និង​៨នាក់​ផ្សេង​ទៀត កំពុង​ត្រូវ​គ្រូពេទ្យ​ខេត្ត​តាកែវ ជួយ​សង្គ្រោះ ក្រោយ​ពី​បាន​ពិសា​កាហ្វេ ដែល​យក​មក​ពី​សហរដ្ឋ​អាមេរិក ឆុង​ចែក​ទទួល​ទាន​ក្នុង​ពិធី​បុណ្យ​មួយ។ មន្ត្រី​ប៉ូលិស និង​ក្រុម​គ្រូពេទ្យ​មិន​ទាន់​សន្និដ្ឋាន​ថា អ្នក​ស្លាប់ និង​អ្នក​ធ្លាក់​ខ្លួន​ឈឺ ពិត​ជា​ពុល​កាហ្វេ​នៅ​ឡើយ​ទេ។
ដោយ អ៊ុក សាវបូរី
2012-09-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប៉ូលិស​ខេត្ត​តាកែវ ចុះ​ស៊ើប​អង្កេត និង​យក​សំបក​កាហ្វេ​ទុក​ជា​ភស្តុតាង ដែល​សង្ស័យ​ថា ជា​មូលហេតុ​បណ្ដាល​ឲ្យ​មនុស្ស​២នាក់​ស្លាប់ និង​ធ្លាក់​ខ្លួន​ឈឺ​៨នាក់ ក្នុង​នោះ​មាន​ក្មេង​អាយុ​២ឆ្នាំ​ផង ក្រោយ​ពី​ពួក​គេ​ទទួល​ទាន​កាហ្វេ ក្នុង​ពិធី​បុណ្យ​បញ្ចុះ​អដ្ឋិធាតុ​ក្រុម​គ្រួសារ​អ្នក​មក​ពី​សហរដ្ឋ​អាមេរិក នៅ​វត្ត​អង្គមន្ត្រី ឃុំ​គូស ស្រុក​ត្រាំកក់ កាល​ពី​ថ្ងៃ​ទី១៨ ខែ​កញ្ញា។

ស្នងការ​រង​ខេត្ត​តាកែវ ទទួល​បន្ទុក​ខាង​ព្រហ្មទណ្ឌ លោក សួន ផុន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១៩ ខែ​កញ្ញា ថា មាន​មនុស្ស​២នាក់​ស្លាប់ និង​មនុស្ស​៨នាក់​ផ្សេង​ទៀត​បាន​ពុល ក្រោយ​ពី​ទទួល​ទាន​កាហ្វេ​រួច។ លោក​បន្ត​ថា កាល​ពី​ថ្ងៃ​អង្គារ ទី១៨ ខែ​កញ្ញា សមត្ថកិច្ច​ចម្រុះ​បាន​យក​សំណាក​កញ្ចប់​កាហ្វេ​ដែល​ស្ត្រី​ម្នាក់​ឈ្មោះ យាយ ផន បាន​យក​មក​ពី​សហរដ្ឋ​អាមេរិក ឆុង​ជូន​អ្នក​ចូល​រួម និង​ចាស់​ព្រឹទ្ធាចារ្យ ពិសា​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ឆ្អឹង​ក្រុម​គ្រួសារ នៅ​វត្ត​អង្គមន្ត្រី ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ យក​ទៅ​វិភាគ។

លោក សួន ផុន៖ «ដល់​ពិនិត្យ​ជាក់ស្ដែង​អ៊ីចឹង​ទៅ យើង​ឃើញ​ថា ក្រោយ​ពេល​ហូប​របស់​ដូច​ជា​កាហ្វេ​ស្អី តែ ឬ​ស្អី​ច្រើន​មុខ​ណាស់ យើង​មិន​កំណត់​ថា នេះ​ជា​ជាតិ​ពុល ឬ​យើង​មិន​ទាន់​និយាយ​បាន​ទេ គឺ​វា​នៅ​ខាង​ឡាបូ ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ»

នាយ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ត្រាំកក់ លោក យូ អាន បាន​ថ្លែង​ថា អ្នក​ស្លាប់​ចំនួន​២នាក់ ម្នាក់​ជា​ប្រធាន​អាចារ្យ​វត្ត និង​ម្នាក់​ទៀត​ជា​អ្នក​ដាំ​ទឹក​តែ ហើយ​៨នាក់​ផ្សេង​ទៀត ដែល​មាន​អាការៈ​មិន​ស្រួល។ ក្នុង​៨នាក់​នោះ មាន​ស្ត្រី​ម្នាក់​អាយុ​ជាង​៣០ឆ្នាំ និង​កុមារា​អាយុ​២ឆ្នាំ​ម្នាក់។ ក្រៅ​ពី​នោះ ជា​មនុស្ស​ចាស់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ លោក​ថា ប៉ូលិស​ស៊ើប​អង្កេត​ក្រែង​មាន​អំពើ​ឃាតកម្ម ដោយ​បន្លំ​ដាក់​ថ្នាំ​បំពុល។ លោក​ថា អ្នក​ស្លាប់​នោះ គឺ​ម្នាក់​ស្លាប់​លើ​សាលា​ឆាន់ និង​ម្នាក់​ទៀត​ស្លាប់​នៅ​ពេល​ទៅ​ដល់​ផ្ទះ។

លោក យូ អាន៖ «មួយ​ឈ្មោះ តុប ណុប ជា​អាចារ្យ​ធម៌​ក្នុង​វត្ត​អង្គមន្ត្រី និង​អាយុ​៧៥​ឆ្នាំ។ គាត់​ស្លាប់​ ពេល​ដែល​ដឹង​ថា ខ្លួន​គាត់​អត់​ស្រួល។ គាត់​ក៏​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​គាត់។ ពេល​ទៅ​ដល់​នោះ គាត់​ដេក​ទៅ​និង​ស្លាប់​តែ​ម្ដង។ ហើយ​មួយ​ទៀត​ឈ្មោះ ជួប តឹក អាយុ​៨០ឆ្នាំ ជា​អ្នក​ដាំ​ទឹក​យក​មក​ឆុង​កាហ្វេ ស្លាប់​នៅ​នឹង​វត្ត​តែ​ម្ដង។ អ៊ីចឹង ខាង​សមត្ថកិច្ច​យើង​មិន​ទាន់​កំណត់​ច្បាស់​ថា ធាតុ​ហ្នឹង​វា​ពុល​ដោយ​សារ​កាហ្វេ ឬ​ក៏​ពុល​ដោយ​សារ​ទឹក ឬ​ក៏​ពុល​ដោយ​សារ​ស្អី យើង​មិន​ទាន់​កំណត់​ទេ ពីព្រោះ​ថា​យើង​ កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ ពិនិត្យ​ទៅ​លើ​កាហ្វេ លើ​អី​ហ្នឹង»

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ លោក​វេជ្ជបណ្ឌិត ហែម សារ៉េត មាន​ប្រសាសន៍​ថា តាម​ការ​សាកសួរ​ពលរដ្ឋ​ដែល​ទទួល​ទាន​កាហ្វេ​ហើយ​មាន​ស្លាប់ និង​សង្ស័យ​ពុល​នោះ បាន​ទទួល​ទាន​អាហារ​ច្រើន​មុខ ដែល​មិន​ទាន់​អាច​ថា​ពុល​មក​ពី​កាហ្វេ​ទេ។ លោក​ថា អ្នក​ទាំង​១០នាក់​នោះ បាន​ទទួល​ទាន​កាហ្វេ​ទឹក​ដោះគោ ម៉ាក អិនសួរិន (insurance) មង្ឃុត ស្ករស ស្ករត្នោត។ លោក​ថា មន្ទីរ​សុខាភិបាល​មិន​ទាន់​ទទួល​បាន​សំណាក​កាហ្វេ​ពី​សមត្ថកិច្ច​ប៉ូលិស ដែល​ប្រមូល​យក​មក​នោះ ដើម្បី​ធ្វើ​ពិសោធន៍​នៅ​ឡើយ​ទេ។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ លោក ខៀវ សម្រស់ មាន​ប្រសាសន៍​ថា មាន​មនុស្ស​៣នាក់ ចាស់​ម្នាក់ និង​ក្មេង​២នាក់ សង្ស័យ​ពុល​កាហ្វេ កំពុង​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត។ លោក​ថា អ្នក​ទាំង​៣នាក់​នោះ​មិន​មាន​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទេ៖ «អ្នក​ជំងឺ​ដែល​មក​សម្រាន្ត​ពេទ្យ​ខ្ញុំ​ហ្នឹង អត់​អី​ទេ គាត់​ស្រួល​ហើយ គាត់​ត្រឡប់​ទៅ​វិញ​ហើយ»

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​សង្ស័យ​ពុល​កាហ្វេ និង​អ្នក​ស្លាប់​នោះ សុទ្ធ​តែ​ជា​អ្នក​ចំណុះ​ជើង​វត្ត​អង្គមន្ត្រី។ ពួក​គាត់​ទទួល​ទាន​កាហ្វេ​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ធាតុ​ក្រុម​គ្រួសារ​អ្នក​មក​ពី​សហរដ្ឋ​អាមេរិក ហើយ​បាន​ស្លាប់ និង​ក្អួត​ចង្អោរ វិល​មុខ ក្រោយ​ពិសា​អាហារ​ថ្ងៃ​ត្រង់​ក្នុង​ថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

KHMER

ពី BOTHELL,WASHINGTON USA

Can we believe,Mongkut and wite sugar becomes to toxicity?

Sep 19, 2012 11:13 PM