ពិធីនោះ មាននិមន្តព្រះសង្ឃបង្សុកូលនៅមន្ទីរឃុំឃាំងទួលស្លែង ក្នុងន័យថា យុត្តិធម៌ដែលពួកគេបានរង់ចាំអស់រយៈពេលដ៏យូរឆ្នាំមកហើយនោះ បានផ្ដល់សម្រាប់ពួកគេហើយនៅពេលនេះ៖ «យើងធ្វើនេះដើម្បីយើង ហាក់បីដូចជាការនាំសារផ្លូវងងឹតប្រាប់ទៅជនរួមជាតិយើងដែលបានបាត់បង់ជីវិតនៅក្នុងមណ្ឌលប្រល័យពូជសាសន៍ទួលស្លែង និងថាយើងបានយុត្តិធម៌ហើយ។ យុត្តិធម៌នោះ គឺលោក កាំង ហ្គិចអ៊ាវ លោកនឹងបានជាប់ទោសអស់មួយជីវិតទៅហើយ។ ដូច្នេះ យើងនាំសារមកជូនវិញ្ញាណក្ខន្ធឲ្យមានការទទួលយកនូវគេហៅថាភាពយុត្តិធម៌អំឡុងឆ្នាំដែល ៧៥ រហូតដល់ ៧៩»។
លោក ប៉ូ សំណាង បន្តថា អ្នកចូលរួមមានយាយជី តាជី និងក្មេងកំព្រាប្រមាណ ៥០០នាក់ នៅសារមន្ទីរទួលស្លែង ដែលស្ថិតនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង ៨ព្រឹក។
លោក កាំង ហ្គិចអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬហៅថាគុកទួលស្លែង ត្រូវបានតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមសម្រេចផ្ដន្ទាទោសអស់មួយជីវិត កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។