ពលករ​ខ្មែរ​៥​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ឥណ្ឌូនេស៊ី

បុរស​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ចំនួន ៥​នាក់ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៩ សីហា។

ប្រធាន​កម្មវិធី​នៃ​អង្គការ​ខារ៉ាម​កម្ពុជា លោក មាស សាណែត មាន​ប្រសាសន៍​ថា បុរស​ខ្មែរ​ទាំង ៥​នាក់​នោះ មាន​អាយុ​ចន្លោះ​ជាង ២០​ឆ្នាំ​ទៅ ៣០​ឆ្នាំ ដែល​បាន​ចាញ់​បោក​មេខ្យល់​ទៅ​ធ្វើការ​លើក​ទូក​នេសាទ​ថៃ ហើយ​ក្រោយ​មក​ទូក​នេសាទ​នោះ អណ្ដែត​ទៅ​ដល់​ដែន​ទឹក​ប្រទេស​ឥណ្ឌូនេស៊ី។ ពួកគេ​ទាំង​នោះ ​ត្រូវ​ថៅកែ​បង្ខំ​ឲ្យ​ធ្វើការ​ហួស​កម្លាំង។

លោក​បាន​បន្ត​ថា អ្នក​ទាំង​នោះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​បរទេស អង្គការ​ទេសន្តរប្រវេសក៍ និង​អង្គការ​ខារ៉ាម​កម្ពុជា ជួយ​សង្គ្រោះ៖ «ប្រាក់​ខែ​ប៉ុន្មាន​ខែ​ដែល​គាត់​ធ្វើ​ទៀត​ជាមួយ​នឹង​ថៅកែ​នោះ មេខ្យល់​បើក​យក​របស់​គាត់​អស់ បន្ទាប់​មក​ទូក​គាត់​នោះ​ចេញ​ទៅ​ដល់​ឥណ្ឌូនេស៊ី»

កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា បុរស​ខ្មែរ​បី​នាក់​ដែល​ធ្វើការ​លើ​ទូក​នេសាទ​ថៃ បាន​នាំ​គ្នា​ព្យាយាម​លួច​រត់​ចុះ​ពី​លើ​ទូក ក្នុង​គ្រា​ដែល​ទូក​នេសាទ​នោះ សំចត​នៅ​ក្នុង​ដែន​សមុទ្ទ​ក្នុង​ខេត្ត​បាតាំ ប្រទេស​ឥណ្ឌូនេស៊ី។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​រងគ្រោះ​ចំនួន ១៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ។ ពលរដ្ឋ​ខ្មែរ​ចំនួន ១៣​នាក់​នោះ បាន​ទៅ​ធ្វើការ​ជា​កម្មករ​លើ​ទូក​នេសាទ​នៅ​អាហ្វ្រិក​ខាង​ត្បូង ដែល​រង​ការ​ធ្វើបាប​គ្រប់​បែប​យ៉ាង​ពី​សំណាក់​ម្ចាស់​ទូក​នេសាទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។