សហភាពអឺរ៉ុបផ្ដល់ប្រាក់ជំនួយជិត៣លានដុល្លារដល់អង្គការសង្គមស៊ីវិល៥
2015.03.25
សហភាពអឺរ៉ុបផ្ដល់ប្រាក់ជំនួយ ២,៩លានអឺរ៉ូ ដល់គម្រោងថ្មីរបស់អង្គការសង្គមស៊ីវិលចំនួន ៥ស្ថាប័ន ដើម្បីធ្វើការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍដោយចិរភាព និងគាំទ្រកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់សង្គមជាតិឲ្យមានលក្ខណៈសេរី និងបើកចំហ។
សេចក្ដីថ្លែងការណ៍សហភាពអឺរ៉ុប ចេញកាលពីថ្ងៃទី២៤ មីនា ឲ្យដឹងថា សហភាពអឺរ៉ុបនឹងធ្វើការជាមួយនឹងអង្គការសង្គមស៊ីវិលជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ពិសេសពលរដ្ឋដែលរស់នៅតាមតំបន់ជនបទ។
អគ្គរដ្ឋទូតសភាពអឺរ៉ុបប្រចាំកម្ពុជា លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង (Jean-François Cautain) បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា លោកសប្បាយរីករាយដែលសភាពអឺរ៉ុប មានលទ្ធភាពផ្ដល់ប្រាក់ជំនួយលើគម្រោងថ្មីទាំង៥ ដើម្បីជួយកម្ពុជា និងអង្គការសង្គមស៊ីវិល ឲ្យរីកចម្រើនទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច។ គម្រោងទាំងនោះរួមមាន ការពង្រឹងសមត្ថភាពក្រុមយុវជន និងសហគមន៍ក្រីក្រនៅខេត្តព្រៃវែង ដោយផ្ដល់ការបណ្ដុះបណ្ដាលវគ្គជំនាញការអប់រំក្រៅប្រព័ន្ធ និងផ្ដល់ឱកាសស្វែងរកប្រាក់កម្រៃ។ ប្រាក់ជំនួយក៏ផ្ដោតទៅលើគម្រោងមានឈ្មោះថា «សំឡេងបៃតងកម្ពុជា» ដែលអនុញ្ញាតឲ្យសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សបញ្ចេញសិទ្ធិសំដែងមតិ បំបាត់អំពើនិទ្ទណ្ឌភាព និងពុករលួយនៅខេត្តរតនគិរី ស្ទឹងត្រែង និងកោះកុង។
ប្រាក់ជំនួយសហភាពអឺរ៉ុប ក៏ជួយគម្រោងមួយចំនួនទៀតនៅខេត្តកំពង់ធំ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ តាកែវ ស្វាយរៀង ដើម្បីធ្វើឲ្យរីកចម្រើនវិស័យសារព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន ការពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន ពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិល និងអភិបាលកិច្ចល្អ៕