ជនជាតិដើមភាគតិចព្នង និងកួយ ចំនួន ២០នាក់ ដែលភាគច្រើនជាយុវជនសកម្មក្នុងសហគមន៍ ត្រូវបានជ្រើសរើសឲ្យចូលវគ្គសិក្សារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣។
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយរបស់ ស៊ី.ស៊ី.អាយ.អឹម លោក ណុប វី ពន្យល់ថា ការបណ្ដុះបណ្ដាលជនជាតិដើមភាគតិចឲ្យពួកគាត់ចេះអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងសរសេរ ឬរាយការណ៍ពីព័ត៌មាននៅក្នុងសហគមន៍ គឺជាផ្នែកមួយសំខាន់ក្នុងការលើកកម្ពស់កម្រិតសេរីភាពបញ្ចេញមតិនៅថ្នាក់មូលដ្ឋាន។
លោក ណុប វី៖ «ការចូលរួមធ្វើសេចក្តីរាយការណ៍ ឬក៏ផ្សព្វផ្សាយព័ត៌មានពីកម្រិតសហគមន៍ដល់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជាប្រព័ន្ធផ្សព្វផ្សាយនៅកម្រិតថ្នាក់ជាតិ យើងមានតិចតួច។ ដល់ពេលសហគមន៍ខ្លះយើងអត់មានទៅ ដល់អ៊ីចឹងហើយបានយើងគិតថាការបណ្ដុះបណ្ដាលជនជាតិដើមភាគតិចឲ្យគាត់ចេះការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក៏ដើរតួនាទីជាអ្នកសារព័ត៌មានជារឿងសំខាន់»។
ស៊ី.ស៊ី.អាយ.អឹម បើកវគ្គបណ្ដុះបណ្ដាលជំនាញសារព័ត៌មានដល់ជនជាតិដើមភាគតិចនេះ ចំនួន ៣វគ្គ គឺនៅខេត្តព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី។ តាមគម្រោង ស៊ី.ស៊ី.អាយ.អឹម នឹងបើកវគ្គសិក្សារយៈពេល ២ឆ្នាំសម្រាប់ប្រជាពលរដ្ឋអ្នកសារព័ត៌មានចំនួន ១២ខេត្ត ដោយក្នុងមួយខេត្តៗ ត្រូវជ្រើសរើសពលរដ្ឋអ្នកសារព័ត៌មាន ២នាក់មករៀន។ វគ្គវែង ២ឆ្នាំនោះ មានបង្រៀនឲ្យចេះបង្កើតនូវបណ្ដាញព័ត៌មានសង្គមមួយចំនួនទៀត រួមមានបង្កើតហ្វែសបុក (Facebook) បង្កើតជាថ្វីតធើ (Twitter) ការប្រើប្រាស់ប្លុក (Blog) ដើម្បីឲ្យពួកគាត់ប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយនូវព័ត៌មានដែលខាងសហគមន៍សរសេរបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។