ស៊ី.ស៊ី.អាយ.អឹម បណ្ដុះ​បណ្ដាល​ជំនាញ​សារព័ត៌មាន​ដល់​ជន​ជាតិ​ដើម​ភាគ​តិច

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ ស៊ី.ស៊ី.អាយ.អឹម (CCIM) បណ្ដុះ​បណ្ដាល​ជំនាញ​សារព័ត៌មាន​ដល់​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ដើម្បី​ឲ្យ​ពួក​គាត់​ចេះ​សរសេរ និង​ផ្តល់​ព័ត៌មាន​ក្នុង​កម្រិត​សហគមន៍។
ដោយ ទេព សុរ៉ាវី
2013.01.09

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង និង​កួយ ចំនួន ២០​នាក់ ដែល​ភាគ​ច្រើន​ជា​យុវជន​សកម្ម​ក្នុង​សហគមន៍ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​វគ្គ​សិក្សា​រយៈពេល ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៣។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ ស៊ី.ស៊ី.អាយ.អឹម លោក ណុប វី ពន្យល់​ថា ការ​បណ្ដុះ​បណ្ដាល​ជន​ជាតិ​ដើម​ភាគ​តិច​ឲ្យ​ពួក​គាត់​ចេះ​អំពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សរសេរ ឬ​រាយការណ៍​ពី​ព័ត៌មាន​នៅ​ក្នុង​សហគមន៍ គឺ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​លើក​កម្ពស់​កម្រិត​សេរីភាព​បញ្ចេញ​មតិ​នៅ​ថ្នាក់​មូលដ្ឋាន។

លោក ណុប វី៖ «ការ​ចូល​រួម​ធ្វើ​សេចក្តី​រាយការណ៍ ឬ​ក៏​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​កម្រិត​សហគមន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្រិត​ថ្នាក់​ជាតិ យើង​មាន​តិចតួច។ ដល់​ពេល​សហគមន៍​ខ្លះ​យើង​អត់​មាន​ទៅ ដល់​អ៊ីចឹង​ហើយ​បាន​យើង​គិត​ថា​ការ​បណ្ដុះ​បណ្ដាល​ជន​ជាតិ​ដើម​ភាគ​តិច​ឲ្យ​គាត់​ចេះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ក៏​ដើរ​តួនាទី​ជា​អ្នក​សារព័ត៌មាន​ជា​រឿង​សំខាន់»

ស៊ី.ស៊ី.អាយ.អឹម បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​សារព័ត៌មាន​ដល់​ជន​ជាតិ​ដើម​ភាគ​តិច​នេះ ចំនួន ៣វគ្គ គឺ​នៅ​ខេត្ត​ព្រះវិហារ មណ្ឌលគិរី និង​ខេត្ត​រតនគិរី។ តាម​គម្រោង ស៊ី.ស៊ី.អាយ.អឹម នឹង​បើក​វគ្គ​សិក្សា​រយៈពេល ២ឆ្នាំ​សម្រាប់​ប្រជាពលរដ្ឋ​អ្នក​សារព័ត៌មាន​ចំនួន ១២​ខេត្ត ដោយ​ក្នុង​មួយ​ខេត្តៗ ត្រូវ​ជ្រើស​រើស​ពលរដ្ឋ​អ្នក​សារព័ត៌មាន ២​នាក់​មក​រៀន។ វគ្គ​វែង ២​ឆ្នាំ​នោះ មាន​បង្រៀន​ឲ្យ​ចេះ​បង្កើត​នូវ​បណ្ដាញ​ព័ត៌មាន​សង្គម​មួយ​ចំនួន​ទៀត រួម​មាន​បង្កើត​ហ្វែសបុក (Facebook) បង្កើត​ជា​ថ្វីតធើ (Twitter) ការ​ប្រើប្រាស់​ប្លុក (Blog) ដើម្បី​ឲ្យ​ពួក​គាត់​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​ខាង​សហគមន៍​សរសេរ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។