អ្នកភូមិបានចោទក្រុមហ៊ុនថា បានរំលោភយកដីរបស់ពួកគាត់។ ប៉ុន្តែ តំណាងក្រុមហ៊ុន អ៊ឹម.ឌី.អែស (MDS) និយាយថា គឺអ្នកភូមិទេ ដែលបានរំលោភលើដី ដែលរដ្ឋាភិបាលបានធ្វើសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន។
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិសង្គមថ្មី នៅព្រឹកថ្ងៃទី០១ កក្កដា បាននាំគ្នាធ្វើការតវ៉ា និងចោទប្រកាន់ថា ក្រុមហ៊ុន អ៊ឹម.ឌី.អែស អាហរ័ណនីហរ័ណ បានរារាំងអ្នកភូមិមិនឲ្យបង្កបង្កើនផល លើដី ដែលអ្នកភូមិបានកាន់កាប់ និងមានការទទួលស្គាល់ពីអាជ្ញាធរដែនដី។
ស្ត្រីអ្នកភូមិឈ្មោះ ម៉ូយ ស្រ៊ី អាយុ ៦០ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ អ្នកស្រីបានឲ្យដឹងថា ដីទំហំ ៣ ហិកតារនេះ គាត់បានត្រួសត្រាយ និងបង្កបង្កើនផល តាំងពីឆ្នាំ ១៩៩៨ ស្រាប់តែឥឡូវក្រុមហ៊ុន អ៊ឹម.ឌី.អែស អាហរ័ណនីហរ័ណ បានរារាំងមិនឲ្យគាត់ធ្វើការសំអាតស្មៅ និងដាំដុះទៀតឡើយ ដោយសំអាងថា ដីនេះក្រុមហ៊ុនទទួលបានសិទ្ធិគ្រប់គ្រង តាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល។
ស្ត្រីអ្នកភូមិឈ្មោះ ម៉ូយ ស្រ៊ី៖ «គេថាឲ្យយើងធ្វើដល់យើងធ្វើបានជារបស់យើងពិតប្រាកដហើយ ស្រាប់តែខាងបរិស្ថានគេមកឃាត់។ គេថា បើយើងមានដាំដំណាំអីគេដកចោលទៀត។ជួយដោះស្រាយឲ្យអ៊ំផង អ៊ំមានតែប៉ុណ្ណឹងទេ។ដីនេះ អ៊ំអត់បានធ្វើពីរបីឆ្នាំហើយ វាដុះដើមឈើតូចនោះ គេថា ជាព្រៃតែម្ដងទៅ»។
ប្រហាក់ប្រហែលគ្នានេះដែរ បុរសអ្នកភូមិឈ្មោះ ប៊ី ប៊ន បានឲ្យដឹងថា ដីគាត់ទាំង ២ កន្លែង ដែលគាត់បានបង្កបង្កើនផលតាំងពីឆ្នាំ ១៩៩៨ មកនោះ ក៏ត្រូវបានក្រុមហ៊ុន អ៊ឹម.ឌី.អែស រំលោភយកដែរ។ អ្នកភូមិរូបនេះអំពាវនាវឲ្យប្រមុខរដ្ឋាភិបាលជួយដោះស្រាយរកយុត្តិធម៌ដល់រូបគាត់ និងអ្នកភូមិថ្មដាឯទៀត។
លោក ប៊ី ប៊ន៖ «មេភូមិមេឃុំឲ្យប្រជាពលរដ្ឋទៅត្រាយព្រំដី ដើម្បីវាស់វែងពេលក្រុមការងារសម្ដេចមកវាស់វែងនោះ ដល់ពេលប្រជាពលរដ្ឋទៅធ្វើ ស្រាប់តែខាងបរិស្ថាន និងក្រុមហ៊ុនទៅឃាត់។ តែកាលពីថ្ងៃទី១៤ មិថុនា ខ្ញុំឮសម្ដេចប្រកាសថា ដីដែលប៉ះពាល់របស់ប្រជាពលរដ្ឋ គឺប្រគល់ឲ្យប្រជាពលរដ្ឋវិញ។ តែខាងបរិស្ថានថា ចាំដោះស្រាយជាមួយក្រុមហ៊ុនវិញ។ ពួកខ្ញុំមិនចង់ដោះស្រាយជាមួយក្រុមហ៊ុនទេ»។
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ្នកភូមិ តំណាងក្រុមហ៊ុន អ៊ឹម.ឌី.អែស ឈ្មោះ ពៅ បានពន្យល់ថា បញ្ហានេះមិនមានការពាក់ព័ន្ធជាមួយក្រុមហ៊ុនទេ។ លោកថា អ្នកភូមិអះអាងថា ជាដីរបស់គាត់ តែភាពជាក់ស្ដែងបង្ហាញថា ជាដីព្រៃស្រោង។ ពួកគាត់ទៅកាប់ហើយផ្នែកជំនាញបរិស្ថានបានឃាត់ពួកគាត់ ពុំមែនក្រុមហ៊ុនរារាំងពួកគាត់នោះឡើយ។
បុរសឈ្មោះ មាស សារិន អាយុ ៤៩ ឆ្នាំ ដែលត្រូវបានផ្នែកជំនាញបរិស្ថានចាប់បានក្នុងពេលដែលគាត់កំពុងកាប់ព្រៃនោះ បានទទួលស្គាល់ថា ដីកន្លែងដែលគាត់កាប់នោះ គឺជាដីព្រៃគេបោះបង់ចោលយូរឆ្នាំ។
លោក មាស សារិន៖ «ខ្ញុំអត់ការងារធ្វើ។ គេជួលឲ្យទៅកាប់ព្រៃរកលុយចិញ្ចឹមកូន។ឈ្មោះ គង់ គាត់ជួលឲ្យខ្ញុំកាប់។ ខ្ញុំមានគ្នា ៦ នាក់ ទើបតែកាប់បាន ២ ថ្ងៃ ខាងបរិស្ថានមកចាប់ខ្ញុំតែម្ដង»។
ទោះជាយ៉ាងនេះក្ដី អាជ្ញាធរដែនដីបានឲ្យដឹងថា ការតវ៉ារបស់ប្រជាពលរដ្ឋមានការពិតខ្លះ។តែមិនដូចការអះអាងរបស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ។ មេឃុំថ្មដាលោក ព្រុំ ង៉ុន មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្លះបានចង្អុលព្រំដីរបស់ខ្លួនលើសពីការពិត។ លោកថា អាជ្ញាធរជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ ដើម្បីបំបាត់ជម្លោះដីធ្លីនៅមូលដ្ឋានឃុំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។