ហ្វេសប៊ុក​របស់​មេ​ឃុំ​មក​ពី​បក្ស​សមរង្ស៊ី​ខេត្ត​រតនគិរី​ត្រូវ​គេ​លួច​បង្ហោះ​សារ​ឃោសនា​បោះឆ្នោត

ដោយ រដ្ឋា វិសាល
2017.05.19
ហ្វេសប៊ុក​ រម៉ាម យួត ​៨៥៥ រូបថត​មេ​ឃុំ​ប៉ាតេ គណបក្ស សម រង្ស៊ី លោក រម៉ាម យួត ថត​ជាមួយ​បេក្ខជន​លេខ​រៀង​ទី​​មួយ​នៃ​គណបក្ស​ប្រជាជន លោក ឆាយ ធី ត្រូវ​បាន​គេ​បង្ហោះ​ជាមួយ​សារ នៅ​ក្នុង​ហ្វេសប៊ុក​លោក រម៉ាម យួត កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៧។
Photo: RFA

នៅ​មុន​ពេល​ពីរ​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​​សង្កាត់ អាណត្តិ​ទី​៤ គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​មេ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៃ​គណបក្ស សម រង្ស៊ី បាន​បង្ហោះ​សារ​បញ្ចេញ​មតិ​មាន​ន័យ​បែប​ឃោសនា​បោះឆ្នោត​ដែល​ទំនង​អ្នក​បង្ហោះ​មាន​គោលដៅ​ឲ្យ​អ្នក​បោះឆ្នោត​គាំទ្រ​អតីត​សកម្មជន​សិទ្ធិមនុស្ស​អាដហុក (ADHOC) ដែល​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ប៉ាតេ​នោះ។

សារ​មាន​ន័យ​ថា "បោះឆ្នោត​ខាង​មុខ​នេះ​មិន​ប្រកាន់​បក្ស​ណា​ទេ សំខាន់​មើល​អ្នក​មាន​សមត្ថភាព និង​ចំណេះ​ដឹង" រួម​ទាំង​រូបថត​មេ​ឃុំ​ប៉ាតេ នៃ​គណបក្ស សម រង្ស៊ី ថត​រួម​គ្នា​ជាមួយ​បេក្ខជន​លេខ​រៀង​ទី​​មួយ​នៃ​គណបក្ស​ប្រជាជន និង​ជា​អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក ខេត្ត​រតនគិរី ត្រូវ​បាន​គេ​​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក របស់​មេ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។

​មេ​ឃុំ​ប៉ាតេ លោក រម៉ាម យួត ទទួល​ស្គាល់​ថា លោក​បាន​ឃើញ​សារ និង​រូបថត​បង្ហោះ​ក្នុង​ហ្វេសប៊ុក របស់​លោក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ក៏ប៉ុន្តែ​លោក​បដិសេធ​ថា សារ​និង​រូបថត​នោះ​លោក​មិន​បាន​បង្ហោះ​ទេ ពីព្រោះ​លោក​មិន​ចេះ​របៀប​សរសេរ និង​បង្ហោះ​សារ​នោះ​ឡើយ។

ទោះបីជា​យ៉ាង​នេះ​ក្ដី ​លោក​គាំទ្រ​ទស្សនៈ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ទៅ​ឲ្យ​បេក្ខជន​មាន​សមត្ថភាព និង​ចំណេះដឹង​ ឲ្យ​ក្លាយ​ជា​មេ​ឃុំ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​មេ​ឃុំ​អាណត្តិ​ទី​៤​នេះ៖ «គេ​យក​ទូរស័ព្ទ​ខ្ញុំ​បង្ហោះ ដូច​ខ្ញុំ​ថា ស្រឡាញ់​អ្នក​ណា​ខ្ញុំ​បោះ​ឲ្យ​អ្នក​នោះ មិន​ថា​គណបក្ស​ណា​ទេ»

ការ​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​របស់​មេ​ឃុំ​នេះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា អ្នក​បង្ហោះ​មាន​ចេតនា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ទៅ​ឲ្យ​លោក ឆាយ ធី ដែល​បាន​បោះបង់​អាជីព​ជា​មន្ត្រី​សិទ្ធិមនុស្ស​មក​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​មេ​ឃុំ​ប៉ាតេ អាណត្តិ​ទី​៤​នេះ។ បន្ទាប់​ពី​បង្ហោះ​សារ​នេះ មាន​ម្ចាស់​ហ្វេសប៊ុក​ខ្លះ​សរសេរ​សារ​គាំទ្រ ខ្លះ​ទៀត​បញ្ចេញ​ទស្សនៈ​មាន​ន័យ​ថា "ខ្ញុំ​បោះឆ្នោត​ជូន​បុគ្គល​បម្រើ​រាស្ត្រ​ពិត ជួយ​ប្រជាពលរដ្ឋ​មាន​ទុក្ខ​លំបាក មិន​មែន​បោះឆ្នោត​ឲ្យ​បក្ស​ទេ ​គឺ​បុគ្គល​ល្អ"។

ទាក់ទិន​ការ​បញ្ចេញ​សារ​នេះ បេសកជន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​រតនគិរី លោក សោម ប៊ុនថុក បញ្ជាក់​ថា នេះ​ជា​សិទ្ធិ​របស់​បុគ្គល មិន​ទាក់ទិន​គោលនយោបាយ​បក្ស​នោះ​ទេ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​រួច​រាល់​ហើយ​នូវ​យុទ្ធសាស្ត្រ​ឃោសនា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពេញ​ចិត្ត​បោះឆ្នោត​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ៖ «អត់​មាន​ផល​ប៉ះពាល់​អ្វី​ទេ ពីព្រោះ​យើង​បាន​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ទទួល​យក​ផ្លូវ​ការ​ហើយ»

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប បាន​កំណត់​ពេល​ឲ្យ​គណបក្ស​នយោបាយ​ដែល​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ បើក​យុទ្ធនាការ​ឃោសនា​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។

​លេខា​អង្គការ​ខុមហ្វ្រែល ខេត្ត​រតនគិរី លោក ជួន ភីនដារ៉ា កត់សំគាល់​ថា ការ​លួច​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម​របស់​មេ​ឃុំ ហើយ​បង្ហោះ​សារ​នយោបាយ​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។ លោក​ថា នេះ​ជា​ការ​បញ្ចេញ​មតិ​បំពាន​ទៅ​លើ​សិទ្ធិ​អ្នក​ដទៃ៖ «ប៉ះពាល់​សិទ្ធិ​បុគ្គល​ដែល​គាត់​អត់​ដឹង​ស្អី​សោះ ត្រូវ​បាន​គេ​លាប​ពណ៌​ដាក់​អ៊ីចឹង ឃើញ​ថា ស្ថានភាព​ហ្នឹង​មិន​ល្អ​សម្រាប់​បុគ្គល​ហ្នឹង»

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី អំពាវនាវ​រួច​ហើយ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់ អនុវត្ត​តាម​បទបញ្ជា និង​នីតិវិធី​ទាក់ទិន​ការ​ឃោសនា​បោះ​ឆ្នោត​ឲ្យ​ត្រឹមត្រូវ ដើម្បី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ដែល​ប្រព្រឹត្ត​​ទៅ​ក្នុង​​បរិយាកាស​ត្រឹមត្រូវ និង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។