ផ្នែកធំនៃជំងឺបេះដូងនេះ គឺគ្មានការព្យាបាលដោយប្រើថ្នាំ ដោយមិនវះកាត់នោះទេ។ ជាងនេះទៅទៀត ពួកគេត្រូវចំណាយពេលយូរក្នុងការព្យាបាល។ បញ្ហានេះបានជំរុញឲ្យអង្គការបារាំង មួយ ដែលមានឈ្មោះថា ឡាហ្ស៊ិន ដឺឡេះស្ព័រ (La Chaîne de l'Espoir) និងអង្គការស៊ីប៉ា (Sipar) បានសហការគ្នាបង្កើតកម្មវិធីអប់រំសម្រាប់កុមារក្នុងមន្ទីរពេទ្យបេះដូង។
ក្រុមកុមារដែលទៅព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត្រ ត្រូវបានអង្គការមនុស្សធម៌ផ្ដល់សម្ភារៈសិក្សា និងបង្ហាត់បង្រៀនអក្សរក្នុងកំឡុងពេលពួកគេសម្រាកព្យាបាលជំងឺ ក្រោមគម្រោងមួយដែលមានឈ្មោះថា រៀនក្នុងមន្ទីរពេទ្យ។
នាយកអង្គការស៊ីប៉ា លោក ហុក សុទ្ធិ មានប្រសាសន៍នៅថ្ងៃទី៦ ធ្នូ ថា នេះគឺជាគម្រោងថ្មីមួយផ្ដួចផ្ដើមគំនិតដោយអង្គការបារាំង ដែលមានឈ្មោះថា ឡាហ្ស៊ិន ដឺឡេះស្ព័រ បានសហការគ្នានឹងអង្គការស៊ីប៉ា ក្រោមការឧបត្ថម្ភពីមូលនិធិកូម៉ូ (Cuomo) ដែលជាអ្នកផ្ដល់អំណោយដ៏ធំនៃមន្ទីរពេទ្យបេះដូងកុមារ។
លោកថា គម្រោងនេះមានបំណងជួយដល់កុមារដែលបានជាសះស្បើយពីជំងឺ ឲ្យបានចូលរៀននៅតាមសាលារៀនរបស់ពួកគេវិញ ព្រមទាំងមានការជួយជាសម្ភារៈសិស្ស ការរៀនមុខវិជ្ជាអក្សរខ្មែរ និងមុខវិជ្ជាគណិតវិទ្យា និងការលេងល្បែងកម្សាន្តនៅក្នុងពេលដែលពួកគេកំពុងតែទទួលការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
លោកថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធគម្រោងឈ្មោះថា រៀនក្នុងមន្ទីរពេទ្យ នៅអាគារកុមារផ្នែកជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២។
គ្រូពេទ្យឯកទេសជំងឺបេះដូង និងសង្គ្រោះបន្ទាន់ នៅអាគារកុមារនៃមន្ទីរពេទ្យកាល់ម៉ែត្រ វេជ្ជបណ្ឌិត សុខ ផាង បានសាទរចំពោះគម្រោងកម្មវិធីនេះ។ លោកបានឲ្យតម្លៃចំពោះកម្មវិធីនេះថា ជាគំនិតផ្ដួចផ្ដើមដ៏ល្អមួយ និងជាឱកាសបន្លំទុក្ខកង្វល់របស់កុមារដែលកំពុងភ័យតក់ស្លុតនឹងការព្យាបាលវះកាត់បេះដូងនៅក្នុងមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត សុខ ផាង បានឲ្យដឹងថា មានកុមារចំនួនពី ១៥នាក់ ទៅ ២០នាក់ ដែលបានទទួលការវះកាត់ជារាល់ខែ។
អាណាព្យាបាលកុមារដែលនាំយកកូនមកព្យាបាលជំងឺបេះដូង ក៏បានត្រេកអរដែលបង្កើតឲ្យមានកម្មវិធីនេះដែរ។
ពលរដ្ឋមកពីខេត្តព្រៃវែង គឺអ្នកស្រី ឯម សៀកនី ដែលមានកូនប្រុសអាយុ ៦ឆ្នាំ កើតជំងឺបេះដូងចំហ បានថ្លែងថា អ្នកស្រីមានសេចក្ដីត្រេកអរជាពន់ពេកចំពោះអង្គការមនុស្សធម៌នេះដែលបានជួយសង្គ្រោះជីវិតកូនគាត់ ហើយគាត់ត្រូវសម្រាកចំនួនមួយសប្ដាហ៍សម្រាប់រង់ចាំការវះកាត់របស់កូន។
ចំណែកពលរដ្ឋម្នាក់ទៀតមកពីខេត្តតាកែវ គឺអ្នកស្រី ងៀប គឹមហេង បានថ្លែងថា កូនស្រីរបស់គាត់មានអាយុ ៤ឆ្នាំមានជំងឺប្រហោងសន្ទះបេះដូង។
ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន មន្ទីរពេទ្យកាល់ម៉ែត្រ ក្រោមជំនួយរបស់អង្គការឡាហ្ស៊ិន ដឺឡេះស្ព័រ បានវះកាត់កុមារដែលមានជំងឺបេះដូងបានជោគជ័យចំនួន ២.២០០នាក់ ហើយនឹងមានអ្នកជំងឺដែលកំពុងរង់ចាំវះកាត់ជាង ២.០០០នាក់ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។