សមាសភាពមន្ត្រីទាំងនោះរួមមាន ជនស៊ីវិល ប៉ូលិស យោធា ដែលអាចផ្តល់ព័ត៌មានស្ដីពីជម្លោះព្រំដែនរបស់ភាគីថៃ។ គម្រោងរបស់រដ្ឋាភិបាលថៃ ធ្វើឡើងនៅមុនពេលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គ្រោងនឹងបើកសវនាការលើបណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជា នៅខែមេសា ឆ្នាំ២០១៣ ខាងមុខ ស្ដីពីសាលដីកាតុលាការកាលពីឆ្នាំ១៩៦២ ដែលបានសម្រេចថា ប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ ស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា ប៉ុន្តែភាគីថៃ បានបកស្រាយផ្ទុយពីនេះ។ រដ្ឋាភិបាលថៃ បានសម្ដែងក្តីកង្វល់ថា សាលដីកានៅខែមេសា នេះ នឹងបណ្ដាលឲ្យមានការតវ៉ាពីមហាជនថៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យពលរដ្ឋខ្មែរ និងថៃ រស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរឲ្យចេះរាប់អានគ្នា រក្សាមិត្តភាព សហការ និងអភិវឌ្ឍន៍។ លោក ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរខ្មែរ និងថៃ បង្កើនមិត្តភាពល្អសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរកុំឲ្យព្រួយបារម្ភពីការផ្ទុះអាវុធបណ្ដាលមកពីបញ្ហាព្រំដែន។ យោធាខ្មែរ និងថៃ ធ្លាប់បានផ្ទុះអាវុធដាក់គ្នាបណ្ដាលមកពីជម្លោះព្រំដែនក្បែរតំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៨។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានព្រមានអាជ្ញាធរថៃ កុំឲ្យបិទច្រកព្រំដែនញឹកញាប់ជាឯកតោភាគី។ លោកបន្តថា ប្រសិនបើថៃ បិទច្រកព្រំដែន កម្ពុជា ក៏នឹងបិទផងដែរ ប៉ុន្តែថៃ នឹងខាតបង់ច្រើនជាងកម្ពុជា ពីព្រោះថៃ នាំទំនិញមកកម្ពុជា ច្រើន បើគិតជាទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។