បញ្ហានេះ បានធ្វើឲ្យក្រុមអ្នកភូមិមានការព្រួយបារម្ភ ហើយអំពាវនាវសុំឲ្យអាជ្ញាធរខេត្ត និងរដ្ឋាភិបាលជួយអន្តរាគមន៍ជួយដោះស្រាយរកប្រភពទឹក ដើម្បីជួយសង្គ្រោះឡើងវិញ។
លោក អឿន សុវណ្ណ ជាកសិករនៅឃុំជ្រោយស្ដៅ បានឲ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ ថា ស្រូវប្រាំងជាច្រើនពាន់ហិកតារ កំពុងក្រៀមស្វិត ដោយសារពុំមានទឹកស្រោចស្រព៖ «ខ្ញុំសុំឲ្យសម្ដេចនាយកជួយសង្គ្រោះប្រជាពលរដ្ឋបានរស់មួយពេល ព្រោះឥឡូវនេះ មួយអាទិត្យ ឬពីរអាទិត្យទៀត ស្រូវនឹងងាប់អស់ហើយ ខាងក្រសួងធនធានទឹកគេអត់បានជួយអន្តរាគមន៍ ខាងភូមិឃុំស្រុក គេមិនបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋសោះ។ ខាងស្រុក ក៏គេមិនសូវជួយអន្តរាគមន៍។ យើងជំពាក់គេថ្លៃជីថ្លៃ ដើមទុន យើងនិយាយតាំងពីថ្លៃសាំងថ្លៃអី។ យើងខ្ចីគេយកមកធ្វើ ហើយពេលឥឡូវ ស្រូវមិនកើតអ៊ីចឹង បើគេធ្វើអ៊ីចឹងឲ្យប្រជាពលរដ្ឋគិតម៉េច»។
កសិករម្នាក់ទៀតឈ្មោះ ជួប ស បានថ្លែងថា ការខ្វះខាតទឹកធ្វើស្រែបានចាប់ផ្ដើមតាំងពីដើមខែធ្នូ ឆ្នាំ២០១២។ មានអ្នកខ្លះបានឈ្លោះរកកាប់ចាក់ ដោយសារការដណ្ដើមទឹកគ្នា និងអ្នកខ្លះទៀតរកចងកសម្លាប់ខ្លួន ដោយសារពុំមានទឹកបូមដាក់ស្រែ៖ «កសិករវេទនា យើងដោះស្រាយមិនបានវគ្គនេះទេ ចប់ហើយ។ ឃុំបឹងព្រីង និងឃុំជ្រោយស្ដៅ ស្ថានភាពស្រូវខ្លះមានដង្ហើម ខ្លះអត់ដង្ហើម ក្រហមអស់ហើយ នៅតែពេលងាប់អត់មានទឹក ព្រោះវាលើកទី៣ ហើយ។ លើកទី១ ទឹកលិច លើកទី២ វគ្គមុន ស្កក លើកទី៣ អត់ទឹក។ ឥឡូវវគ្គនេះ គាត់ព្រោះហ្នឹងសង្ឃឹមប្រឡាយហ្នឹងឯង ដល់ទឹកប្រឡាយមានដែរ អាចស្រោចស្រពបានស្រែនៅជាប់ប្រឡាយ»។
ក្រុមអ្នកភូមិបានឲ្យដឹងថា ប្រភពទឹកអាចទាញមកពីស្រុកបវេល ប៉ុន្តែទឹកនោះគេអត់បើកបង្ហូរឲ្យ។ ពួកគាត់ចង់បានទឹកស្រោចស្រពស្រែប្រាំងដែលកំពុងក្រៀមស្វិតរាប់ពាន់ហិកតារ។ ទន្ទឹមគ្នានេះ ពួកគាត់ទទូចសុំឲ្យអាជ្ញាធរខេត្ត និងរដ្ឋាភិបាល ជួយអន្តរាគមន៍។ បើមិនដូច្នេះទេ ស្រូវនោះនឹងខូចខាត ហើយប្រជាកសិករនឹងជួបបញ្ហាលំបាកក្នុងជីវភាពប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។