អាដហុក​ថា តុលាការ​ខេត្ត​បាត់ដំបង អនុវត្ត​ផ្ទុយ​ពី​នីតិវិធី​ច្បាប់

ជន​ជាប់​សង្ស័យ​៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា ពួក​គេ​ពុំ​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្លាំង​មាន​សមត្ថកិច្ច ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។
ដោយ សួន សុផលមុន្នី
2012-07-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ សមត្ថកិច្ច​ចាប់​ ៣០៥
ពលរដ្ឋ ៤​នាក់​ក្នុង​ចំណោម ៦​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៨ កក្កដា ឆ្នាំ​២០១២។
Adhoc

សមត្ថកិច្ច​ចម្រុះ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា បាន​ចាប់​ប្រជាពលរដ្ឋ​៦​នាក់ ក្នុង​នោះ​មាន​បី​នាក់​ត្រូវ​ចាប់​ខ្លួន​តាម​ដីកា និង​បី​នាក់​ទៀត ត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា។

សមាគម អាដហុក (Adhoc) បាន​ស្នើ​សុំ​តំណាង​អយ្យកា​សាលា​ដំបូង​ខេត្ត​បាត់ដំបង បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី លើ​ករណី​ជន​ជាប់​សង្ស័យ​៥​នាក់ ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង។ សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សមាគម​រក​ឃើញ​ថា ប្រតិបត្តិការ​ដែល​កង​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ចាប់​ជន​សង្ស័យ និង​បទ​ចោទ​ប្រកាន់​របស់​តុលាការ​បាន​អនុវត្ត​ផ្ទុយ​ពី​នីតិវិធី​ច្បាប់។

លោក យិន ម៉េងលី ប្រធាន​សម្រប​សម្រួល​អង្គការ អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង ថ្លែង​ថា នៅ​ក្នុង​ប្រតិបត្តិការ​ចាប់​ជន​សង្ស័យ សមត្ថកិច្ច​បាន​ចាប់​មនុស្ស​ពីរ​ក្រុម​ដាច់​ដោយ​ឡែក​ពី​គ្នា។ ក្រុម​ទី១ មាន​ជន​សង្ស័យ​៤​នាក់ ប៉ុន្តែ​ជន​សង្ស័យ​បី​នាក់​ត្រូវ​បាន​សមត្ថកិច្ច​វ៉ៃ​ទាំង​ដៃ​ជាប់​ខ្នោះ។ ចំណែក​ក្រុម​ទី​២ មាន​ជន​សង្ស័យ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​នៅ​កន្លែង​ផ្សេង​ពី​គ្នា។

លោក យិន ម៉េងលី៖ «អញ្ចឹង ស្ថានភាព​ការ​វ៉ៃ​នេះ មិន​មែន​ជា​ការ​វ៉ៃ​ត​ដៃ​ទេ ព្រោះ​ជន​សង្ស័យ​ទាំង​អស់​ត្រូវ​បាន​ដាក់​ខ្នោះ​ដៃ ដូច​ជា​ឈ្មោះ ឃឿន សារ៉េត ដាក់​ខ្នោះ​ដៃ ហើយ​បាន​វ៉ៃ ចំណែក​ឈ្មោះ ឈួយ ស៊ើន គឺ​ដាក់​ខ្នោះ​ដៃ ហើយ​បាន​វ៉ៃ។ អញ្ចឹង​ឈ្មោះ ឈួយ ស៊ើន មាន​ស្លាក​ស្នាម​ជាំ​នៅ​ភ្នែក​ខាង​ឆ្វេង និង​មាន​ការ​ឈឺ​នៅ​លើ​ដើម​ទ្រូង។ អញ្ចឹង​យើង​ឃើញ​ថា អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​លោក សៀក ភា ដែល​ជា​អធិការ​នគរបាល​ស្រុក​គាស់ក្រឡ ពាក់​ព័ន្ធ​ទៅ​នឹង​លោក ថន ជា​នគរបាល​ប៉ុស្តិ៍​ឃុំ​ដូនបា ក្នុង​ការ​វាយ​ទៅ​លើ​ជន​ជាប់​សង្ស័យ​នេះ»

លោក យិន ម៉េងលី ថ្លែង​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​ខុស​គោលការណ៍​ច្បាប់។ ជន​សង្ស័យ​មិន​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ដីកា​ចាប់​ខ្លួន​ទេ។ ការ​ចុះ​ទៅ​ព័ន្ធ​ចាប់​ជន​សង្ស័យ​នៅ​ទី​ស្ងាត់ សមត្ថកិច្ច​មាន​ឯក​សណ្ឋាន​ស៊ីវិល ធ្វើ​ឲ្យ​ជន​សង្ស័យ​ពុំ​ដឹង​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន។ ជាក់​ស្ដែង ជន​សង្ស័យ​ម្នាក់​បាន​រត់​គេច​ខ្លួន តែ​សមត្ថកិច្ច​ដក​កាំ​ភ្លើង​ខ្លី​គំរាម​បាញ់។ ជន​សង្ស័យ​បាន​ស្រែក​ប្រាប់​ថា កុំ​វ៉ៃ​ខ្ញុំ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ចាប់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា លោក​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​មនុស្ស​តែ​បី​នាក់ ចូល​ខ្លួន​មក​តុលាការ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត ស្រាប់​តែ​មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ចូល​ទៅ​ជួយ ទើប​មាន​ការ​ឃាត់​ខ្លួន​ច្រើន​នាក់​ដូច្នេះ។

ទាក់​ទិន​ករណី​នេះ លោក យិន ម៉េងលី បាន​សុំ​ឲ្យ​តំណាង​អយ្យកា​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ តាម​គោលការណ៍​ច្បាប់។ ព្រះរាជអាជ្ញា​ជា​ដើម​បណ្ដឹង ជា​តំណាង​របស់​រដ្ឋាភិបាល និង​ជា​អ្នក​ការពារ​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់៖ «អញ្ចឹង យើង​ឆ្ងល់​ថា ហេតុ​អី បាន​ជា​ជន​សង្ស័យ​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា ដែល​មាន​ស្លាក​ស្នាម​ជាប់​បែក​អញ្ចឹង ហេតុ​អី​បាន​លោក​ព្រះរាជអាជ្ញា​មិន​សាក​សួរ​ថា ហេតុ​អី​បាន​អញ្ចឹង លោក​មាន​សិទ្ធិ​មួយ​ដែល​ច្បាប់​ប្រគល់​ឲ្យ»

ករណី​ជន​ជាប់​សង្ស័យ​ទាំង​៥​នាក់ សមាគម អាដហុក បាន​ចេញ​មុខ​ទទួល​ការពារ​ក្ដី លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក និង​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​សមត្ថកិច្ច។

មេធាវី​សមាគម អាដហុក លោក ជា តារា បាន​ថ្លែង​ថា មាន​ជន​សង្ស័យ​៥​នាក់​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង។ ពួក​គេ​បាន​សុំ​ឲ្យ​លោក​ជួយ​ការពារ​ក្ដី។ លោក​នឹង​ដាក់​ពាក្យ​ទទួល​ការពារ​លើ​ករណី​នេះ ទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​កក្កដា៖ «ចំពោះ​កូន​ក្តី​ខ្ញុំ​ទាំង​៥​រូប បន្ទាប់​ពី​ការ​ពិនិត្យ​ឃើញ និង​សាកសួរ គឺ​ខ្ញុំ​យល់​ឃើញ​ថា កូន​ក្ដី​ខ្ញុំ​មិន​បាន​ទទួល​រង​នូវ​ការ​ប្រព្រឹត្តិ​ដូច​អ្វី​ដែល​តំណាង​អយ្យកា​ធ្វើ​ការ​ចោទ​ប្រកាន់។ ហើយ​ការ​សម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ ហាក់​ដូច​ជា​មិន​ទាន់​មាន​មូលដ្ឋាន​ណា​មួយ បញ្ជាក់​អំពី​មូលហេតុ​ត្រឹមត្រូវ​សម្រាប់​ធ្វើ​ការ​ឃុំ​ខ្លួន​កូន​ក្ដី​ខ្ញុំ​ទេ»

ក្រុម​អ្នក​ភូមិ​ជា​ច្រើន នៅ​តែ​បន្ត​លើក​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​អគារ​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​ទាម​ទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​៥​នាក់​នោះ រួច​ផុត​ពី​បទ​ចោទ​ប្រកាន់។ ពួក​គាត់​អះអាង​ថា រឿង​លក់​ទិញ​ដី នៅ​តំបន់​ទំនាស់​នោះ បង្ក​ឡើង​ដោយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា តំណាង​អយ្យកា​សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​ចោទ​ជន​ជាប់​សង្ស័យ​៥​នាក់ ពី​បទ​ឆបោក និង​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​សមត្ថកិច្ច។ ក្រោយ​មក ចៅក្រម​ស៊ើបសួរ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន។ អ្នក​ភូមិ​ទាំង​នោះ មាន​ឈ្មោះ សើរ សាមេន ឃឿន សារ៉េត យឹម វិរៈ ឌី សាវុធ និង​ឈួយ ស៊ើន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​កក្កដា នៅ​ជិត​ទី​តាំង​ដី​មាន​ទំនាស់​នៅ​ក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។ ជន​ជាប់​សង្ស័យ​ទាំង​៥​នាក់ បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

that's crazy!no justice at all.what kind of law was it?

Jul 24, 2012 06:26 PM