បទ​វិភាគ៖ សិទ្ធិ​ឯកជន​ត្រូវ​បាន​បំពាន​ដោយ​ការ​លួច​ថត​សំឡេង​និង​ទម្លាយ​ជា​សាធារណៈ

ជីវភាព​ឯកជន និង​ការ​និយាយ​ឆ្លើយ​ឆ្លង​ជា​សម្ងាត់​របស់​ពលរដ្ឋ​កម្ពុជា នា​ពេល​បច្ចុប្បន្ន កំពុង​រង​ការ​គំរាម​កំហែង បន្ទាប់​ពី​មាន​ការ​ចាក់​ផ្សាយ​នូវ​ខ្សែ​អាត់​កិច្ច​សន្ទនា​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ត្រី​កំណាន់​ចិត្ត​របស់​លោក​ជា​ហូរហែ ដែល​មក​ដល់​ពេល​នេះ​មាន​ជាង ៣០​ភាគ​ហើយ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ជីវភាព​ឯកជន និង​ការ​និយាយ​ឆ្លើយ​ឆ្លង​ជា​សម្ងាត់​របស់​ពលរដ្ឋ​កម្ពុជា នា​ពេល​បច្ចុប្បន្ន កំពុង​រង​ការ​គំរាម​កំហែង បន្ទាប់​ពី​មាន​ការ​ចាក់​ផ្សាយ​នូវ​ខ្សែ​អាត់​កិច្ច​សន្ទនា​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ត្រី​កំណាន់​ចិត្ត​របស់​លោក​ជា​ហូរហែ ដែល​មក​ដល់​ពេល​នេះ​មាន​ជាង ៣០​ភាគ​ហើយ។

មាន​ចម្ងល់​ជាច្រើន​លើក​ឡើង​ថា តើ​អ្នក​លប​ថត​សំឡេង​សន្ទនា​ឯកជន​របស់​អ្នក​ដទៃ និង​អ្នក​យក​សំឡេង​ថត​នោះ​ទៅ​ផ្សព្វផ្សាយ ខុស​ច្បាប់​ឬ​ទេ? ហើយ​មាន​ផល​វិបាក​អ្វី​ខ្លះ​ដល់​សង្គម​កម្ពុជា?

បើ​និយាយ​ពី​បទល្មើស​ជាក់ស្តែង គឺ​មិន​មែន​ពាក្យ​សម្ដី​ឃោសនា​សន្យា​លុប​បំណុល​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ឈ្នះ​ឆ្នោត ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ត្រូវ​ចាប់​ខ្លួន​អ្នក​ឃោសនា​នោះ​នៅ​នឹង​កន្លែង​នោះ​ទេ។ បើ​តាម​អ្នក​ច្បាប់ បទល្មើស​ជាក់ស្តែង​ដែល​កំពុង​កើត​មាន​សព្វថ្ងៃ​នេះ គឺ​សកម្មភាព​យក​សំឡេង​សន្ទនា​ឆ្លើយ​ឆ្លង​ផ្ទាល់​ខ្លួន​តាម​ទូរស័ព្ទ​របស់​អ្នក​ដទៃ មក​ចាក់​ផ្សាយ​ទម្លាយ​រឿង​ឯកជន​របស់​គេ​ទៅ​វិញ​ទេ។

មាន​ច្បាប់​ជាតិ​យ៉ាង​ហោច​ណាស់​ចំនួន​៣ ដែល​ហាម​ឃាត់​ការ​លប​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​អ្នក​ដទៃ។

ទី​១ គឺ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស។ មាត្រា​៤០ មិន​ត្រឹម​តែ​ការពារ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប​ពី​ការ​លប​ថត​សំឡេង​និយាយ​សន្ទនា​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធានា​ការពារ​អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព ទូរគមនាគមន៍​របស់​គាត់​ទៀត​ផង។

រីឯ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទាំង​អ្នក​លប​ថត​សំឡេង​គេ ទាំង​អ្នក​យក​សំឡេង​លប​ថត​នោះ​ទៅ​ផ្សព្វផ្សាយ ត្រូវ​មាន​ទោស​ស្មើ​គ្នា។

មាត្រា​៩៧ ចែង​ថា «ការ​លប​ស្តាប់ ឬ​ការ​លប​ថត​ការ​សន្ទនា​ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍ ដោយ​បុគ្គល​ដែល​ពុំ​មែន​ជា​ភាគី​នៃ​ការ​សន្ទនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ទទួល​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ២​លាន​រៀល។ បញ្ញត្តិ​កថាខណ្ឌ​ទី​១ ខាង​លើ​នេះ មិន​ត្រូវ​យក​មក​អនុវត្ត​ទេ ក្នុង​ករណី​ដែល​ការ​ស្តាប់ ឬ​ការ​ថត​ការ​សន្ទនា​នោះ ធ្វើ​ឡើង​ដោយ​មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ ឬ​ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ធម្មានុរូប»

ចំណែក​អ្នក​យក​សំឡេង​លប​ថត​នោះ​ទៅ​ផ្សព្វផ្សាយ ក៏​មាន​ទោស​ជាប់​ពន្ធនាគារ​ដែរ។ មាត្រា​៩៧ នៃ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ដដែល​ចែង​ថា «ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​ចំពោះ​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​ការ​សន្ទនា ដោយ​ពុំ​បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ពី​ភាគី​នៃ​ការ​សន្ទនា ឬ​ពី​អាជ្ញាធរ​ធម្មានុរូប ឬ​ពី​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន»

រហូត​មក​ដល់​ពេល​នេះ គេ​បាន​ដឹង​ត្រឹម​ឈ្មោះ​អ្នក​ស្ព័នសឺរ (Sponsor) គឺ «រឿង​ពិត​របស់ CNRP» ដែល​ជា​អ្នក​យក​សំឡេង​សន្ទនា​ដែល​គេ​សន្មត​ថា​ជា​សំឡេង​របស់ លោក កឹម សុខា ជាមួយ​ស្ត្រី​កំណាន់​ចិត្ត ដាក់​បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​ភ្លាមៗ​ដោយ​សារព័ត៌មាន Fresh News

បើ​ទោះ​បី​ជា​ទិដ្ឋភាព​ច្បាប់​អាច​ផ្ដន្ទាទោស​អ្នក​លប​ថត​សំឡេង និង​ផ្សាយ​សំឡេង​នោះ​ក៏ដោយ គេ​នៅ​ពុំ​ទាន់​ឃើញ​សមត្ថកិច្ច​រដ្ឋាភិបាល មាន​ចំណាត់​ការ​ណា​មួយ​ដើម្បី​បញ្ឈប់​ការ​បង្ហោះ​ផ្សព្វផ្សាយ​កិច្ច​សន្ទនា​នេះ​នៅ​ឡើយ​ទេ។

មក​ដល់​ពេល​នេះ អ្នក ស្ព័នសឺរ (Sponsor) «រឿង​ពិត​របស់ CNRP» បន្ត​បង្ហោះ​ជាង ៣០​ភាគ​ហើយ ហើយ​សារព័ត៌មាន Fresh News ក៏​ផ្សាយ​បន្ត​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​អំពី​ផ្លូវ​ច្បាប់​ដែរ។

ទាំង​អ្នក​ច្បាប់ និង​មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា លោក កឹម សុខា និង​កញ្ញា ខុម ចាន់ដារាទី ព្រម​ទាំង​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​គេ​លប​ថត​សំឡេង​សន្ទនា​យក​ទៅ​ផ្សព្វផ្សាយ​នោះ សុទ្ធសឹងតែ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ខុស​ច្បាប់​ដែល​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ការពារ។

បើ​ទោះ​ខ្លួន​ជា​ជន​រងគ្រោះ​ចាប់​តាំង​ពី​រឿង​អាស្រូវ​នេះ​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេល​នេះ ទាំង លោក កឹម សុខា និង​កញ្ញា ខុម ចាន់ដារាទី ព្រម​ទាំង​អ្នក​ដទៃ​ទៀត​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​អ្នក​លប​ថត​សំឡេង និង​អ្នក​ផ្សព្វផ្សាយ​ទេ។

ទោះ​ជា​យ៉ាង​នោះ​ក្តី មេធាវី នូ ទេព្វពីរិទ្ធ ពន្យល់​ថា ករណី​លួច​ស្តាប់ និង​ថត​សំឡេង​តាម​ទូរស័ព្ទ ហើយ​ផ្សព្វផ្សាយ បើ​ទោះ​បី​ជា​ជន​រងគ្រោះ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក៏ដោយ ក៏​ព្រះរាជអាជ្ញា​ដែល​តំណាង​ឲ្យ​រដ្ឋ ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ចាត់​ការ​លើ​ជន​ល្មើស ពីព្រោះ​វា​ជា​ករណី​ព្រហ្មទណ្ឌ៖ «ពេល​ខ្លះ​ជន​រងគ្រោះ​អត់​អាច​មក​ប្ដឹង​បាន​ទេ ព្រោះ​វា​មាន​បញ្ហា​ច្រើន​ណាស់។ គាត់​ខ្លាច​សព្វ​បែប​យ៉ាង​អី​អ៊ីចឹង​ទៅ ប៉ុន្តែ​អំពើ​ហ្នឹង​សាធារណជន​ដឹង។ ផ្សាយ​ប៉ុន្មាន​ភាគ​ហើយ គឺ​ដឹង​ទាំងអស់​គ្នា​ហ្នឹង​ឯង។ អ៊ីចឹង​ព្រះរាជអាជ្ញា​ដើរ​តួនាទី​ជា​តំណាង​រដ្ឋ ជា​ម្ចាស់​បណ្ដឹង​អាជ្ញា។ គាត់​អាច​ធ្វើ​បណ្ដឹង​បាន ហើយ​បណ្ដឹង​ហ្នឹង​មាន​ច្រើន​ណាស់ ដូចជា​បណ្ដឹង​ទាមទារ បណ្ដឹង​ជួសជុល​ការ​ខូចខាត ហើយ​និង​បណ្ដឹង​បរិហារ។ បណ្ដឹង​បរិហារ គឺ​សំដៅ​ទៅ​លើ​ព្រះរាជអាជ្ញា សំដៅ​ទៅ​លើ​អាជ្ញាធរ​សាធារណៈ ដែល​គាត់​ប្ដឹង​ជួស​ឲ្យ​សង្គម​មួយ​ដែល​រងគ្រោះ ឬ​ជន​ណា​មួយ​ដែល​រងគ្រោះ ហើយ​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ​សន្តិសុខ​បុគ្គល។ ករណី​នេះ គឺ​សន្តិសុខ​បុគ្គល»

ការ​អនុញ្ញាត​ឲ្យ​មាន​ការ​លប​ថត​សំឡេង​សន្ទនា​ឯកជន​របស់​អ្នក​ដទៃ​យក​មក​ផ្សព្វផ្សាយ មិន​ត្រឹម​តែ​បំពាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្ក​ឲ្យ​មាន​ផល​វិបាក​ជាច្រើន​ទៀត​នៅ​ក្នុង​សង្គម​ជាតិ​កម្ពុជា ទាំង​មូល​តែ​ម្តង។

ផល​វិបាក​ទី​១ គឺ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ។ ពួក​គេ​អាច​លែង​មាន​ជំនឿ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​អាច​ធានា​នូវ​ជីវភាព​ឯកជន​របស់​ពួក​គេ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀត​ហើយ។

ផល​វិបាក​ទី​២ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សភាព​ភ័យ​ខ្លាច​ថា ការ​និយាយ​ស្តី​រឿង​ឯកជន​តាម​ទូរស័ព្ទ​រវាង​ក្រុម​គ្រួសារ មិត្តភ័ក្ដិ សង្សារ និង​ការ​ឆ្លើយ​ឆ្លង​អំពី​មុខ​របរ​ជំនួញ និង​បញ្ហា​សុខភាព​ជា​សម្ងាត់​របស់​ពួក​គេ នឹង​ត្រូវ​ជន​ទី​បី​លប​ស្តាប់​ឮ និង​លាត​ត្រដាង។

ផល​វិបាក​ទី​៣ អ្នក​វិនិយោគិន​អាច​នឹង​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការ​ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា នៅ​ពេល​ពួក​គេ​ដឹង​ថា ប្រព័ន្ធ​ទូរស័ព្ទ​ត្រូវ​គេ​លប​ស្តាប់ និង​ថត​សំឡេង​បាន​ដោយ​ងាយៗ​យ៉ាង​ដូច្នេះ។

ផល​វិបាក​ទី​៤ គឺ​ការ​លប​ថត​សំឡេង​គេ​មក​ផ្សព្វផ្សាយ​បែប​នេះ ផ្តល់​គំរូ​អាក្រក់​ដល់​អ្នក​ដទៃ​នៅ​ថ្ងៃ​អនាគត។ ក្នុង​មួយ​ថ្ងៃៗ​ចាប់​ពី​រាស្ត្រ​សាមញ្ញ រហូត​ដល់​នាយក​រដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ សុទ្ធតែ​មាន​ការ​សន្ទនា អាច​ជា​រឿង​សម្ងាត់​ដែល​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ឮ។ ប្រសិន​បើ​មាន​ការ​បើក​ដៃ​អនុញ្ញាត​ឲ្យ​មាន​ការ​ថត​សំឡេង និង​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការ​ផ្ដន្ទាទោស​បែប​នេះ ថ្ងៃ​ណា​មួយ​អាច​នឹង​មាន​ការ​ឡង​បក​អាក្រាត​របៀប​នេះ​មក​អ្នក​កាន់​អំណាច​វិញ ពីព្រោះ​រឿង​សម្ងាត់​របស់​អ្នក​ធំ​ក៏​អាច​លេច​ធ្លាយ​បាន​ដែរ។

ផល​វិបាក​ទី​៥ អាច​កើត​មាន​ចំពោះ​ក្រុមហ៊ុន​ទូរស័ព្ទ។ ប្រជាពលរដ្ឋ​ខ្មែរ ឬ​អតិថិជន អាច​នឹង​ឈប់​ទិញ​សេវា​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ណា​ដែល​គេ​ដឹង​ថា ក្រុមហ៊ុន​នោះ​បាន​ផ្តល់​សំឡេង​សន្ទនា​សម្ងាត់​របស់​ពួក​គេ ទៅ​ឲ្យ​រដ្ឋាភិបាល ឬ​ជន​ទី​៣ ទាំង​បំពាន​ច្បាប់​បែប​នេះ។

នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ការពារ​សិទ្ធិ​ឯកជន និង​ព័ត៌មាន​សម្ងាត់​របស់​អតិថិជន​ខ្លួន ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​អេបភល (Apple) បាន​ជំទាស់​ទៅ​នឹង​ការ​ទាមទារ​របស់​រដ្ឋាភិបាល ដែល​បង្គាប់​ឲ្យ​ក្រុមហ៊ុន Apple បង្កើត​លេខ​កូដ​សម្ងាត់​ដែល​អាច​ឲ្យ​អង្គភាព​ចារកិច្ច អេហ្វ.ប៊ី.អាយ (FBI) អាន់ឡក (Unlock) បើក​លេខ​សម្ងាត់​ដើម្បី​ចូល​ពិនិត្យ​មើល​ទិន្នន័យ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​របស់​ក្រុមហ៊ុន Apple ក្នុង​គោលដៅ​ស្វែងរក​ក្រុម​ភេវរករ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ស្នើសុំ​សេចក្តី​សម្រេច​បង្គាប់​ឲ្យ​ក្រុមហ៊ុន Apple ធ្វើ​តាម​ខ្លួន។

នៅ​ខណៈ​រង់ចាំ​សេចក្តី​សម្រេច​ពី​តុលាការ​សហរដ្ឋ​អាមេរិក ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន Apple បាន​សម្រេច​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ថា ជំហរ​មិន​ធ្វើ​តាម​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល គឺ​ជា​រឿង​ត្រឹមត្រូវ។ ក្រុមហ៊ុន Apple ផ្តល់​ហេតុផល​ថា នៅ​ខណៈ​អង្គភាព​ចារកិច្ច អេហ្វ.ប៊ី.អាយ មាន​បំណង​ល្អ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម ការ​ដែល​ក្រុមហ៊ុន Apple បង្កើត​លេខ​កូដ​ថ្មី​ផ្តល់​ឲ្យ អេហ្វ.ប៊ី.អាយ ធ្វើ​ឲ្យ​ពួក​គេ​អាច​ចូល​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​នោះ វា​នឹង​បង្ក​ផល​វិបាក​ដ៏​គ្រោះថ្នាក់​ពីរ​យ៉ាង។

ទី​១ វា​នឹង​ធ្វើ​ឲ្យ​ផលិតផល​របស់​ក្រុមហ៊ុន Apple ចុះ​ខ្សោយ​ដោយ​ស្វ័យ​ប្រវត្តិ។ ក្រុមហ៊ុន​នឹង​លែង​មាន​លទ្ធភាព​គ្រប់គ្រង​ទិន្នន័យ​របស់​ខ្លួន​ឯង ពេល​នោះ​កិច្ចការ​ឯកជន និង​សុវត្ថិភាព​របស់​ក្រុមហ៊ុន នឹង​ស្ថិត​ក្នុង​ហានិភ័យ។

ហេតុផល​ទី​២ គឺ​វា​នឹង​បង្កើត​ទៅ​ជា​ទម្លាប់​ស្រប​ច្បាប់​មួយ​សម្រាប់​ការ​ពង្រីក​អំណាច​របស់​រដ្ឋាភិបាល ក្នុង​ការ​តាម​ដាន​ពិនិត្យ​ព័ត៌មាន​នៅ​ក្នុង​ទូរស័ព្ទ​ដៃ និង​លប​ស្តាប់​ការ​សន្ទនា​របស់​អតិថិជន ដែល​ជា​រឿង​គ្រោះថ្នាក់​ដ៏​ធំ​មួយ​សម្រាប់​ថ្ងៃ​មុខ។

ងាក​មក​ប្រទេស​កម្ពុជា វិញ កាល​ពី​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០ ពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​កាត់​របប​កុម្មុយនិស្ត​ចំនួន​ពីរ គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម និង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ រដ្ឋាភិបាល​នៃ​របប​ផ្តាច់​ការ​ទាំង​ពីរ​នេះ បាន​ប្រើប្រាស់​ឧបករណ៍​រដ្ឋ មាន​ប៉ូលិស តុលាការ និង​ពន្ធនាគារ ជា​អាវុធ​ដើម្បី​គាប​សង្កត់ និង​បំបិទ​មាត់​អ្នក​នយោបាយ ព្រម​ទាំង​ជន​ទាំងឡាយ​ណា​ដែល​មាន​ទស្សនៈ មិន​ស្រប​តាម​គោល​នយោបាយ​របស់​បក្ស និង​រដ្ឋ។

ភ្នាក់ងារ​រដ្ឋ​បាន​លប​ស្តាប់​កិច្ច​សន្ទនា និង​ការ​ឈ្លប​តាម​ដាន​រាល់​សកម្មភាព​របស់​ពលរដ្ឋ​ជា​ប្រចាំ។ ជា​លទ្ធផល ពលរដ្ឋ​ខ្មែរ​ដែល​រស់​ក្នុង​របប​ទាំង​ពីរ​នោះ បាន​ឆ្លង​កាត់​បទពិសោធន៍​ភ័យ​ខ្លាច និង​អសន្តិសុខ​ក្នុង​ជីវិត​ជាប់​ជា​ប្រចាំ។

ដោយសារ​ហេតុផល​នេះ​ហើយ ទើប​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ គ្រប់​បក្ស​នយោបាយ​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា បាន​មូល​មាត់​គ្នា​បង្កើត​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​ធានា​នូវ​សិទ្ធិ​មនុស្ស និង​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ថា មាន​អ្នក​លប​ស្តាប់​ដែល​ជា​ការ​ធានា​នូវ​ជីវភាព​ឯកជន​របស់​បុគ្គល​គ្រប់​រូប។

បន្ថែម​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ដូច​រៀបរាប់​មក​ហើយ​នោះ ក្រម​ព្រហ្មទណ្ឌ​កម្ពុជា មាត្រា​៣០១ ក៏​ផ្ដន្ទាទោស​អ្នក​ដែល​លប​ថត​សំឡេង​សន្ទនា​របស់​គេ​ឲ្យ​ជាប់​ពន្ធនាគារ​ផង​ដែរ។

ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​សកម្មភាព​បង្ហោះ​តាម​ហ្វេសប៊ុក និង​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​នូវ​សំឡេង​សន្ទនា​ឯកជន ដែល​គេ​ជឿ​ថា​ជា​សំឡេង​របស់ លោក កឹម សុខា និង​ស្ត្រី​កំណាន់​ចិត្ត នៅ​តែ​មាន​បន្ត​មិន​ដឹង​រហូត​ដល់​ពេល​ណា ហើយ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅ​មិន​ទាន់​ចាត់​វិធានការ​អនុវត្ត​ច្បាប់​ដែល​មាន​ជា​ធរមាន ដើម្បី​បញ្ឈប់ និង​ផ្ដន្ទាទោស​អ្នក​ដែល​លប​ថត និង​ផ្សព្វផ្សាយ​សំឡេង​នោះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។