បទ​វិភាគ៖ សាលក្រម​ព្យួរ​ទោស​ជួយ​ដល់​បុគ្គល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច

ដោយ ជី វិតា
2016-12-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
(ពី​ឆ្វេង) លោក សុត វណ្ណនី លោក ចាយ សារិទ្ធ និង​លោក ម៉ៅ ហឿន ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang
(ពី​ឆ្វេង) លោក សុត វណ្ណនី លោក ចាយ សារិទ្ធ និង​លោក ម៉ៅ ហឿន ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

តុលាការ​កម្ពុជា ត្រូវ​បាន​មតិ​ជាតិ និង​អន្តរជាតិ រិះគន់​ថា​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ស្ថាប័ន​ឯករាជ្យ កំណត់​ដោយ​រដ្ឋធម្មនុញ្ញ ដោយ​អនុវត្ត​គោលការណ៍​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​សម្រាប់​បុគ្គល​គ្រប់​រូប​ឡើយ។

មាន​សំណុំ​រឿង​ក្តី​ក្ដាំ​ជាច្រើន​ដែល​បង្ហាញ​ថា តុលាការ​កម្ពុជា សម្រេច​ក្តី​ដោយ​លម្អៀង​ដើម្បី​ជួយ​បុគ្គល ឬ​មន្ត្រី​ទាំងឡាយ​ដែល​ជា​មនុស្ស​របស់​គណបក្ស​កាន់​អំណាច។ វិធី​មួយ​ដែល​មើល​ទៅ​ហាក់​ដូចជា​ស្រប​ច្បាប់ ដែល​តុលាការ​តែង​លើក​យក​មក​អនុវត្ត ដើម្បី​ជួយ​បន្ធូរបន្ថយ​ទោស​ឲ្យ​ជន​ល្មើស​នោះ គឺ​ការ​ចេញ​សាលក្រម​ព្យួរ​ទោស។

តើ​សាលក្រម​ព្យួរ​ទោស​ជា​អ្វី?

តុលាការ​ដែល​ជា​សាលា​វិនិច្ឆ័យ​សម្រាប់​ធានា​នូវ​យុត្តិធម៌​សង្គម ត្រូវ​សហគមន៍​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា កាន់​តែ​ក្លាយ​ជា​ឧបករណ៍​នយោបាយ​ដ៏​មុត​ស្រួច​របស់​គណបក្ស​កាន់​អំណាច ដើម្បី​បំបាក់​ស្មារតី​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង និង​បង្ក្រាប​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។

ក្រៅ​តែ​ពី​កាត់​ទោស​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​គោលដៅ​កាត់​បន្ថយ​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​នោះ តុលាការ​ក៏​បាន​សម្រេច​ក្តី​មួយ​ចំនួន​ដែល​លម្អៀង​ទៅ​រក​មន្ត្រី ឬ​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​បន្ធូរបន្ថយ​ទោស​ទណ្ឌ ឬ​ជួយ​ឲ្យ​ពួក​គេ​រួច​ផុត​ពី​សំណាញ់​ច្បាប់។

សាលក្រម​ព្យួរ​ទោស​ដើម្បី​ជួយ​អង្គរក្ស

វិធី​មួយ​ស្ទើរ​ក្លាយ​ជា​វប្បធម៌​ទៅ​ហើយ ដែល​តុលាការ​តែង​ប្រើ​ដើម្បី​ជួយ​សម្រាល​ទោស​ដល់​ជន​ល្មើស គឺ​ការ​ចេញ​សាលក្រម «ព្យួរ​ទោស»

ឧទាហរណ៍​ករណី​ជាក់ស្តែង​ដែល​លេច​ធ្លោ​ជាង​គេ គឺ​សំណុំ​រឿង​អង្គរក្ស ៣​នាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​សារភាព​ថា បាន​ប្រើ​ហិង្សា​វាយ​ប្រហារ​ទៅ​លើ​លោក គង់ សភា និង​លោក ញ៉យ ចំរើន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​សល់​តែ​ដង្ហើម​ចង្រិត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

បើ​ទោះ​សកម្មភាព​ព្រួត​គ្នា​វាយ​ដំ​ទាត់​ធាក់​យ៉ាង​កំរោល​ទៅ​លើ​ជន​រងគ្រោះ​ទាំង​ពីរ ត្រូវ​បាន​គេ​ផ្ដិត​យក​រូបភាព​ជា​វីដេអូ​បង្ហោះ​ពាសពេញ​បណ្ដាញ​សង្គម បង្ហាញ​ពី​ពិរុទ្ធភាព​កម្រិត​ធ្ងន់​របស់​ជន​ល្មើស​ទាំង​បី រួម​មាន​ឈ្មោះ ម៉ៅ ហឿន ឈ្មោះ ចាយ សារិទ្ធ និង​ឈ្មោះ សុត វណ្ណនី ក្តី តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​ត្រឹម​បទល្មើស​មជ្ឈិម ហើយ​កាត់​ឲ្យ​ជាប់​ទោស​ចំនួន ៤​ឆ្នាំ ប៉ុន្តែ​ព្យួរ​ទោស ៣​ឆ្នាំ ក្រោម​បទ​ចោទ “ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស” ដែល​ទោស​នេះ​ទាំង​ជន​រងគ្រោះ និង​អង្គការ​សិទ្ធិ​មនុស្ស មិន​ទទួល​យក​បាន។

នេះ​មាន​ន័យ​ថា ជន​ដៃ​ដល់​នឹង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ត្រឹម​តែ ១​ឆ្នាំ​ប៉ុណ្ណោះ រីឯ​ទោស​ព្យួរ ៣​ឆ្នាំ​នោះ គឺ​ជន​ល្មើស​ទាំង​បី​រស់នៅ​ក្រៅ​ឃុំ​ធម្មតា ហើយ​បើ​ក្នុង​រយៈពេល ៣​ឆ្នាំ​នោះ​មិន​ប្រព្រឹត្ត​បទល្មើស​ថ្មី​ទេ ពួក​គេ​នឹង​រួច​ទោស​ទណ្ឌ​ទាំង​ស្រុង។ ជន​ដៃ​ដល់​ទាំង​បី ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ជន​រងគ្រោះ គង់ សភា និង ញ៉យ ចំរើន បាន​ប្រកាស​មិន​ទទួល​យក​សាលក្រម​ព្យួរ​ទោស​នេះ ហើយ​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍។ ចំណែក​លោក ញ៉យ ចំរើន ដែល​កាន់​សញ្ជាតិ​អាមេរិក​ផង​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក ដោយ​បញ្ជាក់​ថា សាលក្រម​តុលាការ​កម្ពុជា មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​ខ្លួន​ទេ។

ចំពោះ​ក្រុម​មេធាវី​វិញ អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ដែល​អង្គរក្ស​ទាំង​បី​ប្រព្រឹត្ត​ទៅ​លើ​កូន​ក្តី​របស់​ខ្លួន មិន​អាច​ទទួល​យក​បាន​ទេ​ត្រឹម​ទោស «ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» ជា​អំពើ​ល្មើស​មជ្ឈិម ហើយ​ផ្ដន្ទាទោស​ស្រាល​បែប​នោះ។ ទាំង​ក្រុម​មេធាវី និង​មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា បើ​តាម​បទល្មើស​ជាក់ស្តែង​នោះ គឺ​ជា​បទល្មើស​ប៉ុនប៉ង​មនុស្ស​ឃាត ដែល​ជា​បទឧក្រិដ្ឋ អាច​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ៣០​ឆ្នាំ។

សម្រាប់​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នៅ​កម្ពុជា យល់​ថា សេចក្តី​សម្រេច​របស់​តុលាការ​នោះ គឺ​ជា​សាលក្រម​ប្រថាប់​ត្រា ឬ​សាលក្រម​ស្តង់ដារ​ពីរ ដែល​បម្រើ​ឲ្យ​បុព្វហេតុ​នយោបាយ។

អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រាយការណ៍​ថា ការ​ចេញ​សារភាព​របស់​អង្គរក្ស​ទាំង​បី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ក្នុង​បំណង​បិទ​បាំង និង​ការពារ​មេ​ខ្លោង​ធំ​ដែល​បញ្ជា​ឲ្យ​មាន​ការ​វាយ​ដំ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នោះ។

ចំណាត់​ការ​របស់​តុលាការ​លើ​សំណុំ​រឿង​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​គ្រាន់​តែ​ដើម្បី​រម្ងាប់​អារម្មណ៍​ពុះ​កញ្ជ្រោល​របស់​មហាជន ដែល​មើល​ឃើញ​ក្នុង​បណ្ដាញ​សង្គម​នូវ​ផ្ទាំង​ទស្សនីយភាព​ហិង្សា​កាច​សាហាវ​របស់​អង្គរក្ស​ទាំង​បី និង​បក្ខពួក ក្នុង​ការ​ព្រួត​គ្នា​វាយ​ជន​រងគ្រោះ​ទាំង​ពីរ ដែល​មិន​អាច​ត​ដៃ​បាន។

មតិ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន បាន​ប្រៀបធៀប​សំណុំ​រឿង​ផ្ដន្ទាទោស​នេះ​ទៅ​នឹង​សំណុំ​រឿង​ផ្ដន្ទាទោស​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ដោយ​ចោទ​ថា តុលាការ​មាន​ស្តង់ដារ​ពីរ។

ឧទាហរណ៍ ក្នុង​សំណុំ​រឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ តុលាការ​ដដែល​បាន​កាត់​ទោស​ជន​ជាប់​ចោទ ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាង ១០​នាក់ រួម​ទាំង​លោក មាជ សុវណ្ណារ៉ា ផង ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ២០​ឆ្នាំ ពី​បទ​ដឹកនាំ​ចលនា​កុបកម្ម និង​ចូលរួម​ចលនា​កុបកម្ម ដែល​ជា​បទឧក្រិដ្ឋ ដោយ​គ្មាន​ការ​ព្យួរ​ទោស។

នៅ​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែង​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​នោះ មិន​បាន​ប្រើ​ហិង្សា​អ្វី​ទេ ប៉ុន្តែ​គេ​ឃើញ​លោក​កាន់​ឧគ្ឃោសនស័ព្ទ​ស្រែក​ឃាត់​កុំ​ឲ្យ​មាន​ហិង្សា​ក្នុង​ព្រឹត្តិការណ៍​តវ៉ា​នោះ​ទៅ​វិញ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ តែ​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​បី​នាក់​វាយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​វិញ​នោះ បែរ​ជា​ជាប់​ពន្ធនាគារ​ត្រឹម​មួយ​ឆ្នាំ។

សាលក្រម​ព្យួរ​ទោស​ដើម្បី​ជួយ​ប្រពន្ធ​អ្នក​ធំ

ឧទាហរណ៍ សំណុំ​រឿង​លេច​ធ្លោ​មួយ​ទៀត​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​សាលក្រម​ព្យួរ​ទោស​ទាំង​បិទ​ភ្នែក ដើម្បី​ជួយ​ដោះ​ទោស​ទណ្ឌ​ឲ្យ​ភរិយា​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ គឺ​ករណី​ស្រោច​ទឹក​អាស៊ីដ​បំផ្លាញ​មុខ​មាត់​ទាំង​ស្រុង​របស់​កញ្ញា តាត ម៉ារីណា តារា​ចម្រៀង​ខារ៉ាអូខេ​កាល​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩។

គំនុំ​ប្រច័ណ្ឌ​ផុស​ចេញ​ពី​ភ្លើង​កំហឹង​ស្នេហា​ត្រីកោណ និង​ទំនង​ជា​ដឹង​មុន​ថា ខ្លួន​អាច​គេច​ផុត​ពី​ការ​ផ្ដន្ទាទោស ដោយសារ​ប្ដី​ជា​អ្នក​ធំ​ផង​នោះ អ្នកស្រី ឃួន សុផល ដែល​ជា​ភរិយា​របស់​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​បក្ខពួក បាន​យក​ទឹក​អាស៊ីដ​ដែល​មាន​អនុភាព​អាច​រំលាយ​ដែក​បាន ទៅ​ចាក់​ស្រោច​បំផ្លាញ​មុខ​មាត់ និង​រាងកាយ​របស់​កញ្ញា តាត ម៉ារីណា ដែល​កាលណោះ​មាន​វ័យ ១៦​ឆ្នាំ បណ្ដាល​ឲ្យ​ខូច​មុខ​មាត់ និង​រាងកាយ​ដល់​បច្ចុប្បន្ន។

បើ​ទោះ​ជា​ស្គាល់​ច្បាស់​ពី​អត្តសញ្ញាណ​ជន​ដៃ​ដល់​ក៏ដោយ ក៏​សមត្ថកិច្ច និង​តុលាការ​ក្រុង​ភ្នំពេញ មិន​ដែល​ចាប់​ខ្លួន​អ្នកស្រី ឃួន សុផល ឡើយ។

ទោះ​ជា​យ៉ាង​ណា ក្រោម​សម្ពាធ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ មួយ​ឆ្នាំ​ក្រោយ​មក តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០០០ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កំបាំង​មុខ​មួយ​លើ​សំណុំ​រឿង​នេះ សម្រេច​ផ្ដន្ទាទោស​ជន​ល្មើស​ឈ្មោះ ឃួន សុផល រយៈពេល ១​ឆ្នាំ ដោយ​ព្យួរ​ទោស និង​សាកល្បង​រយៈពេល ៥​ឆ្នាំ។

គ្មាន​នរណា​ម្នាក់ រួម​ទាំង​ជន​រងគ្រោះ តាត ម៉ារីណា ដែល​ពេល​នោះ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ដឹង​អំពី​សាលក្រម​កំបាំង​មុខ​ស្ងាត់ៗ​បង្គ្រប់​កិច្ច​នេះ​ទេ រហូត​ដល់​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់ ទើប​សាធារណជន​ដឹង គឺ​នៅ​ពេល​លោក ជីវ កេង ដែល​ពេល​នោះ​ជា​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ បាន​ថ្លែង​តាម​ទូរទស្សន៍​អប្សរា នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០០១ ថា​សំណុំ​រឿង​របស់​ជន​ល្មើស ឃួន សុផល បាន​ដោះស្រាយ​ចប់​សព្វគ្រប់​ហើយ៖ «ករណី​ជះ​ទឹក​អាស៊ីដ​លើ​កញ្ញា តាត ម៉ារីណា នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ធ្វើ​ការ​ជំនុំ​ជម្រះ​ចប់​សព្វគ្រប់​អស់​ហើយ តាម​សាលក្រម​លេខ​៧៨.ជ ចុះ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០០០ ហើយ​សាលក្រម​នេះ​បាន​ចូល​ជា​ស្ថាពរ​ទៅ​ហើយ ហើយ​សម្រេច​ផ្ដន្ទាទោស​ជន​ល្មើស​ឈ្មោះ ឃួន សុផល រយៈពេល​មួយ​ឆ្នាំ ហើយ​ព្យួរ​ទោស​ដោយ​សាកល្បង​រយៈពេល ៥​ឆ្នាំ។ អ៊ីចឹង​មាន​ការ​អនុវត្ត​ចប់​សព្វគ្រប់​អស់​ហើយ»

សាលក្រម​ព្យួរ​ទោស ១​ឆ្នាំ និង​សាកល្បង​រយៈពេល ៥​ឆ្នាំ មាន​ន័យ​ថា ក្នុង​រយៈពេល ៥​ឆ្នាំ​បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម ប្រសិន​បើ​ជន​ល្មើស ឃួន សុផល មិន​ប្រព្រឹត្ត​បទល្មើស​ថ្មី​ណា​មួយ​ទេ គាត់​រួច​ផុត​ពី​ទោស​ទណ្ឌ។ រយៈពេល​សាកល្បង ៥​ឆ្នាំ ក៏​បាន​កន្លង​ផុត ដោយ​គ្មាន​បទល្មើស អ្នកស្រី ឃួន សុផល ក៏​បាន​រួច​ផុត​ពី​សំណាញ់​ច្បាប់​ដោយ​ស្វ័យ​ប្រវត្តិ។

តុលាការ​ស្តង់ដារ​ពីរ

អ្នកស្រី ឃួន សុផល រួច​ផុត​ពី​ជាប់​ទ្រុង​សារិកា ក៏​ដោយសារ​ស្វាមី​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ប្រសិន​បើ​អ្នកស្រី ឃួន សុផល ជា​ភរិយា​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង ឬ​ជា​ភរិយា​ជន​សាមញ្ញ​វិញ តើ​តុលាការ​នឹង​ចេញ​សាលក្រម​ព្យួរ​ទោស ដើម្បី​ជួយ​ឲ្យ​គាត់​រួច​ផុត​ពី​សំណាញ់​ច្បាប់​បែប​នេះ​ឬ​ទេ?

ប្រហែល​ជា​ពិបាក​ឆ្លើយ​នឹង​សំណួរ​នេះ ប៉ុន្តែ​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ដឹង​ឮ​នោះ គឺ​តុលាការ​កម្ពុជា មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​ស្មើ​ភាព​គ្នា​ទេ ជាពិសេស​ចំពោះ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​នយោបាយ។ គិត​ត្រឹម​ឆ្នាំ​២០១៦ មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ដដែល ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ពី​បទ​ឧក្រិដ្ឋ ទាំង​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ហិង្សា​ទៅ​លើ​បុគ្គល​ណា បើ​ប្រៀបធៀប​ទៅ​អ្នកស្រី ឃួន សុផល ដែល​បាន​ប្រើ​ហិង្សា​ស្រោច​ទឹក​អាស៊ីដ​លើ​កញ្ញា តាត ម៉ារីណា នោះ។

ឧទាហរណ៍ លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស សម រង្ស៊ី ដែល​មាន​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៧​ឆ្នាំ ដោយ​គ្មាន​ការ​ព្យួរ​ទោស​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។

អំពើ​ល្មើស​ព្រហ្មទណ្ឌ​មាន​បី​ប្រភេទ

មាត្រា​១០៧ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ចែង​ថា ការ​ព្យួរ​ទោស​ធម្មតា ត្រូវ​អនុវត្ត​ទៅ​លើ​ទោស​ដាក់​ពន្ធនាគារ កាល​បើ​ទោស​ដែល​ប្រកាស​នោះ​តិច​ជាង ឬ​ស្មើ​នឹង ៥​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់។

ក្រម​ព្រហ្មទណ្ឌ​ខ្មែរ​ចែក​អំពើ​ល្មើស​ចេញ​ជា​បី​ប្រភេទ គឺ​បទលហុ ដែល​ជា​បទល្មើស​កម្រិត​ស្រាល បទ​មជ្ឈិម ដែល​ជា​បទល្មើស​កម្រិត​មធ្យម និង​បទ​ឧក្រិដ្ឋ ដែល​ជា​បទល្មើស​កម្រិត​ធ្ងន់។

ចំពោះ​បទលហុ អតិបរមា​នៃ​ទោស គឺ​ដាក់​ពន្ធនាគារ​ចំនួន ៦​ថ្ងៃ ឬ​ក្រោម ៦​ថ្ងៃ និង​អាច​ត្រូវ​បន្ថែម​នូវ​ទោស​ពិន័យ​ជា​ប្រាក់​ផង​ដែរ ឬ​អាច​ត្រូវ​ផ្ដន្ទាទោស​ត្រឹម​តែ​ពិន័យ​ជា​ប្រាក់​ប៉ុណ្ណោះ។

ចំពោះ​បទ​មជ្ឈិម អតិបរមា​នៃ​ទោស គឺ​ដាក់​ពន្ធនាគារ​រយៈពេល​លើស​ពី ៦​ថ្ងៃ រហូត​ដល់ ៥​ឆ្នាំ។ ទោស​ដាក់​ពន្ធនាគារ អាច​ត្រូវ​បន្ថែម​នូវ​ទោស​ពិន័យ​ជា​ប្រាក់​ផង​ដែរ។

ចំណែក​បទ​ឧក្រិដ្ឋ ដែល​ជា​បទល្មើស​កម្រិត​ធ្ងន់​វិញ​នោះ គឺ​ដាក់​ពន្ធនាគារ​រយៈពេល​លើស​ពី ៥​ឆ្នាំ រហូត​ដល់​អស់​មួយ​ជីវិត។ ទោស​ដាក់​ពន្ធនាគារ​អាច​ត្រូវ​បន្ថែម​នូវ​ទោស​ពិន័យ​ជា​ប្រាក់​ផង​ដែរ។

តាម​រយៈ​អាច​ជ្រើសរើស​ប្រភេទ​បទល្មើស​នេះ​ហើយ នៅ​ពេល​ណា​មនុស្ស​របស់​គណបក្ស​កាន់​អំណាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ណា​មួយ ដែល​មិន​អាច​លាក់លៀម​បិទ​បាំង​ពី​សាធារណជន​ត​ទៅ​ទៀត​បាន តុលាការ​កម្ពុជា តែង​លើក​យក​អំពើ​ល្មើស​មជ្ឈិម ជា​ជាង​បទ​ឧក្រិដ្ឋ មក​ចោទ​ប្រកាន់ ដើម្បី​អាច​ចេញ​សាលក្រម​ព្យួរ​ទោស ក្នុង​គោល​បំណង​ជួយ​សម្រាល​ទោស​ឲ្យ​ជន​ល្មើស ឬ​ជួយ​ឲ្យ​ជន​ល្មើស​រួច​ទោស​ទណ្ឌ​ទាំង​ស្រុង ដូចជា​ករណី​អង្គរក្ស​ទាំង​បី​នាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​ហិង្សា​ព្រួត​គ្នា​វាយ​ដំ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​លើ​កញ្ញា តាត ម៉ារីណា ឲ្យ​រង​ការ​ឈឺ​ចាប់​ស្ទើរ​បាត់បង់​ជីវិត ប៉ុន្តែ​ជន​ល្មើស​ដែល​ជា​ភរិយា​របស់​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​គណៈរដ្ឋមន្ត្រី បែរ​ជា​មិន​បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​សូម្បី​តែ ១​ថ្ងៃ។

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ដែល​តែង​ស្រែក​កោកៗ មាន​តួនាទី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នោះ ចង់​ឃើញ​តុលាការ​ត្រឹម​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​សមស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ចង់​បាន​នោះ គឺ​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ឯករាជ្យ ដែល​ចៅក្រម និង​ព្រះរាជអាជ្ញា​សម្រេច​សេចក្តី​ដោយ​ឈរ​លើ​ភស្តុតាង មិន​មែន​សម្រេច​តាម​ការ​បញ្ជា​ពី​អ្នក​នយោបាយ ឬ​មេ​ដឹកនាំ​ប្រទេស​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

look at these 3 guys they remind me at Pol Pot time . Pol Pot's people.

Feb 24, 2017 01:27 AM

អ្នក​អាន​អនាមិក

document it down when time come people just treat Hun Sen or his Sons the same as Hun Sen or his sons treat others. it is a golden rule.

Feb 06, 2017 01:12 AM

អ្នក​អាន​អនាមិក

ដរាបណាគ្មានការផ្លាស់ប្តូរ ដរាបនោះគ្មានទេយុត្តិធម៌
២០១៨ខាងមុខជាឱកាសល្អបំផុតសំរាប់ការផ្លាស់ប្តូរនេះ
សង្ឃឹមថាបងប្អូនខ្មែរនឹងសាងខ្លួនឱ្យជាពលរដ្ឋខ្មែរពិតប្រាកដ

Dec 26, 2016 07:30 AM

ហានិភ័យ

ពី តាកែវ

តុលាការ​កម្ពុជា គ្រាន់តែជាឈ្នាន់និងជាអាយ៉ងដាច់ថ្លៃរបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។

Dec 25, 2016 08:25 AM

គេហទំព័រ​ទាំងមូល