បទ​វិភាគ៖ តើ​លោក ហ៊ុន សែន បាន​ធ្វើ​អ្វី​ខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​គោលការណ៍​នីតិរដ្ឋ?

ដោយ ជី វិតា
2017-02-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

បើ​ទោះ​ជា​កម្ពុជា ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស មាន​អំណាច​កំពូល​បី គឺ​នីតិប្បញ្ញត្តិ ឬ​សភា នីតិប្រតិបត្តិ ឬ​រដ្ឋាភិបាល និង​តុលាការ​ដែល​ស្ថាប័ន​ធំ​ទាំង​បី មាន​នាទី​ត្រួត​ពិនិត្យ​ការងារ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​អោយ​មាន​តុល្យភាព​អំណាច​តាម​គន្លង​របប​ប្រជាធិបតេយ្យ ដូច​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ក្តី ការ​អនុវត្ត​ជាក់ស្ដែង​មិន​មាន​ទេ។ គេ​ឃើញ​តែ​ប្រធាន​អំណាច​នីតិប្រតិបត្តិ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរ​តួ​យ៉ាង​សកម្ម ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ពេល​ខ្លះ​ផ្អែក​លើ​អារម្មណ៍​លុប​លើ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​តុលាការ។

​តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​អ្វី​ខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​គោលការណ៍​នីតិរដ្ឋ?

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ គេ​ឃើញ​កិច្ចការ​រដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឡើង​ដោយ​ផ្អែក​លើ​អារម្មណ៍​របស់​លោក​ច្រើន​ជាង​ផ្អែក​តាម​គោលការណ៍​ច្បាប់ ដែល​ប្រការ​នេះ​អាច​បង្ក​អោយ​កិច្ចការ​ប្រទេស​ជាតិ​ប្រែប្រួល ឃ្លីងឃ្លោង​ទៅ​តាម​ភាព​ប្រែប្រួល​នៃ​អារម្មណ៍​របស់​លោក​ដែរ។

កិច្ចការ​មួយ​ចំនួន​ដែល​គេ​ឃើញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​សម្រេច​ផ្អែក​តាម​អារម្មណ៍​ផ្ទាល់​ខ្លួន ឬ​កំហឹង​របស់​លោក​នោះ រួម​មាន​ការ​ចាប់​មនុស្ស​ដាក់គុក ហើយ​ដោះលែង​វិញ ការ​លើក​បន្តុប​អ្នក​នេះ អ្នក​នោះ ហើយ​ទាញ​ទម្លាក់​ចុះ​វិញ រហូត​ដល់​ធ្វើ​ច្បាប់​មួយ​ចំនួន​ជាដើម។

ប្ដូរ​ចិត្ត​បី​ដង​ក្នុង​១​ថ្ងៃ​ក្នុង​រឿង​តែ​១

ឧទាហរណ៍៖ កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី​ផ្លាស់ប្ដូរ​ចិត្ត​បី​ដង​ក្នុង​១​ថ្ងៃ​ក្នុង​រឿង​តែ​១។ នោះ​គឺ​ករណី ឧត្ដមសេនីយ៍​ផ្កាយ​បី ម៉ម ស្រ៊ីមវណ្ណា ដែល​រង​ការ​ចោទ​ថា បាន​រំលោភ​ច្បាប់​ចរាចរណ៍។ នាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន ដែល​ពេល​ខ្លះ​សម្រេច​កិច្ចការ​រដ្ឋ​ដោយ​យក​ហ្វេសប៊ុក (Facebook) ជា​មូលដ្ឋាន​នោះ បាន​ប្រកាស​ដក​តំណែង​ឧត្ដមសេនីយ៍ ផ្កាយ​បី ម៉ម ស្រ៊ីមវណ្ណា បម្រើ​ការ​នៅ​ក្រសួង​មហាផ្ទៃ ដែល​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​ប៉ូលិស​ចរាចរណ៍ លោក សូត្រ កញ្ញា។

នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដក​តំណែង​លោក ម៉ម ស្រ៊ីមវណ្ណា ដោយ​ផ្ដល់​ហេតុផល​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​បាន​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ស្ដាប់​សា​ចុះ​សា​ឡើង​នូវ​ការ​និយាយ​របស់​ឧត្ដមសេនីយ៍​រូប​នេះ។ ពាក្យ (អា​ប៉ូលិស​ចរាចរណ៍) ជា​ពាក្យ​មិន​ត្រឹម​តែ​ប្រមាថ​មើល​ងាយ​ថ្នាក់​ក្រោម​តែប៉ុណ្ណោះ​ទេ តែ​ជា​ការ​ប្រមាថ​ដល់​ស្ថាប័ន​នគរបាល​ទាំង​មូល»

ប៉ុន្តែ​បន្តិច​ក្រោយ​មក​នៅ​ព្រឹក​ថ្ងៃ​ដដែល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរ​ចិត្ត​ដោយ​សរសេរ​ថា ឧត្ដមសេនីយ៍​ផ្កាយ​បី ម៉ម ស្រ៊ីមវណ្ណា នឹង​ដក​ពី​តំណែង ប៉ុន្តែ​អោយ​ទៅ​ធ្វើ​ការងារ​ផ្សេង​នៅ​ក្រសួង​មហាផ្ទៃ ប្រសិនបើ​ឧត្ដមសេនីយ៍​រូប​នេះ​ទទួល​ស្គាល់​កំហុស។

បន្ទាប់​មក គឺ​នៅ​ល្ងាច​ថ្ងៃ​ដដែល លោក​នាយករដ្ឋមន្ត្រី​ដូរ​ចិត្ត​ម្ដង​ទៀត ដោយ​សម្រេច​ប្រគល់​តួនាទី​ដើម​ដដែល​អោយ​ឧត្ដមសេនីយ៍​រូប​នេះ​ឡើង​វិញ ដោយ​លោក​សរសេរ​ថា ប៉ូលិស​ចរាចរណ៍​លោក​សូត្រ កញ្ញា និង​ឧត្ដមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ត្រូវរ៉ូវ​គ្នា​វិញ​ហើយ។

ការ​ផ្លាស់ប្ដូរ​ចិត្ត​មិន​ទៀងទាត់​ឆាប់​រហ័ស​បែប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​ប្រើ​អារម្មណ៍​ជា​ជាង​ប្រើ​គោលការណ៍​ច្បាប់​ជា​ធរមាន និង​ជា​ការ​រំលោភ​លើ​ថានានុក្រម​អំណាច ធ្វើ​អោយ​ច្របូកច្របល់ ពីព្រោះ​កិច្ចការ​នេះ ត្រូវ​ក្រសួង​មហាផ្ទៃ ជា​អ្នក​សម្រេច​មុន មិន​មែន​នាយករដ្ឋមន្ត្រី​ទេ។

ដាក់​ដក​តំណែង​អនុ​ប្រធាន​ទី​១​រដ្ឋសភា

ការ​ដក​ចេញ និង​ដាក់​ចូល​វិញ​ទៅ​តាម​អារម្មណ៍ ឬ​កំហឹង​នេះ​នៅ​មាន​ទៀត។

បន្ទាប់​ពី​វិបត្តិ​នយោបាយ និង​ការ​ចរចា​គ្នា​រវាង​គណបក្ស​ធំ​ទាំង​ពីរ ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ លោក កឹម សុខា អនុ​ប្រធាន​គណ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​តំណែង​ជា​អនុ​ប្រធាន​ទី​១ រដ្ឋ​សភា និង​លោក សម រង្សី ប្រធាន​គណ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​រដ្ឋ​សភា ដែល​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។

នៅ​ពេល​ត្រូវរ៉ូវ​គ្នា ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្សី សុទ្ធ​តែ​ប្រកាស​ថា តំណែង​ទាំង​នេះ​គឺ​ដើម្បី​អត្ថប្រយោជន៍​ជាតិ និង​ដើម្បី​អាណត្តិ​បន្ត​បន្ទាប់ ឬ​ដើម្បី​ក្មេង​ជំនាន់​ក្រោយ។ ប៉ុន្តែ​កម្ដៅ​នយោបាយ​ចាប់​ផ្ដើម​កើន​ឡើង​វិញ នៅ​ពេល​មន្ត្រី និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បន្ត​រិះគន់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច ជាពិសេស​នោះ គឺ​នៅ​ពេល​មាន​បាតុកម្ម​តវ៉ា​នៅ​ប្រទេស​បារាំង ប្រឆាំង​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥។

ខឹង​នឹង​បាតុករ​ដែល​ទៅ​ឆាឆៅ​បំបាក់​មុខ​លោក​ពី​ប្រទេស​បារាំង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចោទ​ថា បក្ស​ប្រឆាំង​នៅ​​ពី​ក្រោយ​បាតុករ​ទាំង​នោះ បាន​ចេញ​បញ្ជា​អោយ​មាន​បាតុកម្ម​នៅ​ក្រុង​ភ្នំពេញ ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​១ រដ្ឋ​សភា។ នេះ​អាច​បញ្ជាក់​ថា ការ​បង្កើត ឬ​ប្រគល់​តំណែង​អោយ​លោក កឹម សុខា ក្ដី ឬ​លោក សម រង្ស៊ី ក្ដី គឺ​ដើម្បី​លួង​ចិត្ត​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ និង​កូន​ចៅ​អោយ​ឈប់​រិះគន់ ឬ​កាត់​បន្ថយ​ការ​វាយ​ប្រហារ​ទៅ​រដ្ឋាភិបាល ជា​ជាង​ឈរ​លើ​គោលការណ៍។

ប្រើប្រាស់​សត្រូវ​ដើម្បី​បំបែក​បំបាក់​សត្រូវ

ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មធ្យោបាយ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ប្រហែល ជា​មិន​សំខាន់​ទេ មាន​ន័យ​ថា ប្រើប្រាស់​វិធី​ណា​ក៏ដោយ អោយ​តែ​សម្រេច​បាន​លទ្ធផល។

ឧទាហរណ៍​ដើម្បី​កាច់​បំបាក់​គូ​សត្រូវ លោក​នាយករដ្ឋមន្ត្រី​បើកដៃ​អោយ​មាន​ការ​ផ្សព្វផ្សាយ​សំឡេង​សន្ទនា​ឯកជន​តាម​ទូរស័ព្ទ ដែល​បាន​មក​ពី​ការ​លួច​ថត​ដោយ​ខុស​ច្បាប់។  មិន​ថា​ឡើយ​កម្លាំង​បាតុករ​មក​ពី​ប្រភព​ណា​ទេ អោយ​តែ​លោក​អាច​ប្រើ​បាន។ លោក​នាយករដ្ឋមន្ត្រី​បាន​ប្រើប្រាស់​ទាហាន ប៉ូលិស អង្គរក្ស ក្រុម​យុវជន រដ្ឋសភា និង​ប្រើ​តុលាការ ដើម្បី​ទម្លាក់​លោក កឹម សុខា ពី​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​បង្ខំ​អោយ​ឃុំឃាំង​ខ្លួន​ឯង​នៅ​ទីស្នាក់ការ​បក្ស​រាប់​ខែ។ នៅ​ពេល​នោះ មួយ​ម៉ាត់​ណា​ក៏​លោក​នាយករដ្ឋមន្ត្រី​និយាយ​ពី​ការ​អនុវត្ត​ច្បាប់​ទាំង​អស់ ហើយ​ថា ករណី​លោក កឹម សុខា ស្ថិត​ក្នុង​សមត្ថកិច្ច​តុលាការ។

បន្ទាប់ពី​គាបសង្កត់​លោក កឹម សុខា មិន​អោយ​ចេញ​ទៅ​ណា​ជាង​កន្លះ​ឆ្នាំ ទំនង​ជា​យល់​ច្រឡំ​ថា ដល់​ពេល​អាច​ប្រើប្រាស់​លោក កឹម សុខា លោក​នាយករដ្ឋមន្ត្រី នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែង​ទោស​ដល់​លោក កឹម សុខា។ ភ្លាមៗ បន្ទាប់​មក ក៏​លើក​បន្តុប​លោក កឹម សុខា អោយ​ធ្វើ​ជា​ប្រធាន​ក្រុម​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា​ជំនួស​លោក សម រង្ស៊ី។ ទោះជា​យ៉ាង​ណា លោក កឹម សុខា ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង​ជូន​លោក ហ៊ុន សែន ជា​ថ្នូរ។ ប៉ុន្តែ​ល្បិច​ខ្ចី​ដៃ​សត្រូវ​វាយ​បំបែក​សត្រូវ​របស់​លោក​នាយករដ្ឋមន្ត្រី​មិន​បាន​ជោគជ័យ​ទេ​នៅ​ពេល​លោក កឹម សុខា មិន​ធ្វើ​តាម។

លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​មាន​ប្រសាសន៍​ហើយ​ថា កុំ​ធ្វើ​អោយ​លោក​ខឹង ឬ​ប៉ះពាល់​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ បើ​លោក​ខ្ញាល់​ហើយ លោក​នឹង​តាម​ទៅ​កម្ទេច​ដល់​ទី​ជម្រក​ចុង​ក្រោយ​របស់​បច្ចាមិត្ត។

នៅ​ពេល​លោក កឹម សុខា មិន​ធ្វើ​តាម លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រែប្រួល​ភ្លាមៗ បង្ហាញ​កំហឹង ហើយ​ប្រកាស​ដក​តំណែង​ប្រធាន​ក្រុម​សំឡេង​ភាគ​តិច​រដ្ឋ​សភា​ពី​លោក កឹម សុខា វិញ។  ដោយ​មិន​ដំអក់ លោក​ក៏​បញ្ជា​អោយ​សមាជិកសភា​របស់​លោក​បោះ​ឆ្នោត​លុប​ចោល​ប្រការ ៤៨ នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​ទៀត ពីព្រោះ​ប្រការ​នេះ​ជា​អ្នក​បង្កើត​តំណែង​ប្រធាន​ក្រុម​សំឡេង​ភាគ​តិច-​ភាគ​ច្រើន​រដ្ឋ​សភា។ ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នេះ ក៏​អាច​បញ្ជាក់​ពី​ស្ថានភាព​ផ្លូវ​ចិត្ត​មិន​នឹងន​ឈរ​លើ​គោលការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។

លុប​ចោល​ប្រការ ៤៨ នេះ​រួច​ហើយ លោក​នាយករដ្ឋមន្ត្រី​នៅ​មិន​ទាន់​បាត់​ក្តៅ​ស្លឹក​ត្រចៀក​ទេ លោក​ក៏​បញ្ជា​អោយ​រដ្ឋ​សភា​ដែល​ចាំ​តែ​ធ្វើ​តាម​លោក​នោះ រៀបចំ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​អោយ​បាន​ឆាប់ ដើម្បី​កំណត់​មិន​អោយ​បុគ្គល​មាន​ទោស​អាច​ធ្វើ​ជា​ប្រធាន ឬ​អនុ​ប្រធាន​គណបក្ស​នយោបាយ​បាន​ទេ។ បំណង​នៃ​វិសោធនកម្ម​ច្បាប់​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ចេតនា​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ដែល​អាច​ឈាន​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ថែម​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា ការ​ប៉ុនប៉ង​បង្កើត​ច្បាប់​មួយ​ដើម្បី​អនុវត្ត​លើ​បទល្មើស​ដែល​កើត​មាន​មុន​ច្បាប់​ថ្មី​នោះ គឺ​ផ្ទុយ​ពី​គោលការណ៍​នីតិរដ្ឋ​អន្តរជាតិ ហើយ​ក៏​​ខុស​នឹង​ទម្លាប់​ដែល​កម្ពុជា ធ្លាប់​អនុវត្ត​កន្លង​ទៅ​ដែរ។

ឧទាហរណ៍៖ កាល​ពី​ឆ្នាំ​២០១០ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មិន​ប្រតិសកម្ម ឬ​មិន​អនុវត្ត​ធាក់​ថយ​ក្រោយ។ មាន​ន័យ​ថា ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នោះ  មិន​អាច​អនុវត្ត​ទៅ​លើ​បទល្មើស​ពុករលួយ​ដែល​បាន​ប្រព្រឹត្ត​មុន​ពេល​ច្បាប់​នោះ​កើត​ឡើង​ទេ។

តុលាការ​តេឡេ

និយាយ​ពី​តុលាការ​វិញ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​របស់​គណបក្ស​កាន់​អំណាច។

នៅ​ក្នុង​រដ្ឋធម្មនុញ្ញ បើ​ទោះ​ជា​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ពី​រដ្ឋាភិបាល ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​រួច​ខ្លួន​ទេ ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​អោយ​ចាប់​ខ្លួន​នោះ ទោះ​ជា​អ្នក​នោះ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ការពារ​ធនធាន​ធម្មជាតិ ការពារ​ដីធ្លី​ក៏ដោយ។ ថា​អ្នក​ទាំង​នេះ​ចុះ មិន​មាន​អភ័យ​ឯកសិទ្ធិ អាច​ចាប់​ពេល​ណា​ក៏បាន បើ​ល្មើស​ច្បាប់​ជាក់ស្ដែង  ប៉ុន្តែ​អ្នក​ដែល​មាន "អា​សិទ្ធិ​អត់​ភ័យ" នេះ ដូច​ជា​សមាជិក​សភា​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ ដោយ​មិន​ចាំបាច់​ទៅ​សុំ​ដក​អា​សិទ្ធិ​អត់​ភ័យ​នេះ​ពី​សភា​ជា​មុន​អោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ ដោយ​អះអាង​ថា ជា​បទល្មើស​ជាក់ស្ដែង។

ពេល​លោក​នាយករដ្ឋមន្ត្រី​ចង់​ចាប់​អ្នក​ណា​ឃុំ ទោះ​ជា​គ្មាន​ហេតុផល​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ ដូចជា​ករណី​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) ក៏​លោក​អាច​ចាប់​បាន ព្រោះ​លោក​មាន​តុលាការ​ដែល​រង់ចាំ​ស្ដាប់​បង្គាប់ ហើយ​បើ​លោក​សប្បាយ​ចិត្ត ឬ​ឃើញ​ផលប្រយោជន៍​នយោបាយ លោក​ដោះលែង​មក​វិញ ដោយ​ប្រើ​ព្រះមហាក្សត្រ ដែល​លោក​អាច​ពឹង​ពាក់​បាន​គ្រប់​ពេល អោយ​ប្រទាន​ការ​លើក​លែង​ទោស។ ដូច​ករណី​លោក​មេ​ឃុំ ស៊ាង ចែត និង​លោក កឹម សុខា ជាដើម។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ការ​ចាប់​ខ្លួន និង​ដោះលែង​វិញ ក្នុង​សំណុំរឿង​មួយ​ចំនួន​មិន​បាន​ផ្អែក​លើ​គោលការណ៍​នីតិរដ្ឋ​ទេ តែ​ផ្អែក​លើ​អារម្មណ ឬ​ផលប្រយោជន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ឯ​ណោះ​វិញ។ ហេតុ​ដូច្នេះ​ហើយ ទើប​ក្រុម​ស្ត្រី​តំបន់​បឹងកក់ ដែល​ជាប់​លេខ​ខាង​ចេញ​តវ៉ា ប្រសិទ្ធិនាម​តុលាការ​កម្ពុជា ដែល​ត្រូវ​អ្នក​នយោបាយ​ប្រើប្រាស់​នេះ​ថា ជា​តុលាការ​តេឡេ​ដែល​អាច​បញ្ជា​ពី​ចម្ងាយ​បាន។

សម្ដី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រភព​នៃ​ច្បាប់

មិន​មែន​តែ​តុលាការ​ទេ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ក្ដោបក្ដាប់​បាន សូម្បី​តែ​រដ្ឋ​សភា​ដែល​ជា​ស្ថាប័ន​កំពូល​ជា​អ្នក​បង្កើត​រដ្ឋាភិបាល ក៏​លោក​នាយករដ្ឋមន្ត្រី​អាច​កុម្ម៉ង់​តាម​ចិត្ត ពោល​គឺ​សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជា​ប្រភព​នៃ​ច្បាប់​ទៅ​ហើយ។

ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋសភា​បាន​បង្កើត និង​កែប្រែ​មិន​បាន​ផ្អែក​តាម​គោលការណ៍​ប្រយោជន៍​សាកល​ទេ ប៉ុន្តែ​ផ្អែក​តាម​អារម្មណ៍ ឬ​ការ​ចង់​បាន​យ៉ាង​តក់ក្រហល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ឧទាហរណ៍៖ ការ​បោះ​ឆ្នោត​បង្កើត​ច្បាប់​ធម្មនុញ្ញ​បន្ថែម  ឬ​ហៅ​ថា ការ​បោះ​ឆ្នោត​ជា​កញ្ចប់​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋ​សភា និង​គណៈរដ្ឋមន្ត្រី​ក្នុង​ពេល​តែមួយ កាល​ពី​ឆ្នាំ​២០០៤។

បង្កើត​ច្បាប់​ឯកពន្ធនភាព​ដើម្បី​បង្ខំ​អោយ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទាល់ច្រក។ ច្បាប់​ដាក់ទោស​អ្នក​ដែល​មិន​ទទួល​ស្គាល់​ថា មាន​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ពេល​លោក​នាយករដ្ឋមន្ត្រី​ខឹង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ក្នុង​នាទី​ចុង​ក្រោយ​នេះ បន្ទាប់​ពី​បរាជ័យ​មិន​អាច​បំបែក​លោក កឹម សុខា ពី​លោក សម រង្ស៊ី បាន​តាម​វិធី​ផ្សេងៗ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ផ្ទុះ​កំហឹង​រហូត​ដល់​គំរាម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ៖ «យើង​បាន​បណ្ដែតបណ្ដោយ​ពួកគេ​ច្រើន​លើក​ហើយ ប៉ុន្តែ​លើក​នេះ​អត់​ទេ ចាំបាច់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដាក់​ថា អ្នក​មាន​ទោស​អត់​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធាន អនុ​ប្រធាន​គណបក្ស​នយោបាយ។ ខ្ញុំ​មាន​សំណូមពរ​កែ​ដាក់​ទៅ​ដើម្បី​ឲ្យ​អស់​សិទ្ធិ»

បាន​ដូច​ចិត្ត​កំហឹង​របស់​លោក​នាយករដ្ឋមន្ត្រី ក៏​អាច​ជា​ប្រភព​នៃ​ច្បាប់​ដែរ ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦០​រូប បាន​ចុះ​ហត្ថលេខា​លើ​សំណើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បញ្ជូន​ទៅ​ដល់​រដ្ឋសភា​ហើយ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ។

នីតិរដ្ឋ​នៅ​អាមេរិក

ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិត តែង​គោរព​ព្រំដែន​អំណាច​រវាង​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ។

​ឧទាហរណ៍៖ នៅ​សហរដ្ឋ​អាមេរិក បច្ចុប្បន្ន​កំពុង​មាន​ការ​តតាំង​គ្នា​ផ្លូវ​ច្បាប់​រវាង​តុលាការ និង​ប្រធានាធិបតី​ថ្មី លោក ដន ណល់ត្រាំ (Donald Trump)។

ភ្លាមៗ​បន្ទាប់ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) បាន​ចេញ​បទបញ្ជា​មួយ​ចំនួន​ដែល​ត្រូវ​មនុស្ស​ជា​ច្រើន​យល់​ថា រំលោភ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក និង​ប៉ះពាល់​តម្លៃ​ជាតិ​សាសន៍​អាមេរិកាំង។ បទបញ្ជា​ទាំង​នោះ​រួម​មាន បម្រាម​មិន​អោយ​ពលរដ្ឋ​ពី​ប្រទេស​កាន់​សាសនា​ឥស្លាម ចំនួន ៧ ចូល​សហរដ្ឋអាមេរិក រយៈពេល ៩០​ថ្ងៃ និង​ផ្អាក​ទទួល​យក​​ជនភៀសខ្លួន​ដែល​សហរដ្ឋអាមេរិក បាន​សម្រេច​ទទួល​យក​ហើយ​រយៈពេល ១២០​ថ្ងៃ។

បញ្ជា​របស់​ប្រធានាធិបតី ក៏​ត្រូវ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ហើយ​អាច​តវ៉ា​បាន​ដែរ។ អ្នក​ដែល​ចេញ​មុខ​ជំទាស់​បទបញ្ជា​របស់​លោក ដូណាល់ ត្រាំ មាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​បាន​បង្គាប់​ទៅ​នគរបាល និង​សមត្ថកិច្ច​ផ្សេង​ទៀត​មិន​អោយ​អនុវត្តន៍​បទបញ្ជា​របស់​ប្រធានាធិបតី​ថ្មី​រូប​នេះ ដោយ​សំអាង​ថា វា​បំពាន​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ ដែល​អះអាង​ថា បទបញ្ជា​របស់​លោក​គឺ​ជា​ផលប្រយោជន៍​របស់​ប្រជាជាតិ​អាមេរិកាំង​នោះ បាន​ដក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ រូប​នោះ​ចោល​ភ្លាម។ ប៉ុន្តែ​មិន​មែន​មាន​តែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ទេ ដែល​ប្រឆាំង​ជំទាស់​បទបញ្ជា​លោក ត្រាំ ថា​ខុស​ច្បាប់​នោះ ចៅក្រម​ពី​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ចៅក្រម​តុលាការ​សហព័ន្ធ និង​ចៅក្រម​តុលាការ​តាម​រដ្ឋ​មួយ​ចំនួន ព្រម​ទាំង​សមាជិក​សភា និង​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​របស់​លោក ដូណាល់ ត្រាំ ខ្លួន​ឯង​ក៏​ថា បទបញ្ជា​របស់​លោក​ខុស​រដ្ឋធម្មនុញ្ញ​ដែរ។

បច្ចុប្បន្ន លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កំពូល​សហរដ្ឋអាមេរិក បន្ទាប់​ពី​តុលាការ​ជាន់​ខ្ពស់ បាន​ចេញ​សេចក្ដី​សម្ដេច​អោយ​លោក​ចាញ់​ក្ដី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​រដ្ឋ​មួយ​ចំនួន។

ប្រៀប​ធៀប​មក​កម្ពុជា​វិញ រដ្ឋ​សភា​ដែល​មាន​តួនាទី​តាក់តែង​ច្បាប់ និង​ត្រួត​ពិនិត្យ​សកម្មភាព​របស់​រដ្ឋាភិបាល​ដើម្បី​ធានា​ការ​គោរព​រដ្ឋធម្មនុញ្ញ​នោះ មិន​ដែល​ហ៊ាន​ក្អក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ទេ ពោល​គឺ​លោក​ចង់​បាន​ច្បាប់​អ្វី​ក៏​បាន ហើយ​បើ​ចង់​និយាយ ៥​ម៉ោង​តែ​ម្នាក់​ឯង​ក៏​ជូន​បាន​ដែរ។

រី​ឯ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​តួនាទី​ពិនិត្យ​មើល​ធម្មនុញ្ញភាព​នៃ​ច្បាប់​នោះ មិន​ដែល​រក​ឃើញ​ក្រឹត្យ-​ច្បាប់​ចម្រូងចម្រាស​ណា​មួយ​ថា ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ទេ។ ដូច​គ្នា​នឹង​ប្រធាន​តុលាការ​កំពូល​ដែរ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ គឺ​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

មិន​ចម្លែក​ទេ ដែល​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ធ្វើ​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗ ក្នុង​ការ​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​សងសឹក​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង ដែល​អាច​ឈាន​ដល់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ផង​នោះ។

អ្នក​វិភាគ​ថា បើ​ធ្វើ​វិសោធនកម្ម​មែន វា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​ស្មារតី​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ច្បាប់​គឺ​ជា​ការ​សម្ដែង​ឆន្ទៈ​របស់​ប្រជារាស្ត្រ មិន​មែន​ជា​ការ​សម្ដែង​ឆន្ទៈ​របស់​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា គេ​អាច​លើក​ជា​ចម្ងល់​ថា តើ​អ្វី​ដែល​ប្រធាន​គណបក្ស​កាន់​អំណាច​បង្គាប់​អោយ​សមាជិក​សភា​របស់​ខ្លួន​ធ្វើ​នេះ វា​នឹង​បង្កើន ឬ​ទម្លាក់​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ក្ដី​ស្រមៃ​របស់​ពលរដ្ឋ​ខ្មែរ

ក្តី​ស្រមៃ​របស់​ពលរដ្ឋ​កម្ពុជា ចង់​បាន​តុលាការ​មួយ​ដែល​ស្អាតស្អំ និង​ឈរ​លើ​មូលដ្ឋាន គតិយុត្តិ និង​ចង់​បាន​រដ្ឋសភា​មួយ​ដែល​មិន​មែន​ជា​ស្ថាប័ន​ចាំ​ប្រថាប់ត្រា​នោះ  អាច​នឹង​ត្រូវ​រង់ចាំ​យូរ​ទៀត ពីព្រោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​អាយុ ៦៥​ឆ្នាំ​ហើយ​នោះ ប្រកាស​ថា លោក​មិន​ទាន់​ចង់​ឈប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទេ។ លោក​ថា លោក​នៅ​មាន​អាយុ​ជិត ៤០​ឆ្នាំ​ទៀត ដូច្នេះ​អ្នក​ដែល​ចង់​ទទួល​បាន​តំណែង​របស់​លោក​កុំ​ទាន់​អាល​សង្ឃឹម។

ទោះ​ជា​យ៉ាង​ណា អ្វីៗ​អាច​ប្រែប្រួល ហើយ​ចិត្ត​របស់​បុរស​ខ្លាំង​ក៏​ដូច្នេះ​ដែរ។ ដើម្បី​ប្រជាជាតិ​ខ្មែរ​ជំនាន់​ក្រោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ប្រើប្រាស់​ភាព​ខ្លាំង​របស់​លោក និង​យក​ពេល​វេលា​ដែល​នៅ​សល់​ជិត ៤០​ឆ្នាំ​នេះ ប្រែក្លាយ​សង្គម​កម្ពុជា អោយ​ទៅ​ជា​ប្រទេស​មួយ​រុង​រឿង សម្បូរ​សប្បាយ មាន​នីតិរដ្ឋ​ពិត​ប្រាកដ និង​រំដោះ​រដ្ឋ​ដ៏​អភ័ព្វ​មួយ​នេះ​ចេញ​ផុត​ពី​ភាព​ប្រទូសរ៉ាយ បែក​បាក់​ប្រេះឆា​គ្នា​ក្នុង​ចំណោម​ខ្មែរ​គ្នា​ឯង​ក៏​ថា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី USA

well, well all of this can be used later to dissolve cpp because Hun Sen committed against the law. Bravo the new law that Hun Sen just want to enact.

Jul 19, 2017 02:57 AM

KON KHMER

ពី USA

LOOKS CAMBODIA SITUATION :
EVERY THINGS IN CAMBODIA DESTROYING BY
NEPOTISM HUN SEN . THIS IS A REGIME TRAITOR
AND DICTATOR 1000% .

MR. KIM SOK IS A PATRIOT 1000%

ALL OF KHMER STAND UP FOR PEACEFUL .


Feb 15, 2017 09:12 AM

កូនខ្មែរ

ពី ភព

អ្នកនយោបាយខ្មែរតែងតែយល់និងនិយាយថាខ្មែរយើងមានស្ថាប័នជាតិបួនគឺស្ថាប័នមហាក្សត្រ,ស្ថាប័នសភា,ស្ថាប័នរដ្ឋាបាលនិងស្ថាប័នតុលាការ។តាមពិតសព្វថ្ងៃនេះស្រុកខ្មែរមានតែស្ថាប័នមួយគត់គឺស្ថាប័នហ៊ុនសែន។ស្ដាច់ក៏ស្ដាប់បង្គាប់ហ៊ុនសែន,សភា តុលាការ រដ្ឋាភិបាលទាំងអស់សុទ្ធតែនៅក្រោមបង្គាប់ហ៊ុនសែន។ដូច្នេះចាប់ពីពេលនេះទៅគួរតែនិយាយថាស្រុកខ្មែរមានស្ថាប័នហ៊ុនសែនតែមួយគត់ឬក៏ថាស្ថាប័ន‌"អាគុក"(ភាសាអ្នកស្រែតាមសំដាច់)ហ៊ុនសែន។

Feb 13, 2017 04:16 PM

អ្នក​អាន​អនាមិក

I wonder what happen if some one else does the same thing as he does to everybody ? What happen if he should die tomorrow ? What will his empire that has been built on some one else blood ,tears, and sorrows be ? Last but not least, what will be the fate of their children ? Final, what the hell can he do with his wealth he robbed from entire Khmer poor country ? Bring along to HELL !

Feb 12, 2017 10:51 AM

chea mukai

ពី phnom penh

HUN SEN IS DOING EVERYTHING HOW TO SAVE HIS POWER ONLY. HIS STRATEGIES ARE TREAT, KILL AND DESTROY.

Feb 11, 2017 10:13 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល