បទ​វិភាគ៖ កំហុស​របស់​បក្ស​កាន់​អំណាច អាច​អំណោយ​ផល​ដល់​បក្ស​ប្រឆាំង

ដោយ ជី វិតា
2017-01-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មភាព​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៣។
សកម្មភាព​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង បន្ទាប់​ពី​អាសនៈ​សភា​របស់​ខ្លួន​បាត់បង់​យ៉ាង​គំហុក​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ សំឡេង​ឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ​មក​លើ​គណបក្ស​កាន់​អំណាច​មួយ​នេះ អាច​នឹង​ធ្លាក់​ចុះ​ថែម​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ហើយ​មូលហេតុ​នៃ​ការ​បន្ត​ធ្លាក់​ចុះ​នោះ អាច​បណ្ដាល​មក​ពី​ទង្វើ និង​គោល​នយោបាយ​របស់​បក្ស​កាន់​អំណាច​ខ្លួន​ឯង។

តើ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​អ្វី​ខ្លះ​ដែល​អាច​នាំ​ឲ្យ​បន្ត​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​នោះ?

ប្រវត្តិសាស្ត្រ​លើ​ពិភពលោក​បង្ហាញ​ថា កាន់​អំណាច​កាន់​តែ​យូរ កាន់​តែ​មាន​កំហុស​ច្រើន។ គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​គណបក្ស​កាន់​អំណាច​យូរ​ជាង​គេ​នៅ​ក្នុង​សម័យ​ទំនើប​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា។

ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​ចំនួន​អាសនៈ​សភា​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ គឺ​ជា​តឹកតាង​បញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ មូលហេតុ​ចម្បង​មួយ​នៃ​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព អាច​បណ្ដាល​មក​ពី​ចលនា​ដើរ​បញ្ច្រាស​ទិស​គ្នា​រវាង​ប្រជាពលរដ្ឋ និង​គណបក្ស​កាន់​អំណាច​មួយ​នេះ ពោល គឺ​នៅ​ពេល​ប្រជារាស្ត្រ​កាន់​តែ​យល់​ដឹង​ច្រើន​ឡើងៗ​អំពី​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​របស់​ខ្លួន ភ្នាក់ងារ​រដ្ឋ​ហាក់​កាន់​តែ​ប្រើ​អំណាច​បង្ក្រាប​ទៅ​លើ​ពួក​គេ។

រហូត​មក​ដល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​ជិត ៤០​ឆ្នាំ​ហើយ គឺ​អាច​និយាយ​បាន​ថា ឡើង​ដុះ​ស្នឹម​ទៅ​ហើយ។ នៅ​ពេល​ស្នឹម​ដុះ​កាន់​តែ​ក្រាស់ លាង​សម្អាត​កាន់​តែ​ពិបាក។ ស្នឹម​នៃ​គ្រួសារ​និយម បក្សពួក​និយម និង​ស្នឹម​និទ្ទណ្ឌភាព ឬ​ស្នឹម​វប្បធម៌​ឯង​ជួយ​អញ អញ​ជួយ​ឯង​កាន់​តែ​រីក​ក្រាស់​ឡើង​ដែរ។

នៅ​ពេល​ស្នឹម​ដុះ​កាន់​តែ​ក្រាស់ លាង​សម្អាត​កាន់​តែ​ពិបាក

គឺ​ដោយសារ​ស្នឹម​ក្រាស់​ទាំងនេះ​ហើយ បណ្ដាល​ឲ្យ​កម្ពុជា មាន​វិបត្តិ​រ៉ាំរ៉ៃ​មួយ​ចំនួន​មិន​អាច​ដោះស្រាយ​ចេញ ក្នុង​នោះ​មាន​វិនាសកម្ម​ធនធាន​ធម្មជាតិ ទំនាស់​ដីធ្លី ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ ការ​រំលោភ​សិទ្ធិ​មនុស្ស អំពើ​ពុក​រលួយ ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា គណបក្ស​កាន់​អំណាច​តែងតែ​ច្រាន​ចោល ឬ​លើក​ហេតុផល​ដោះសា​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​អំបាលម៉ាន​នេះ។ ការ​មិន​ទទួល​ស្គាល់​ការពិត ប្រហែល​ជា​មិន​បាន​ជួយ​ដល់​គណបក្ស​កាន់​អំណាច​ទេ។

ចំណែក​ចរន្ត​ពលរដ្ឋ​ខ្មែរ​វិញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ពួក​គេ​កាន់​តែ​មាន​ការ​យល់​ដឹង​ច្រើន​ឡើងៗ​អំពី​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ការ​រីក​ចម្រើន​យ៉ាង​លឿន​នៃ​បច្ចេកវិទ្យា​ផ្នែក​បណ្ដាញ​សង្គម ដែល​អាច​មើល​ឃើញ និង​ចែក​ចាយ​ហេតុការណ៍​ដែល​កើត​ឡើង​ជុំវិញ​ពិភពលោក​ភ្លាមៗ​នោះ វា​ជា​ជំនួយ​មួយ​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា ក្លាយ​ទៅ​ជា​អ្នក​តាម​ឃ្លាំ​មើល​ហេតុការណ៍ និង​វាយ​តម្លៃ​ស្ថានការណ៍​ស្រុក​ទេស​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។

នៅ​ពេល​គណបក្ស​នយោបាយ​មួយ​មាន​ឱកាស​ដឹកនាំ​ប្រទេស​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​មិន​យក​ឱកាស​មាស​នោះ​មក​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ជាតិ​រុងរឿង​តាម​ឆន្ទៈ​រាស្ត្រ ម្ចាស់​ឆ្នោត​អាច​នឹង​នឿយ​ណាយ ហើយ​ងាក​ទៅ​ផ្តល់​ឱកាស​ឲ្យ​គណបក្ស​ផ្សេង។ និយាយ​ជា​រួម នៅ​ពេល​ណា​គណបក្ស​កាន់​អំណាច​ប្រព្រឹត្ត​កំហុស​កាន់​តែ​ច្រើន ឱកាស​នៃ​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង​កាន់​តែ​មាន​ច្រើន​ដែរ។

គិត​ត្រឹម​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ សកម្មភាព​មិន​មាន​ប្រជាប្រិយ ឬ​ករណី​ខ្លះ​មិន​ស្រប​ច្បាប់​ផង​នោះ បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ច្រើន​ករណី។

ធ្វើ​ការ​ល្អ ទទួល​រង្វាន់

ជា​ត្រួសៗ ករណី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​កាដូ​ចុង​ឆ្នាំ​ពិសេស​ដល់​អង្គរក្ស​ពីរ​នាក់​របស់​លោក​ដែល​មាន​ឈ្មោះ​ល្បី។ នៅ​ជិត​ដំណាច់​ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី​បាន​ដំឡើង​បុណ្យ​ស័ក្តិ​ដល់​អង្គរក្ស​ពីរ​នាក់​របស់​លោក គឺ​ឈ្មោះ សុត វណ្ណី និង​ឈ្មោះ ម៉ៅ ហឿន បន្ទាប់​ពី​ពួក​គេ​ចេញ​ពី​ពន្ធនាគារ និង​កំពុង​ស្ថិត​ក្នុង​ការ​ព្យួរ​ទោស​របស់​តុលាការ។ អ្នក​ទាំង​ពីរ​ជាប់​ទោស​ពី​ការ​ព្រួត​គ្នា​វាយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក ញ៉យ ចំរើន និង​លោក គង់ សភា។

ការ​ដំឡើង​ឋានៈ​ដល់​ជន​ល្មើស​ច្បាប់ ត្រូវ​សាធារណជន​ថ្កោលទោស​ថា ជា​អំពើ​ខុស​សីលធម៌​ផង និង​ខុស​ច្បាប់​ផង។ កំហឹង​ជាច្រើន​បញ្ចេញ​តាម​ហ្វេសប៊ុក ចាត់​ទុក​ទង្វើ​នេះ​ផ្ទុយ​ពី​ឆន្ទៈ​រាស្ត្រ និង​ផ្គើន​ចិត្ត​ជន​រងគ្រោះ ដែល​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ។

ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មក​តុលាការ ៨៥៥ ២០១៦
(ពី​ឆ្វេង) លោក សុត វណ្ណនី លោក ចាយ សារិទ្ធ និង​លោក ម៉ៅ ហឿន ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang RFA/Rann Samnang


ឃាតកម្ម​លោក កែម ឡី

ព្រឹត្តិការណ៍​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ ក៏​អាច​ជះ​ឥទ្ធិ​អាក្រក់​ដល់​គណបក្ស​កាន់​អំណាច​ដែរ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ទទួល​ស្គាល់​ដូច្នេះ។ កាន់​តែ​មិន​អំណោយ​ផល​នោះ គឺ​ការ​លាក់លៀម​ព័ត៌មាន​នៅ​ក្រោយ​ឃាតកម្ម ដូចជា​កាមេរ៉ា​សុវត្ថិភាព​ដែល​អាច​បង្ហាញ​សកម្មភាព​ធ្វើ​ឃាត​លោក កែម ឡី និង​ការ​មិន​ពន្យល់​អំពី​អត្តសញ្ញាណ​ជន​ជាប់​ចោទ​ឈ្មោះ ជួប សម្លាប់ ជា​នរណា និង​មក​ពី​ណា​ជាដើម។

សព​លោក កែម ឡី ២០១៦ ៨៥៥
ប៉ូលិស​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បំបាក់​ស្មារតី​សង្គម​ស៊ីវិល

ព្រឹត្តិការណ៍​មួយ​ទៀត​ដែល​មិន​ធ្លាប់​មាន គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចេញ​មុខ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ករណី​អ្នក​នាង ខុម ចាន់តារាទី ក្នុង​ទឹកប្រាក់​ជាង ២០០​ដុល្លារ​នោះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ចេតនា​គំរាម​កំហែង​បំបាក់​ស្មារតី​ក្រុម​សង្គម​ស៊ីវិល ដែល​តែង​រិះគន់​រដ្ឋាភិបាល។ គេ​អាច​និយាយ​ថា រដ្ឋាភិបាល​សម្រេច​បាន​តាម​បំណង​របស់​ខ្លួន ពីព្រោះ​ការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង ៤​រូប​នោះ បាន​បង្ខំ​ឲ្យ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​មួយ​នេះ​គេច​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​ជា​ថ្នូរ​នឹង​ជោគជ័យ​ចំពោះ​មុខ​នេះ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បាត់បង់​សន្លឹក​ឆ្នោត​គាំទ្រ​ថែម​ទៀត​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ ពីព្រោះ​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស មិន​មែន​ជា​ទង្វើ​មាន​ប្រជាប្រិយ​ទេ។

មន្ត្រី​អាដហុក ៤​នាក់ នី ចរិយា ៦២០
ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA Photo: RFA


បញ្ហា​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន

ទំនាស់​ដីធ្លី​នៅ​ទូទាំង​ប្រទេស នៅ​តែ​ជា​វិបត្តិ​ដ៏​ធំ​មួយ​ដែល​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច។ ការ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សន្លឹក​ឆ្នោត​បក្ស​កាន់​អំណាច។ កាន់​តែ​ធ្ងន់ធ្ងរ​នោះ គឺ​ការ​ចិញ្ចឹម​ទុក​បញ្ហា​មិន​ព្រម​ដោះស្រាយ​ដោយ​យុត្តិធម៌ និង​ស្រប​តាម​ច្បាប់។

ឧទាហរណ៍ វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នៅ​តំបន់​បុរីកីឡា និង​បឹងកក់ ក្បែរ​ច្រមុះ​រដ្ឋាភិបាល ទុក​អូស​បន្លាយ​រាប់​ឆ្នាំ​ឆ្លង​ពី​អភិបាល​ក្រុង​មួយ​ចូល​អភិបាល​ក្រុង​មួយ។ ការ​ចិញ្ចឹម​ទុក​បញ្ហា ឬ​ដោះស្រាយ​យឺតយ៉ាវ ជំរុញ​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ស្ទើរ​រៀង​រាល់​ថ្ងៃ បណ្ដាល​ឲ្យ​គណបក្ស​កាន់​អំណាច​ស្អុយ​ឈ្មោះ​កាន់​តែ​ខ្លាំង​ឡើងៗ។

ផ្អែក​តាម​ឯកសារ​ច្បាប់ ទំនាស់​ដីធ្លី​នៅ​បុរីកីឡា គឺ​បង្ក​ឡើង​ដោយ​អ្នកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន​អ៊ីម៉ិច (Phan Imex) ឃុបឃិត​ជាមួយ​លោក កែប ជុតិមា អតីត​អភិបាល​ក្រុង​ភ្នំពេញ មាន​ការ​គាំទ្រ​ពី​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បំពាន​កិច្ចសន្យា​សាងសង់​អគារ ២​ខ្នង​ជូន​ពលរដ្ឋ​បុរីកីឡា។

រឹតត្បិត​សេរីភាព​ជួបជុំ និង​សម្ដែង​មតិ

សេរីភាព​ប្រមូល​ផ្តុំ និង​តវ៉ា​សម្ដែង​មតិ​នៅ​តាម​ទី​សាធារណៈ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ក្រោយ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣។ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ហៅ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ដោយ​បាញ់​សម្លាប់​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ បណ្ដាល​ឲ្យ​ស្លាប់​កម្មករ ៤​នាក់ បាត់​ខ្លួន​ម្នាក់ របួស​ជាង ៤០​នាក់ និង​ចាប់​ខ្លួន​ជាង ២០​នាក់​នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា​ឆ្នាំ​២០១៤ ថា​ជា​ការ​បង្ក្រាប​ខុស​ច្បាប់ មិន​ចាំបាច់ និង​មិន​សមាមាត្រ។

បន្ទាប់​មក សេរីភាព​បញ្ចេញ​មតិ​ត្រូវ​បាន​រឹតត្បិត និង​បង្ក្រាប​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ពេល​នោះ​មក ជាពិសេស​កាន់​តែ​មិន​មាន​ប្រជាប្រិយ ឬ​អាច​ខុស​ច្បាប់​ផង​នោះ គឺ​ការ​ដែល​កម្លាំង​សន្តិសុខ​ខណ្ឌ​ដែល​គ្មាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ និង​គ្មាន​ការ​ហ្វឹកហាត់​អំពី​វិធី​បង្ក្រាប​បាតុកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​នោះ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្ក្រាប​បាតុករ។

តុលាការ​ស្តង់ដារ​ពីរ

មូលហេតុ​ធំ​មួយ​ទៀត​ដែល​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​បាត់បង់​សំឡេង​គាំទ្រ​ពី​មហាជន​នោះ គឺ​ការ​មិន​ធ្វើ​កំណែ​ទម្រង់​ឲ្យ​តុលាការ​ឯករាជ្យ។ សម្រាប់​គណបក្ស​កាន់​អំណាច ការ​ដែល​អាច​ប្រើ​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​គ្រប​សង្កត់​លើ​តុលាការ​មិន​ឲ្យ​មាន​ឯករាជ្យ​ពេញ​បរិបូរណ៍​នេះ គឺ​ជា​អាវុធ​ដ៏​មុត​ស្រួច​មួយ​សម្រាប់​បង្ក្រាប​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ដែល​តែង​រិះគន់​ចំណុច​អសកម្ម​របស់​រដ្ឋាភិបាល។ ក៏ប៉ុន្តែ​តម្លៃ​ដែល​ត្រូវ​លះបង់​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​នៅ​តែ​បាត់បង់​សន្លឹក​ឆ្នោត​គាំទ្រ​ពី​មហាជន ដរាប​ណា​ពួក​គេ​នៅ​តែ​មើល​ឃើញ​ថា តុលាការ​មាន​ស្តង់ដារ​ពីរ លម្អៀង​ទៅ​បម្រើ​បុព្វហេតុ​នយោបាយ។

រដ្ឋសភា​ធ្វើ​ច្បាប់​រឹតត្បិត​សេរីភាព

មិន​ខុស​គ្នា​ពី​តុលាការ​ប៉ុន្មាន​ទេ រដ្ឋសភា​ក៏​មិន​ឯករាជ្យ​ដែរ។ ឆក់​ឱកាស​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​តវ៉ា​លទ្ធផល​បោះឆ្នោត​មិន​ចូល​ប្រជុំ​សភា​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​បាន​អនុម័ត​ច្បាប់​ចំនួន​បី ទាក់ទង​នឹង​វិស័យ​យុត្តិធម៌ គឺ «ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​តុលាការ» «ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា» និង «ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម»

សង្គម​ស៊ីវិល រួម​ទាំង​អតីត​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) រិះគន់​ថា ស្មារតី​នៃ​ច្បាប់​ទាំង​បី​បាន​ទាញ​យក​អំណាច​មួយ​ចំនួន​ពី​តុលាការ ឲ្យ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ​ភាព​របស់​តុលាការ។ បន្តបន្ទាប់​មក​ទៀត រដ្ឋសភា​ក៏​បាន​អនុម័ត​ច្បាប់ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ទៀត ដែល​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រិះគន់​ថា ធ្វើ​ឲ្យ​លំហ​សេរីភាព​សម្ដែង​មតិ​រួម​តូច និង​ប៉ះពាល់​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​គោលការណ៍​សកល​នៃ​សង្គម​ប្រជាធិបតេយ្យ។

ច្បាប់​ទាំងនោះ​រួម​មាន ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​រឹតត្បិត​សកម្មភាព​សង្គម​ស៊ីវិល ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​អនុញ្ញាត​ឲ្យ​កង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ​ចូលរួម​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ ដែល​អាច​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​បោះឆ្នោត និង​បក្ស​ប្រឆាំង។

ច្បាប់​បោះឆ្នោត​តំណាង​រាស្ត្រ និង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) រឹតត្បិត គាប​សង្កត់​ដល់​ការ​បញ្ចេញ​សារ​នយោបាយ​ក្នុង​អំឡុង​ពេល​បោះឆ្នោត ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ដោយ​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​និយាយ​ប្រមាថ​ដល់​អ្នក​នយោបាយ​ក្នុង​អំឡុង​ពេល​បោះឆ្នោត ប៉ុន្តែ​ពុំ​បាន​កំណត់​និយមន័យ​នៃ​ពាក្យ​ប្រមាថ​នោះ​ទេ។

ច្បាប់​សំខាន់​មួយ​ទៀត​ដែល​បាន​អនុម័ត​ហើយ គឺ​ច្បាប់​ស្ដីពី​សហជីព ដែល​ក្រុម​សហជីព​យល់​ថា មាន​ការ​រឹតត្បិត​សេរីភាព​របស់​កម្មករ​ក្នុង​ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​កម្ពុជា សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​លែង​ខ្វាយខ្វល់​អំពី​ការ​រិះគន់​ទៀត​ហើយ។

ឧទាហរណ៍ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ និង​សហគមន៍​អន្តរជាតិ ថ្កោលទោស​ចំពោះ​អំពើ​ព្រួត​គ្នា​វាយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញលេញ​ផង​នោះ ស្រាប់​តែ​មាន​ការ​ដំឡើង​បុណ្យ​ស័ក្តិ​ដល់​ជន​ល្មើស​ដៃ​ដល់។ ការ​ធ្វើ​បែប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​លើក​តម្កើង​អំពើ​ហិង្សា​ដែល​ជា​ទង្វើ​ខុស​សីលធម៌​ផង និង​ខុស​ច្បាប់​ផង។

ការ​មិន​ទទួល​ស្គាល់​ការពិត អាច​ជា​ការ​ប្រថុយប្រថាន​មួយ​របស់​គណបក្ស​កាន់​អំណាច ក្នុង​ការ​បាត់បង់​សន្លឹក​ឆ្នោត​ថែម​ទៀត​នៅ​ពេល​បោះឆ្នោត​ខាង​មុខ។ ក្នុង​សម័យ​ហ្វេសប៊ុក រឿង​រំលោភ​ច្បាប់ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ប្រហែល​ជា​អាច​លាក់​បាំង​បាន​តិចតួច​ណាស់ ទោះ​ជា​អ្នក​រំលោភ​នោះ​ជា​បក្ស​ប្រឆាំង​ក្តី ឬ​បក្ស​កាន់​អំណាច​ក្តី។ បើ​គណបក្ស​កាន់​អំណាច​ប្រព្រឹត្ត​កំហុស​កាន់​តែ​ច្រើន អំណោយ​ផល​ល្អ​ដល់​គណបក្ស​ប្រឆាំង​កាន់​តែ​មាន​ច្រើន​ដែរ។ ក្នុង​បរិបទ​នេះ បក្ស​ប្រឆាំង​មិន​ចាំបាច់​ប្រឹង​ខ្លាំង​ទេ ចាំ​តែ​ស៊ី​ពែ​បក្ស​កាន់​អំណាច ក៏​អាច​កើន​ចំនួន​អាសនៈ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

38s dictator street,P Penh,Cambodia

Let us tell u people...and be smart right now in next day general reelection new leader"pm"is coming 2017-12018,and all of u be ready and make sure every vote must be counted and keep all eyes on those voting boots.Stop stupid by CPP's propaganda crooks and thieves...no more,if u support tmil HunSen is like u support north.vietcong commie to rule khmer people and country"Cambodia-Cambodians is in dangerous place to survive".Don't care about any political parties at all...just care your COUNTRY and PEOPLE first...one KHMER...one Nation...one UNITED...one God...and one GOAL,please be waken up right now and don't let any stupid people to bully or foully u around"please go to vote"and time to change to a new leader as all of u can do...stop tmil,crooks and thieves to rule all of u for life"rescue our people and country first before anything else".

Jan 12, 2017 10:22 AM

គេហទំព័រ​ទាំងមូល