បទ​វិភាគ៖ តើ​កម្ពុជា​ដែល​គ្មាន​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នឹង​ទៅ​ជា​យ៉ាង​ណា?

មក​ដល់​ខែ​មករា ឆ្នាំ​២០១៧ នេះ លោក ហ៊ុន សែន កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន ៣២​ឆ្នាំ​គត់​ហើយ។ លោក​បាន​ឡើង​កាន់​តំណែង​កំពូល​នេះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ បន្ត​ពី​លោក ចាន់ ស៊ី ដែល​ទទួល​មរណភាព។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev

មក​ដល់​ខែ​មករា ឆ្នាំ​២០១៧ នេះ លោក ហ៊ុន សែន កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន ៣២​ឆ្នាំ​គត់​ហើយ។ លោក​បាន​ឡើង​កាន់​តំណែង​កំពូល​នេះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ បន្ត​ពី​លោក ចាន់ ស៊ី ដែល​ទទួល​មរណភាព។

ប្រាកដ​ណាស់ ការ​ដែល​លោក​ឈរ​ជាប់​ក្នុង​តំណែង​នេះ​អស់​ជាង​បី​ទសវត្សរ៍​កន្លង​ទៅ​នេះ គឺ​ដោយសារ​មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ដែល​ឈ្នះ​ឆ្នោត​ជានិច្ច​ផង និង​មក​ពី​លោក​ខ្លួន​ឯង​ជឿជាក់​ថា មាន​តែ​លោក​ទេ​ដែល​ស្គាល់​គ្រប់​កន្លុក​កន្លៀត​ផ្លូវ ហើយ​អាច​កាច់​ចង្កូត​ដឹកនាំ​នាវា​កម្ពុជា បាន​ល្អ​ជាង​គេ។ លោក​ក៏​ទស្សន៍ទាយ​ទុក​ដែរ​ថា សង្គ្រាម​នឹង​ឆេះ​រាលដាល​នៅ​កម្ពុជា ប្រសិន​បើ​លោក​មិន​ដឹកនាំ​ប្រទេស​ទេ​នោះ។

អ្វីៗ​ទាំងអស់​នៅ​លើ​លោក​នេះ​មិន​ទៀងទាត់​ទេ ហើយ​នឹង​ដល់​ទី​បញ្ចប់​ដោយ​ចៀស​មិន​រួច “អនិច្ចំ ទុក្ខំ អនត្តា”។ ប្រាកដ​ណាស់ យូរ ឬ​ឆាប់ កម្ពុជា នឹង​មាន​មេ​ដឹកនាំ​ថ្មី​មួយ​ដែល​មិន​មែន​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ចំពោះ​សំណួរ​ថា តើ​កម្ពុជា ដែល​គ្មាន​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន អាច​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ វា​អាស្រ័យ​ទៅ​លើ​កត្តា​សំខាន់ៗ​មួយ​ចំនួន ដូចជា ថា​តើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​បន្សល់​កេរ​ដំណែល​បែប​ណា​សម្រាប់​អ្នក​កាន់​អំណាច​បន្ទាប់​ពី​លោក​ផង និង​វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព និង​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ដែល​នឹង​ឡើង​មក​កាន់​តំណែង​បន្ត​នោះ​ផង។

កម្ពុជា រួច​ផុត​ពី​របប​ខ្មែរ​ក្រហម​បាន ៣៨​ឆ្នាំ​ហើយ។ ថ្វីត្បិតតែ​ពួក​ខ្មែរ​ក្រហម​បាន​គេច​ទៅ​បង្ក​ទ័ព​នៅ​ជាយដែន និង​បង្ក​អសន្តិសុខ​អស់​ជិត ២០​ឆ្នាំ ក្រោយ​ពី​ពួក​នេះ​លែង​កាន់​អំណាច​ក៏ដោយ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ ក្រុម​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​យុទ្ធសាស្ត្រ​ដ៏​ឈ្លាស​វៃ​វាយ​កម្ទេច​ឲ្យ​ស្ទើរ​តែ​សាបសូន្យ​ជា​បណ្ដើរៗ រហូត​ដល់​ក្រុម​នេះ​ត្រូវ​បាន​រំលាយ​បាន​ជា​ស្ថាពរ​នៅ​ឆ្នាំ​១៩៩៩។ ប្រវត្តិវិទូ​ទាំងឡាយ​មូល​មតិ​គ្នា​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា នៃ​សម័យ​កាល​ទំនើប​នេះ ដែល​កម្ពុជា គ្មាន​សង្គ្រាម​ស៊ីវិល​បង្ហូរ​ឈាម​រវាង​ក្រុម​បដិបក្ខ​ខ្មែរ​នឹង​ខ្មែរ​គ្នា​ឯង និង​រួច​ផុត​ពី​សង្គ្រាម​បាញ់​ប្រហារ​ដោយ​អាវុធ​ពី​បរទេស។

ក្នុង​រយៈកាល​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ដែរ សង្គ្រាម​ត្រជាក់ ឬ​សង្គ្រាម​មនោគមន៍​វិជ្ជា​រវាង​ប្លុក​កុម្មុយនីស្ត និង​ប្លុក​សេរី ក៏​ត្រូវ​បាន​បញ្ចប់ ដែល​ធ្វើ​ឲ្យ​កម្ពុជា ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់ និង​ការ​ជួយ​ជ្រោមជ្រែង​រក​សន្តិភាព​ដល់​កម្ពុជា ពី​សហគមន៍​អន្តរជាតិ ព្រម​ទាំង​បាន​បង្ក​លក្ខណៈ​ឲ្យ​កម្ពុជា បាន​បោះ​ជំហាន​ចូល​ក្នុង​ឆាក​អន្តរជាតិ​ស្មើ​មុខ​ស្មើ​មាត់​នឹង​គេ។ ពេល​នេះ កម្ពុជា បាន​ទទួល​អាសនៈ​ស្រប​ច្បាប់​នៅ​អង្គការ​សហប្រជាជាតិ និង​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​អាស៊ាន ជាដើម។ នេះ​អាច​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ​ជួយ​ការពារ​កម្ពុជា កុំ​ឲ្យ​រង​ការ​បង្ក​សង្គ្រាម​ដោយ​អាវុធ​ពី​បរទេស។

ចំពោះ​លទ្ធភាព​ដែល​ថា​អាច​មាន​សង្គ្រាម​ស៊ីវិល​បង្ហូរ​ឈាម​រវាង​ភាគី​ខ្មែរ និង​ខ្មែរ ប្រសិន​បើ​គណបក្ស​នេះ ឬ​គណបក្ស​នោះ​ឈ្នះ​ឆ្នោត​នោះ ក៏​អាច​ពិបាក​នឹង​កើត​មាន​ណាស់ ដ្បិត​កម្ពុជា ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ដែល​ការ​ផ្លាស់ប្ដូរ​មេ​ដឹកនាំ ធ្វើ​ឡើង​តាម​ការ​បោះឆ្នោត​ដោយ​មាន​គណបក្ស​នយោបាយ​នានា​ចូលរួម​ផង​នោះ។

ឧបមា​ថា បើ​គណបក្ស​មិន​កាន់​អំណាច​ចាញ់​ឆ្នោត ហើយ​តវ៉ា ដោយ​ថា​ការ​បោះឆ្នោត​មិន​យុត្តិធម៌ ក៏​ពួក​គាត់​បាន​ត្រឹម​នាំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​លើ​ទីតាំង​មួយ​ដែល​រដ្ឋាភិបាល​គូសវាស​ឲ្យ និង​ស្ថិត​ក្រោម​ក្រសែភ្នែក​តាមដាន​យ៉ាង​ហ្មត់ចត់​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ផង។ ទីបំផុត ក្រុម​អ្នក​តវ៉ា​ក៏​ត្រូវ​ក្រុម​អ្នក​កាន់​អំណាច​បាញ់​បង្ក្រាប​ឲ្យ​រត់​បែក​ខ្ចាត់ខ្ចាយ ដូចជា​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ជា​ឧទាហរណ៍​ស្រាប់។ លើកលែង​តែ​អ្នក​ចាញ់​ឆ្នោត​ជា​ក្រុម​កាន់​អំណាច ហើយ​នៅ​ក្រាញ​មិន​ព្រម​ប្រគល់​អំណាច​ឲ្យ​អ្នក​ឈ្នះ​ឆ្នោត រួច​ប្រើ​កម្លាំង​អាវុធ​វាយ​បង្ក្រាប​ក្រុម​អ្នក​ឈ្នះ​ឆ្នោត​មិន​ឲ្យ​ឡើង​កាន់​អំណាច ទើប​ការ​បង្ហូរ​ឈាម​អាច​កើត​ឡើង​បាន។

ទោះ​ជា​ការ​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​នៅ​កម្ពុជា អាច​នឹង​មិន​ធ្វើ​ឲ្យ​មាន​សង្គ្រាម​កើត​ឡើង​ក៏ដោយ​ចុះ អ្នក​ដឹកនាំ​ថ្មី​ដែល​នឹង​ឡើង​កាន់​អំណាច​បន្ត​ពី​លោក ហ៊ុន សែន ក៏​នឹង​ត្រូវ​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ស្មុគស្មាញ​ជាច្រើន​អន្លើ ដែល​បង្ក​ឡើង និង​បន្សល់​ទុក​ពី​ការ​កាន់​អំណាច​ជាង ៣០​ឆ្នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ បញ្ហា​ទាំងនោះ​មាន​ច្រើន​សន្ធឹកសន្ធាប់ ដែល​អាច​ត្រូវ​ការ​ពេលវេលា​វែង​ក្នុង​ការ​សិក្សា និង​បរិយាយ ក៏ប៉ុន្តែ​ជា​ត្រួសៗ បញ្ហា​លេចធ្លោ​មួយ​ចំនួន​ដែល​មេ​ដឹកនាំ​ថ្មី​បន្ទាប់​ពី​លោក ហ៊ុន សែន ត្រូវ​ប្រឈម​មាន​ជាអាទិ៍​ដូចជា៖

  • ការ​ជួយ​ដោះស្រាយ​រក​ទី​ជម្រក​ឲ្យ​មនុស្ស​ជិត ១​លាន​នាក់​ដែល​រងគ្រោះ​ដោយសារ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បណ្ដេញ​ចេញ​ពី​លំនៅឋាន ក្រោម​ហេតុផល​អភិវឌ្ឍន៍ និង​ដី​សម្បទាន​សេដ្ឋកិច្ច
  • ការ​រៀបចំ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​កុំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ
  • ការ​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​តិចតួច​ពី​ការ​កាប់​ឆ្ការ​ធ្វើ​អាជីវកម្ម​ពី​សំណាក់​ឈ្មួញ ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​អ្នក​កាន់​អំណាច។

 

ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ថា​ នឹង​កាត់​ក​ខ្លួន​ឯង​ចោល បើ​លោក​មិន​អាច​បញ្ឈប់​ឈ្មួញ​ជួញដូរ​ព្រៃ​ឈើ​មិន​បាន​ក៏ដោយ​ចុះ មក​ទល់​នឹង​ពេល​នេះ ក្រុម​ស្រាវជ្រាវ​ណាសា (NASA) របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ថត​ពី​ទី​អវកាស​មក បាន​រក​ឃើញ​ថា ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា កំពុង​បាត់បង់​ក្នុង​ល្បឿន​លឿន​ខ្លាំង ហើយ​ថា​ កម្ពុជា ស្ថិត​ក្នុង​ក្រុម​ប្រទេស​ដែល​មាន​អត្រា​ការ​កាប់​ព្រៃ​ឈើ​លឿន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

មេ​ដឹកនាំ​បន្ត​ពី​លោក ហ៊ុន សែន ក៏​នឹង​ត្រូវ​ទទួល​បន្ទុក​សង​បំណុល​បរទេស​ប្រមាណ​ជិត ១​ម៉ឺន​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទោះ​ជា​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​បាន​ខ្ចី​លុយ​បរទេស​ច្រើន​សន្ធឹកសន្ធាប់ និង​បាន​ធ្វើ​អាជីវកម្ម​កាប់​ព្រៃ​ឈើ លក់​ធនធាន​ធម្មជាតិ និង​សម្បត្តិ​ជាតិ​ស្ទើរ​រលាយ​ហិនហោច​ក្តី អ្នក​ជំនាញ​សេដ្ឋកិច្ច​ចាត់​ទុក​ថា កម្ពុជា កំពុង​ឋិត​ក្នុង​ចំណោម​ប្រទេស​ដែល​ក្រីក្រ​ខ្លាំង​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ អត្រា​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា បាន​ថយ​ចុះ​មែន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តែ​អ្នក​ជំនាញ​រក​ឃើញ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ មាន​អ្នក​ក្រ ៧​លាន​នាក់ និង​អ្នក​ជិត​ក្រ​ប្រមាណ ៨​លាន​នាក់។ បើ​តាម​តួលេខ​នេះ ពលរដ្ឋ​កម្ពុជា ស្ទើរ​តែ​ទាំងអស់​សុទ្ធតែ​ជា​អ្នក​ក្រ និង​អ្នក​ហៀប​តែ​នឹង​ធ្លាក់​ខ្លួន​ក្រ។

ប្រាកដ​ណាស់ កម្ពុជា ក៏​មាន​អ្នក​មាន​ទ្រព្យ​ធន​តាម​ការ​ប្រកប​របរ​រក​ស៊ី​សុចរិត​ទៀង​ត្រង់​ដែរ ក៏ប៉ុន្តែ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​មួយ​ចំនួន វណ្ណៈ​អ្នក​ដឹកនាំ និង​ក្រុម​អ្នក​ហែហម​វណ្ណៈ​អ្នក​ដឹកនាំ ភាគច្រើន​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ដោយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ គ្រួសារ​ដែល​មាន​ជាង​គេ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​តាម​ការ​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) គឺ​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្តង។ ការ​ស៊ើប​អង្កេត​នេះ ឲ្យ​ដឹង​ថា គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​លុយ​សរុប​ទាំងអស់​ប្រមាណ​ពី ៥០០​លាន​ ទៅ ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​អះអាង​ថា លោក​ទទួល​បាន​ប្រាក់​ខែ ១​ម៉ឺន ៣​ពាន់ ៨០០​ដុល្លារ (១៣.៨០០​ដុល្លារ) ក្នុង​មួយ​ឆ្នាំ។ ប្រសិន​បើ​លោក​មិន​ចាយ​មួយ​ដុល្លារ​ណា​សោះ​ក្នុង​រយៈពេល ៣២​ឆ្នាំ​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នេះ លោក​អាច​សន្សំ​បាន​ប្រមាណ​ជិត​កន្លះ​​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ប្រហែល​មាន​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ​ដែល​អាច​ផ្ទៀងផ្ទាត់​បញ្ជាក់​ថា តើ​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ថា​លោក​នាយក​រដ្ឋមន្ត្រី និង​គ្រួសារ​មាន​ប្រាក់​ពី ៥០០​លាន​ទៅ ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ ពិត​ឬ​មិន​ពិត។ ហើយ​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រេច​តាមដាន​រឿង​នេះ​មែន ក្រុម​នេះ​ប្រហែល​សម្បូរ​ការងារ​ធ្វើ​ណាស់។

ការ​រៀបចំ​ពង្រឹង​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ដែល​មាន​អ្នក​ជំនាញ​គ្រប់គ្រង​ច្បាស់លាស់ ជា​ជាង​គ្រប់គ្រង​ដោយ​គ្រួសារ​មេ​ដឹកនាំ និង​បក្ខពួក​របស់​មេ​ដឹកនាំ ក៏​ជា​បន្ទុក​មួយ​សម្រាប់​អ្នក​ឡើង​កាន់​អំណាច​បន្ត​ពី​លោក ហ៊ុន សែន ជាពិសេស​ការ​រៀបចំ​ប្រទេស​មួយ​ឲ្យ​មាន​ការ​គោរព​ច្បាប់ លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព។

យោង​តាម​ការ​ទម្លាយ​ឯកសារ​សម្ងាត់​របស់ វិគីលីក (WikiLeaks) ដែល​បាន​ចុះ​ផ្សាយ​នូវ​កំណត់​សម្គាល់​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ពី​ចន្លោះ​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១០ ប្រមុខ​អ្នក​ការទូត​អាមេរិក​សរសេរ​ថា “ឈ្មួញ​រក​ស៊ី​ធំៗ​នៅ​កម្ពុជា សុទ្ធតែ​មាន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​យ៉ាង​ជិតដិត​ជាមួយ​លោក ហ៊ុន សែន និង​ជាមួយ​មន្ត្រី​គ្រាក់ៗ​ក្នុង​របប​លោក ហ៊ុន សែន”។ ឯកសារ​បែក​ធ្លាយ​នោះ​បន្ត​ថា “លោក ហ៊ុន សែន ត្រេក​ត្រអាល​នឹង​ទំនាក់ទំនង​ជាមួយ​មហា​សេដ្ឋី​ទាំងនេះ​ណាស់ ដ្បិត​ពួក​គេ​បាន​ផ្តល់​លុយ​ដល់​លោក ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​មក​វិញ​នូវ​ការ​គាំទ្រ​ពី​លោក ក្នុង​មុខ​ជំនួញ​របស់​គេ”។ អ្នក​ការទូត​អាមេរិក​រូប​នោះ​សន្និដ្ឋាន​ថា “គឺ​ទំនាក់ទំនង​សេដ្ឋកិច្ច​បែប​នេះ​ហើយ ដែល​បាន​បង្កើត​ឡើង និង​ពង្រឹង​នូវ​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ប្រទេស​កម្ពុជា ហើយ​ព្រម​ទាំង​បាន​រារាំង​សកម្មភាព​ទប់ស្កាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស”

កម្ពុជា ដែល​គ្មាន​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ក៏​ប្រហែល​ជា​មាន​ការ​ផ្តល់​សេវា​សាធារណៈ ដូចជា​ការ​កសាង​សាលា​រៀន មន្ទីរពេទ្យ ផ្លូវ​ថ្នល់ ជូន​ដល់​ពលរដ្ឋ​ប្រកប​ដោយ​យន្តការ និង​យុទ្ធសាស្ត្រ​ជាតិ​ត្រឹមត្រូវ ជា​ជាង​ការ​យក​ធនធាន​របស់​ជាតិ​ទៅ​ផ្តល់​ឲ្យ​អ្នក​ក្រីក្រ និង​ក្រុម​មនុស្ស​ដែល​គាំទ្រ​ខ្លួន​តាម​ទំនើង​ចិត្ត រួច​ផ្សាយ​ពី​សកម្មភាព​ទាំងនោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​សាច់សាលោហិត​របស់​ខ្លួន ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​បែប​ប្រជាភិថុតិ។

តម្រូវការ​ចាំបាច់​មួយ​ទៀត​ក្នុង​សង្គម​កម្ពុជា ដែល​គ្មាន​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នោះ គឺ​ការ​ធានា​នូវ​សិទ្ធិ​ផ្តល់ និង​ទទួល​ព័ត៌មាន ដែល​បង្ក​លក្ខណៈ​ឲ្យ​អ្នក​កាសែត និង​ប្រភព​ផ្តល់​ដំណឹង អាច​បំពេញ​បេសកកម្ម​របស់​ខ្លួន និង​និយាយ​ការពិត​បាន​ជា​ប្រយោជន៍​ដល់​សង្គម ដោយ​មិន​ទទួល​ការ​គំរាម​កំហែង​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​រង​ការ​ជេរ​ប្រមាថ និង​ដោយ​មិន​ចាំបាច់​សរសេរ​លើក​ជើង​ក្រុម​អ្នក​កាន់​អំណាច​ឡើយ។

ក្រៅ​ពី​នេះ ការ​ស្ដារ​សីលធម៌​សង្គម​ឡើង​វិញ បន្ទាប់​ពី​មាន​មេ​ដឹកនាំ​កំពូល​សាបព្រោះ​នូវ​វប្បធម៌​ជេរ​ប្រមាថ​ដាក់​មេក្រូ​ជា​សាធារណៈ ដោយ​ហៅ​គេ​ឯង​ថា​អា​គុក អា​ព្រហើន ជាដើម ព្រម​ទាំង​ការ​ផ្សះផ្សា​មនុស្ស​នៅ​ក្នុង​សង្គម​ជាតិ​ឲ្យ​ជានា​នឹង​គ្នា​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​ញុះញង់​ឲ្យ​បែកបាក់ លាប​ពណ៌​គ្នា​ថា​ជា​ក្រុម​ប្រឆាំង ក្រុម​អាយ៉ង​បរទេស ក្រុម​មាន​គតិ ឬ​ក្រុម​អគតិ ជាដើម។

អាស្រ័យ​ទៅ​នឹង​បុគ្គលិក​លក្ខណៈ និង​សមត្ថភាព​របស់​មេ​ដឹកនាំ​ថ្មី កម្ពុជា ដែល​គ្មាន​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រហែល​ជា​អាច​រួច​ផុត​ពី​ក្រញាំ​គ្រប់គ្រង​ប្រទេស​មួយ​ដែល​មេ​ដឹកនាំ​ចាត់​ទុក​ប្រទេស​ជាតិ ដូចជា​សម្បត្តិ​ឯកជន​របស់​គ្រួសារ​ខ្លួន និង​ក្រុម​បក្ស​របស់​ខ្លួន ហើយ​ប្រែ​ក្លាយ​កម្ពុជា ដ៏​កម្សត់​នេះ​ឲ្យ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​អភិវឌ្ឍ​ត្រឹមត្រូវ និង​ជា​សង្គម​មួយ​ដែល​មាន​យុត្តិធម៌ និង​សេរីភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។