កញ្ញា ទេព សុរ៉ាវី អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានរាយការណ៍ថា សមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ចាម បានឃាត់ខ្លួនស្ត្រីម្នាក់ជាមេខ្យល់នាំពលករទៅធ្វើការខុសច្បាប់ ឈ្មោះ ស្រេន រកី អាយុ៣៥ឆ្នាំ ដែលមានស្រុកកំណើតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោក ស៊ុម ចាន់ណា ឲ្យដឹងថា តាមការសន្និដ្ឋានបឋម មេខ្យល់បម្រុងយកពលករទាំងនោះឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ឬប្រទេសថៃ តែត្រូវសមត្ថកិច្ចជួយសង្គ្រោះបានទាន់ពេលវេលា។
លោក ស៊ុម ចាន់ណា៖ «កសាងបែបបទកំពុងតែប្រមូលឯកសារនានា យកធ្វើជាព័ត៌មានទាំងឡាយ សម្រាប់ធ្វើផែនការសំយោគក្នុងការនាំអ្នកដែលយកហ្នឹងឯង ទៅតុលាការការនាំចេញពលករទៅក្រៅប្រទេស ដោយមិនស្របច្បាប់»។
លោក ស៊ុម ចាន់ណា បន្តថា យុវជនពេញកម្លាំងអាយុចាប់ពី១៨ដល់២៣ឆ្នាំ មកពីស្រុកតំបែរ ខេត្តកំពង់ចាម នឹងត្រូវបញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីសមត្ថកិច្ចសាកសួររួច។ ចំណែកស្ត្រីជាមេខ្យល់ នឹងត្រូវបញ្ជូនទៅតុលាការ នៅថ្ងៃទី២៣ ខែសីហា ពីបទជួញដូរពលករខុសច្បាប់ទៅធ្វើការនៅក្រៅប្រទេស។
មាត្រា១១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស បានចែងថា ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅប្រគល់ ឬនាំយកទៅក្រៅប្រទេស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។