អាណាព្យាបាល​សិស្ស​ថា​មាន​ធ្លាយ​វិញ្ញាសា​ប្រឡង​ខ្មែរ​នៅ​ក្រចេះ

ការ​ប្រឡង​ទុតិយភូមិ ឬ​ហៅ​ថា ប្រឡង​បាក់ឌុប បាន​ឈាន​ចូល​ថ្ងៃ​ទី​២ ហើយ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១២។ នៅ​ឯ​ខេត្ត​ក្រចេះ មាន​សេចក្ដី​រាយការណ៍​ថា មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​ខ្មែរ។
ដោយ ទេព សុរ៉ាវី
2012-08-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​បែក​ធ្លាយ​នេះ​ត្រូវ​បាន​ក្រុម​អាណាព្យាបាល​សិស្ស​ប្រាប់​ថា វិញ្ញាសា​ប្រឡង​នេះ​មាន​ប្រភព​ធ្លាយ​ពី​ក្រុង​ភ្នំពេញ តាម​ទូរស័ព្ទ​ដៃ ហើយ​មាន​អ្នក​គ្រូ​ឯកទេស​អក្សរសាស្ត្រ​ខ្មែរ​ម្នាក់ បង្រៀន​ថ្នាក់​ទី​១១ និង​ទី​១២ ដែល​មាន​កូន​ប្រឡង​នៅ​សាលា​ក្រចេះ​ក្រុង បាន​ធ្វើ​កំណែ​លើ​វិញ្ញាសា​ខ្មែរ​ដែល​បែក​ធ្លាយ​នោះ និង​បាន​ចែកចាយ​បន្ត​ដល់​ក្រុម​អាណាព្យាបាល​ដទៃ​ទៀត ដើម្បី​ហុច​កំណែ ឬ​ប្រ៊ុយយ៉ុង​ឲ្យ​កូន​របស់​ខ្លួន​នៅ​តាម​របង​សាលា​នៃ​មណ្ឌល​ប្រឡង។

ទាក់ទង​នឹង​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​ខ្មែរ​នេះ លោក ហន ឆន ប្រធាន​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​ខេត្ត​ក្រចេះ ថា​កំណែ​ទាំង​នោះ​ត្រូវ​ចំ​តិចតួច​ប៉ុណ្ណោះ ហើយ​វិញ្ញាសា​ខ្មែរ​មិន​បែក​ធ្លាយ​ដូច​ការ​លើក​ឡើង​របស់​សិស្ស និង​អាណាព្យាបាល​នោះ​ឡើយ៖ «មាន​ប្រ៊ុយយ៉ុង​អី​ចូល​តែ​វា​អត់​ត្រូវ​ទេ វា​ខុស​ទាំង​អស់។ ចំណុច​តូច​មួយ​ទេ វា​មិន​ទាំង​អស់​ទេ ហើយ​បោះ​ហ្នឹង​ភាគ​ច្រើន​ខ្ញុំ​បាន​ឆែក​យក​ទាំង​អស់​វិញ។ ម្ដាយ​គាត់​មក​ជួយ​លើក​ទឹក​ចិត្ត​កូន​អត់​មាន​ចេញ​ចូល​ស្រេច​តែ​ចិត្ត​អត់​បាន​ទេ»

លោក ហន ឆន ប្រាប់​ថា គ្រូ​អនុរក្ស​ប្រចាំ​ក្នុង​បន្ទប់​នីមួយៗ មិន​បាន​ទារ ឬ​ទទួល​លុយ​សំណូក​ពី​សិស្ស​ជា​ថ្នូរ​នៃ​ការ​បើក​ចម្លង​កំណែ ឬ​ប្រ៊ុយយ៉ុង​នោះ​ទេ។ តែ​បើ​តាម​សិស្ស​ដែល​ប្រឡង​ប្រាប់​ថា ពួក​គេ​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​ពី ៥​ពាន់​រៀល ទៅ ២​ម៉ឺន​រៀល ក្នុង​មួយ​មុខវិជ្ជា​ដើម្បី​ឲ្យ​គ្រូ​ប្រចាំ​ថ្នាក់ ឬ​អនុរក្ស​ប្រឡង។

នៅ​ទូទាំង​ខេត្ត​ក្រចេះ មាន​បេក្ខជន​ប្រឡង​បាក់ឌុប សរុប​ចំនួន ១.៦៥៨​នាក់ ដែល​មាន​ចំនួន ៤​មណ្ឌល ស្មើ​នឹង ៦៧​បន្ទប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សុំដាក់ឈ្មោះសាលាអោយបានត្រឹមត្រូវផងព្រោះមានអនុវិទ្យាលយ័និងវិទ្យាលយ័ក្រចេះក្រុង

Aug 07, 2012 11:48 PM