ការបែកធ្លាយនេះត្រូវបានក្រុមអាណាព្យាបាលសិស្សប្រាប់ថា វិញ្ញាសាប្រឡងនេះមានប្រភពធ្លាយពីក្រុងភ្នំពេញ តាមទូរស័ព្ទដៃ ហើយមានអ្នកគ្រូឯកទេសអក្សរសាស្ត្រខ្មែរម្នាក់ បង្រៀនថ្នាក់ទី១១ និងទី១២ ដែលមានកូនប្រឡងនៅសាលាក្រចេះក្រុង បានធ្វើកំណែលើវិញ្ញាសាខ្មែរដែលបែកធ្លាយនោះ និងបានចែកចាយបន្តដល់ក្រុមអាណាព្យាបាលដទៃទៀត ដើម្បីហុចកំណែ ឬប្រ៊ុយយ៉ុងឲ្យកូនរបស់ខ្លួននៅតាមរបងសាលានៃមណ្ឌលប្រឡង។
ទាក់ទងនឹងការបែកធ្លាយវិញ្ញាសាប្រឡងខ្មែរនេះ លោក ហន ឆន ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តក្រចេះ ថាកំណែទាំងនោះត្រូវចំតិចតួចប៉ុណ្ណោះ ហើយវិញ្ញាសាខ្មែរមិនបែកធ្លាយដូចការលើកឡើងរបស់សិស្ស និងអាណាព្យាបាលនោះឡើយ៖ «មានប្រ៊ុយយ៉ុងអីចូលតែវាអត់ត្រូវទេ វាខុសទាំងអស់។ ចំណុចតូចមួយទេ វាមិនទាំងអស់ទេ ហើយបោះហ្នឹងភាគច្រើនខ្ញុំបានឆែកយកទាំងអស់វិញ។ ម្ដាយគាត់មកជួយលើកទឹកចិត្តកូនអត់មានចេញចូលស្រេចតែចិត្តអត់បានទេ»។
លោក ហន ឆន ប្រាប់ថា គ្រូអនុរក្សប្រចាំក្នុងបន្ទប់នីមួយៗ មិនបានទារ ឬទទួលលុយសំណូកពីសិស្សជាថ្នូរនៃការបើកចម្លងកំណែ ឬប្រ៊ុយយ៉ុងនោះទេ។ តែបើតាមសិស្សដែលប្រឡងប្រាប់ថា ពួកគេម្នាក់ត្រូវចំណាយប្រាក់ពី ៥ពាន់រៀល ទៅ ២ម៉ឺនរៀល ក្នុងមួយមុខវិជ្ជាដើម្បីឲ្យគ្រូប្រចាំថ្នាក់ ឬអនុរក្សប្រឡង។
នៅទូទាំងខេត្តក្រចេះ មានបេក្ខជនប្រឡងបាក់ឌុប សរុបចំនួន ១.៦៥៨នាក់ ដែលមានចំនួន ៤មណ្ឌល ស្មើនឹង ៦៧បន្ទប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។