អ្នក​បឹងកក់​និង​បុរីកីឡា​ដង្ហែ​ក្បួន​ទៅ​រដ្ឋសភា​និង​អង្គការ​សហប្រជាជាតិ

អ្នក​ភូមិ​បឹងកក់ និង​អ្នក​ភូមិ​បុរីកីឡា ជិត ២០០​នាក់ ដង្ហែ​ក្បួន​ទៅ​កាន់​រដ្ឋសភា និង​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ នៅ​កម្ពុជា ព្រម​ទាំង​ស្ថានទូត​ចំនួន​ពីរ គឺ​ស្ថានទូត​ប្រទេស​ដាណឺម៉ាក (Denmark) ស្ថានទូត​ប្រទេស​អាល្លឺម៉ង់ (Germany)។
ដោយ វិជ័យ អានន្ទ
2012-09-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

តំណាង​អ្នក​បឹងកក់ លោកស្រី ទេព វន្នី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ កញ្ញា ថា ការ​ដង្ហែ​គ្នា​ទៅ​កាន់​រដ្ឋសភា​ជាតិ​ក្នុង​បំណង​ដាស់​ស្មារតី​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់ សុំ​ឲ្យ​ពួក​គេ​ភ្ញាក់​ខ្លួន​ឡើង និង​ងាក​ដើរ​ផ្លូវ​ត្រូវ និង​គោរព​ច្បាប់​ឡើង​វិញ។ រីឯ​ការ​ដាក់​ញត្តិ​នៅ​ទីស្នាក់ការ​នៃ​អង្គការ​សហប្រជាជាតិ និង​ស្ថានទូត​ពីរ​ទៀត​នោះ គឺ​ទិស​ដៅ​សុំ​ឲ្យ​ស្ថាប័ន​ទាំង​នោះ ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ដោះ​លែង​លោកស្រី យ៉ោម បុប្ផា សកម្មជន​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​លោកស្រី ទឹម សាក់មុន្នី សកម្មជន​តំបន់​បុរីកីឡា។

លោកស្រី ទេព វន្នី៖ «ពេល​ទៅ​រដ្ឋសភា យើង​អត់​ដាក់​ញត្តិ​ទេ ព្រោះ​ថ្ងៃ​ហ្នឹង​ថា​គេ​អត់​ធ្វើ​ការ​ទេ គ្រាន់​តែ​ថា​ចេញ​ពី​រដ្ឋសភា​ហ្នឹង ពួក​ខ្ញុំ​ដង្ហែ​ទៅ​យូ.អិន (UN) ចេញ​ពី​រដ្ឋសភា​ចូល​យូ.អិន សិន ចេញ​ពី​យូ.អិន ហើយ យូ.អិន យើង​ដាក់​ញត្តិ ដាក់​ញត្តិ​ដូច​អា​ញត្តិ​ខ្ញុំ​ដាក់​រាល់​ដង​អ៊ីចឹង។ មាន​រឿង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោកស្រី យ៉ោម បុប្ផា ហើយ​មួយ​ទៀត យើង​សុំ​ឲ្យ​គាត់​ជួយ​ធ្វើ​អន្តរាគមន៍​ដី​ចំនួន ១២.៤៤​ហិកតារ ឲ្យ​បាន​បោះ​ព្រំ​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចប់​ជម្លោះ ហើយ​និង​កុំ​ឲ្យ​កាត់​គ្រួសារ​ណា​ចេញ​មួយ ហើយ​និង​សុំ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន ៦៤គ្រួសារ ដែល​មិន​ទាន់​បាន ហើយ​ដាក់​ទៅ​ន័យ​ដូច​គ្នា។ ប៉ុន្តែ ចេញ​ពី​យូ.អិន ហ្នឹង​ហើយ ខ្ញុំ​ទៅ​ស្ថានទូត​ដាណឺម៉ាក តែ​បី​ហ្នឹង​ទេ គ្រាន់​តែ​ថា ៤កន្លែង តែ​គ្រាន់​ថា​ជា​ញត្តិ​ដែល​យើង​ដាក់ យើង​ដាក់​បាន​បី»

អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា បាន​ដង្ហែ​ក្បួន​ដើរ​ដាក់​ញត្តិ​ស្ថានទូត​នានា​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​តំណាង​របស់​ពួក​គេ​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​បន្ត​បន្ទាប់​គ្នា​នោះ​រួច​មក។ លោកស្រី យ៉ោម បុប្ផា ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី៤ សីហា ឆ្នាំ​២០១២ ដោយ​តុលាការ​ចោទ​លោកស្រី​ថា បាន​ប្រព្រឹត្ត​ល្មើស​ទាក់​ទង​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ រីឯ​លោកស្រី ទឹម សាក់មុន្នី ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន ក្រោយ​លោកស្រី យ៉ោម បុប្ផា បាន ១ថ្ងៃ ដោយ​តុលាការ​ចោទ​លោកស្រី​ថា បាន​ប្រព្រឹត្ត​បទ​ល្មើស​ប្រកាស​ព័ត៌មាន​មិន​ពិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល