អ្នក​បឹង​កក់​បន្ត​តវ៉ា​ទាមទារ​ដោះ​លែង​តំណាង​១៥​នាក់

អ្នក​​បឹង​កក់​បន្ត​សុំ​អន្តរាគមន៍​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដើម្បី​អោយ​មាន​ការ​ដោះ​លែង​តំណាង​អ្នក​ភូមិ ១៥​នាក់ អោយ​មាន​សេរី​ភាព ខណៈ​ដែល​ស្រ្តី ៦​នាក់ ក្នុង​ចំណោម​នោះ​បាន​បន្ត​ការ​តវ៉ា​ដោយ​អត់​អាហារ​ក្នុង​ពន្ធនាគារ។
ដោយ សុ ជីវី
2012-06-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្រុម​អ្នក​បឹង​កក់​ដែល​ភាគច្រើន​ជា​ស្ត្រី នឹង​កុមារ​សរុប​ជិត ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែ​មិថុនា បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក ក្បែរ​វត្តភ្នំ និង​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក តាម​រយៈ លោក វីលលៀម ថត (William Todd) ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដោយ​ស្នើ​សុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) អោយ​ពិចារណា​មុន​ការ​ជួប​សន្ទនា​ណា​មួយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

ពួកគេ​ក៏​បាន​ដង្ហោយ​ហៅ​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក អន្តរាគមន៍​ដោះលែង​អ្នក​តំណាង​ទាំង ១៥​នាក់ ដ្បិត​ពួកគេ​មិន​ចង់​ឲ្យ​អ្នក​តំណាង និង​ជា​ម្តាយ​របស់​ពួកគេ​ធ្វើ​អត្តឃាត​ក្នុង​ពន្ធនាគារ។

ជាមួយគ្នា​នោះ​ដែរ​ពលរដ្ឋ​តំបន់​បឹង​កក់​ក៏​បាន​ដាក់​ញត្តិ​អំពាវនាវ​ឲ្យ​លោក ហ្វ្រង់ស្វ័រ កូរ៉ែន (Francois Caurain) ឯក​អគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះលែង​ប្រជាពលរដ្ឋ​ទាំង ១៥​នាក់ នៅ​តំបន់​បឹងកក់ ដែល​បច្ចុប្បន្នកំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស។

មន្ត្រី​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​សភាព​អឺរ៉ុប បាន​យល់ព្រម​ទទួល​យក​ញត្តិ​អ្នក​បឹងកក់ និង​សន្យា​ថា នឹង​ជួយ​ដល់​ពួកគេ។ ដោយ​ឡែក​ក្រុម​អ្នក​ភូមិ​បាន​អោយ​ដឹង​ថា មាន​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចំនួន ៦ ហើយ ដែល​បាន​ធ្វើ​ការ​តវ៉ា​ដោយ​អត់​អាហារ​ក្នុង​ពន្ធនាគារ ក្នុង​នោះ​រួម​មាន អ្នកស្រី ទេព វន្នី គង់ ចន្ថា ឆេង លាភ តុល ស្រីពៅ លី ណារី និង​អ្នកស្រី សុង ស្រីលាភ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល