តុលាការ​ខេត្ត​បាត់ដំបង ឃុំ​ខ្លួន​មនុស្ស​៦នាក់​ពី​បទ​ឆបោក

គ្រួសារ​ជន​ជាប់​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​សង្ស័យ​៦នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ហើយ​អំពាវនាវ​សុំ​ឲ្យ​តុលាការ​ខេត្ត​បាត់ដំបង ដោះលែង​ប្ដី​របស់​គាត់​ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ។
ដោយ សួន សុផលមុន្នី
2012-09-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​សុំ​អន្តរាគមន៍​លីកាដូ ៣០៥
សមាជិក​គ្រួសារ​របស់​លោក ដៀង សារុំ សុំ​កិច្ច​អន្តរាគមន៍​ផ្លូវ​ច្បាប់​នៅ​ស្នាក់​ការ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Soun Sophalmony

លោកស្រី រី មន្តថា អាយុ​៤៨​ឆ្នាំ រស់នៅ​ឃុំ​ដូនបា ស្រុក​គាស់​ក្រឡ ខេត្ត​បាត់ដំបង បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា តុលាការ​បាន​ចាប់​ឃុំ​ខ្លួន​ប្ដី​លោកស្រី កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ ក្រោម​ការ​ចោទ​ពី​បទ​ឆបោក៖ «គេ​ចោទ​គាត់​ហ្នឹង ផ្ដិត​មេដៃ​ពី​រឿង​ឆបោក ហើយ​គាត់​មាន​ចេះ​អក្សរ​អី​បាន​មួយ​អង្គ។ គាត់​ថា ផ្ដិត​មេដៃ​ហ្នឹង ទទួល​ស្គាល់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ធ្វើ​បាប​គាត់។ អ៊ីចឹង គេ​ដាក់​ថា​ឈ្មោះ​គាត់​ឆបោក យក​លុយ​គេ។ ការ​ពិត គាត់​មិន​ចេះ​អី​ទេ ផ្ដិត​មែន ចាញ់​បោក​គេ។ អ៊ីចឹង ឲ្យ​អង្គការ​ជួយ​ រក​យុត្តិធម៌ ចាប់​ឃុំ​ទុក​អ៊ីចឹង»

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​បាត់ដំបង លោក យាប់ មេត្តា បាន​ចោទ​ប្រកាន់​លើ​ឈ្មោះ ដៀង សារុំ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ពី​បទ​ឆបោក ប្រព្រឹត្តិ​នៅ​ភូមិ​អណ្ដូង​កន្ទួត ឃុំ​ដូនបា ស្រុក​គាស់​ក្រឡ ខេត្ត​បាត់ដំបង។ ករណី​នេះ កើត​មាន​តាំង​ពី​អំឡុង​ឆ្នាំ​២០១២ ដល់​ខែ​កក្កដា ឆ្នាំ​២០១២ បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោកស្រី រុំ ចាន់រ៉ា អាយុ​២៨​ឆ្នាំ ត្រូវ​ជា​កូន​លោក ដៀង សារុំ បាន​ថ្លែង​ថា ឪពុក​របស់​គាត់​មាន​កំហុស​ដោយ​សារ​តែ​គាត់​ពុំ​ចេះ​អក្សរ ហើយ​គាត់​បាន​ផ្ដិត​មេដៃ​ឲ្យ​គេ៖ «គេ​យក​លុយ​យក​កាក់​ពី​ប្រជាជន ហើយ​ឲ្យ​គាត់​ផ្ដិត​មេដៃ​ទទួល​ដឹង​ឮ កុំ​ឲ្យ​មាន​កាំបិត​ពូថៅ​មក​ធ្វើ​បាប​គាត់។ គាត់​ធ្វើ​ស្រែ​គាត់​ហ្នឹង​យូរ​ហើយ តែ​ប្រជាជន​ធ្វើ​នៅ​លើ​ដី​ខ្ញុំ​មាន​១០​គ្រួសារ តែ​ច្រើន​ណាស់​ទៅ​ក្រោយ​ទៀត គ្មាន​ធ្វើ​អី​បាន​ទេ​ខ្ញុំ​នោះ»

លោក ហេង សាយហុង មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង បាន​ប្រាប់​ក្រុម​គ្រួសារ​ជន​ជាប់​សង្ស័យ​ធ្វើ​ពាក្យ​ដាក់​ទៅ​តុលាការ ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ដោយ​ឈរ​លើ​ហេតុផល ពុំ​មាន​ចេតនា​ទុច្ចរិត​របស់​ជន​សង្ស័យ៖ «ដោយ​យើង​សំអាង​លើ​ហេតុផល អ្វី​ដែល​ជា​កំហុស​អចេតនា មិន​បាន​ប្រព្រឹត្តិ មិន​បាន​ទទួល​ផល​នៅ​ក្នុង​សាច់​រឿង​ហ្នឹង ដោយ​សារ​យើង​មិន​សូវ​ចេះ​អក្សរ​អី​អ៊ីចឹង យើង​មិន​បាន​គេច​ខ្លួន​នៅ​គ្រប់​ដំណាក់​កាល​តុលាការ​កោះ​ហៅ​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​បាត់ដំបង បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​៥​នាក់។ ជន​សង្ស័យ​ខ្លះ ជាប់​បទល្មើស​ផ្ទួន​គ្នា គឺ​បទ​ឆបោក និង​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា។ អ្នក​ភូមិ​ទាំង​នោះ​មាន​ឈ្មោះ ១-សើរ សាមេន ២-ឃឿន សារ៉េត ៣-យឹម វិរៈ ៤-ឌី សាវុធ ៥-ឈួយ ស៊ើន និង​៦-ដៀង សារុំ ដែល​ទើប​ចាប់​ឃុំ​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ខែ​កក្កដា ក្រុម​អ្នក​ភូមិ​ជា​ច្រើន បាន​លើក​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​អគារ​តុលាការ​ខេត្ត​បាត់ដំបង ទាមទារ​ឲ្យ​ដោះលែង​ជន​សង្ស័យ​ទាំង​នោះ​ឲ្យ​រួច​ផុត​ពី​បទ​ចោទ​ប្រកាន់ ប៉ុន្តែ​តុលាការ​បាន​បដិសេធ ហើយ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រក​មេធាវី​ទៅ​ធានា​អ្នក​ជាប់​ពន្ធនាគារ​ទាំង​នោះ ឲ្យ​នៅ​ក្រៅ​ឃុំ​តាម​នីតិវិធី​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល