លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងចំណោមជនជាតិចិន១៥នាក់នោះមានជនជាតិចិនដីគោក៤នាក់ដែលមានលិខិតឆ្លងដែន ពួកគេនឹងចេញពីកម្ពុជា តាមយន្តហោះនៅយប់ថ្ងៃសៅរ៍ ទី២៥ សីហា។ រីឯជនជាតិតៃវ៉ាន់១១នាក់ទៀតនោះ នៅពន្យារពេលសិន ដោយសារពួកគេពុំមានលិខិតឆ្លងដែន ប៉ុន្តែយ៉ាងណា ពួកគេនឹងអាចបញ្ជូនចេញពីកម្ពុជា ជាបន្តបន្ទាប់៖ «ព្រោះ១១នាក់នោះ អត់មានលិខិតឆ្លងដែនទេ។ ព្រោះគាត់មកធ្វើកិច្ចការហ្នឹង មេខ្លោងគាត់បានដកហូតលិខិតឆ្លងដែនគាត់ទៅៗ»។
តំណាងនគរបាលចិន៣នាក់ មកពីប្រទេសចិន បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១២ ដើម្បីទទួលយកជនជាតិចិនទាំង១៥នាក់។ តំណាងនគរបាលចិនទាំង៣នាក់ បានជួបជាមួយអាជ្ញាធរកម្ពុជា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទទួលពួកគេទៅប្រទេសចិន វិញ។
ជនជាតិចិនទាំង១៥នាក់នោះ មានប្រុស១១នាក់ មានអាយុពី២៥ ដល់៤៤ឆ្នាំ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួននៅឯផ្ទះសំណាក់អប្សរា ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២។
ការបញ្ជូនជនជាតិចិនទាំងនេះចេញពីកម្ពុជា ត្រូវបានធ្វើឡើងតាមសេចក្ដីសម្រេចមួយ ដែលចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២។
គិតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនជនជាតិចិនទៅប្រទេសចិន វិញ មានចំនួនសរុប២៣១នាក់។ ហើយនេះ គឺជាលើកទី៣ ដែលសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនជនជាតិចិនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការគំរាមទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។