លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី៨ ខែវិច្ឆិកា នៅឯក្រសួងការពារជាតិថា ទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក នៅតែរឹងមាំដដែល៖ «ចំណែកឯការពិភាក្សាទ្វេភាគីនោះ ខ្ញុំសុំអនុញ្ញាតជម្រាបជូនថា បញ្ហាខ្លះ គឺជាបញ្ហាដែលយើងត្រូវតែជួបពិភាក្សាគ្នា។ វាលេចឡើងជាបញ្ហាអី ដែលជាបញ្ហាសំខាន់នោះ គឺវានៅលើពេលដែលជជែកគ្នា។ តែយ៉ាងណាក៏ដោយ អ្វីៗទាំងអស់ គឺវាមានការបង្កើននូវកិច្ចសហប្រតិបត្តិការ ហើយជាពិសេស ឲ្យតម្លៃទៅលើសភាពការណ៍សន្តិសុខនៅក្នុងតំបន់ ក៏ដូចជាសកលលោកយើងនេះផងដែរ ដែលយើងជាប្រធានអាស៊ាន ហើយចំពោះក្រសួងការពារជាតិ ក៏ជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្រៅផ្លូវការ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក លីអូន ប៉ាណេតា គ្រោងមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅខេត្តសៀមរាប នៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ តាមការអញ្ជើញរបស់ក្រសួងការពារជាតិកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។