លិខិតរបស់ខុទ្ទកាល័យប្រធានព្រឹទ្ធសភាចុះថ្ងៃទី២០ ខែសីហា អោយដឹងថា លោក ជា ស៊ីម មមាញឹកក្នុងការងារ ពុំអាចជួបជាមួយក្រុមសមាជិកសភា និងព្រឹទ្ធសភា ដែលស្នើសុំចូលសួរសុខទុក្ខនៅថ្ងៃទី២២ ខែសីហា នោះបានទេ។
ការលើកឡើងរបស់ខុទ្ទកាល័យ លោក ជា ស៊ីម គឺជាការឆ្លើយតបចំពោះសំណើចូលសួរសុខទុក្ខរបស់ក្រុមមន្ត្រីគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែសីហា។
សមាជិកព្រឹទ្ធសភា និងជាប្រធានស្ដីទីគណបក្ស សម រង្ស៊ី លោក គង់ គាំ មានប្រសាសន៍ថា នោះគ្រាន់ជាការសួរសុខទុក្ខធម្មតា នៅពេលពួកគេទទួលព័ត៌មានពីស្ថានភាពសុខភាពរបស់លោក ជា ស៊ីម៖ «ឮថាគាត់មានសុខភាពមិនបរិបូណ៌ហ្នឹង គឺត្រូវតែសាកសួរអ៊ីចឹងហើយ ដើម្បីការគួរសម។ យើងអត់មានទទូចទេ ប្រហែលជាគេគិតគូរថា យើងរំខានដល់ពេលវេលាថែទាំរបស់គាត់នឿយហត់អីយ៉ាងណា។ យើងបានត្រឹមតែស្នើសុំជាផ្លូវការ ដើម្បីនឹងសាកសួរពីសុខភាពហ្នឹងជាការគួរសមហើយពុំមានការអាក់អន់ចិត្តអីទេ»។
មន្ត្រីគណបក្ស សម រង្ស៊ី ដែលមានបំណងចូលសួរសុខទុក្ខ លោក ជា ស៊ីម នោះ មានសមាជិកព្រឹទ្ធសភា លោក គង់ គាំ អ្នកស្រី កែ សុវណ្ណរតន៍ សមាជិកសភា អ្នកស្រី មូរ សុខហួរ និងលោក សុន ឆ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។