លោក ជា មុនី៖ «បើសាលារាជធានីភ្នំពេញ ៥ប្រាំពាន់ដុល្លារ ហើយមានសប្បុរសជននានា ដែលចូលរួមទៀតយើងគិតថា ទឹកប្រាក់នឹងអាចកើនរហូតដល់ ៦ពាន់ ឬក៏ ៧ពាន់ដុល្លារហើយ»។
លោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅពេលលោកកំពុងអានកាសែតក្បែររបងវត្តលង្កា ខាងលិចវិមានឯករាជ្យ ក្រុងភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ នាយករដ្ឋមន្ត្រីខ្មែរបានចុះហត្ថលេខាឲ្យសាងសង់រូបសំណាកលោក ជា វិជ្ជា ស្ថិតនៅលើពយ នៃសួនច្បារខាងលិចវិមានឯករាជ្យ ខាងជើងកែងវត្តលង្កា ចម្ងាយប្រមាណ ៥០ម៉ែត្រ ពីកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាប់លោក ជា វិជ្ជា ដោយត្រូវដាក់តាំងរូបសំណាកនោះឲ្យឈរបែរមុខទៅទិសខាងលិច។
លោក ជា មុនី ជាប្អូនបង្កើតសពលោក ជា វិជ្ជា និងជាអ្នកបន្តតំណែងដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រូបសំណាកលោក ជា វិជ្ជា ធ្វើអំពីថ្មភក់ ដែលជាថ្មភ្នំម្យ៉ាងមានពណ៌ខៀវ ស្ថិតនៅក្នុងភ្នំត្បែងមានជ័យ នៃខេត្តព្រះវិហារ។ រូបសំណាកលោក ជា វិជ្ជា នោះគឺឆ្លាក់យករូបលោក ជា វិជ្ជា ឈរក្នុងជំហរ និងកម្ពស់របស់លោក ជា វិជ្ជា គឺ ១,៦៨ម៉ែត្រ។ រូបសំណាកនោះគឺលោក ជា វិជ្ជា ឈរពីលើទម្រថ្មកម្ពស់ ១ម៉ែត្រទៀត សរុបរូបសំណាកលោក ជា វិជ្ជា ទាំងមូលគឺមានកម្ពស់ ២,៦៨ម៉ែត្រ។
លោក ជា មុនី៖ «គឺជាសំណាកមួយសំដែងការប្រាប់ទៅនឹងទស្សនិកជនទាំងឡាយដែលចោល ភ្នែកទៅឃើញសំណាកហ្នឹង មានន័យថាសំណាកនោះ បានប្រាប់អំពីវីរភាពរបស់មនុស្សម្នាក់ហ្នឹង»។
ប្រធានសហព័ន្ធសហជីពខ្មែរ (សសខ) និងជាប្រធានសហជីពមន្ត្រីរាជការកម្ពុជា (សមរក) លោក ជួន មុំថុល ថ្លែងថា សហជីពនេះនឹងផ្ដល់ថវិកាក្នុងការកសាងរូបសំណាកលោក ជា វិជ្ជា ថ្វីត្បិតតែលោក ជា វិជ្ជា បានដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មិនសូវស៊ីសង្វាក់ជាមួយសហជីពដែលលោក ជួន មុំថុល កំពុងដឹកនាំក៏ដោយ។
លោក ជួន មុំថុល៖ «ជាការរឹតចំណងមិត្តភាព រវាងសហជីពដូចគ្នា ទោះបីនិន្នាការមិនដូចគ្នាក៏ដោយ ប៉ុន្តែក្នុងនាមសហជីពដូចគ្នាយើងត្រូវតែគាំទ្រគ្នា»។
ចំណែកប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ ថ្លែងថា លោក ជា វិជ្ជា ជាវីរជនក្លាហានរបស់កម្មករ។ លោក ជា វិជ្ជា បានតស៊ូទាមទារដើម្បីឲ្យថៅកែរោងចក្រនានា ទទួលស្គាល់ទាំងតម្លៃពលកម្ម ទាំងគោរពសិទ្ធរបស់កម្មករ។
លោកថា ការអំពាវនាវរកជំនួយថវិកាសង់រូបសំណាកលោក ជា វិជ្ជា នេះសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មិនទាន់ផ្សព្វផ្សាយទូលាយនាំឲ្យប្រជាពលរដ្ឋ និងសប្បុរសជនមិនបានទទួលព័ត៌មានច្បាស់លាស់៖ «ព្រោះយើងតែងតែគោរពនូវវីរភាពរបស់គាត់»។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា រូបសំណាករបស់លោក ជា វិជ្ជា ត្រូវក្រុមជាងនៅក្នុងសិប្បកម្មចម្លាក់បន្ទាយស្រីទី២នោះ បានធានានឹងឆ្លាក់រូបសំណាកនោះបញ្ចប់រួចរាល់នៅខែតុលា ឆ្នាំ២០១២ នេះ។
លោក ជា មុនី បន្តថា ថវិកាដែលប្រមូលបាន ប្រសិនបើចាត់ចែងក្នុងការកសាងរូបសំណាក លោក ជា វិជ្ជា រួមទាំងការលើកដាក់តាំងរួចហើយ ប្រសិនបើថវិកានៅមានសល់ នោះសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នឹងដកមួយផ្នែកបញ្ជូនទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងមួយផ្នែករក្សាទុកសម្រាប់មូលនិធិលោក ជា វិជ្ជា ដើម្បីធ្វើការងាររួមពាក់ព័ន្ធផលប្រយោជន៍ជាតិ និងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។