ការលើកឡើងរបស់ លោក គល់ បញ្ញា ធ្វើឡើងមុនពេលខួបលើកទី៥ នៃទិវាអន្តរជាតិ ដើម្បីប្រជាធិបតេយ្យថ្ងៃទី១៥ ខែកញ្ញា។
លោក គល់ បញ្ញា ថ្លែងបន្តថា ធាតុស្នូល នៃប្រជាធិបតេយ្យ "សេរី" និង "ពហុបក្ស" គឺការបោះឆ្នោត។ លោកថា ការបោះឆ្នោតនៅកម្ពុជា នៅមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែត្រូវការឲ្យមានការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ ស្របតាមស្តង់ដារអន្តរជាតិ៖ «រឿងសំខាន់បំផុត ទី១ គឺកែទម្រង់ការបោះឆ្នោត ដើម្បីធ្វើឲ្យការបោះឆ្នោតនៅឆ្នាំ២០១៣ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ធានាសិទ្ធិបោះឆ្នោតកុំឲ្យប្រជាពលរដ្ឋបាត់បង់ការបោះឆ្នោត។ ទី២ ធ្វើដូចម្តេចឲ្យគណបក្សនយោបាយដែលចូលប្រកួតប្រជែង អាចទទួលបាននូវការចាត់ចែងដំណើរការបោះឆ្នោត ការរៀបចំ គ.ជ.ប និងយន្តការមួយចំនួន ដោះស្រាយពាក្យបណ្ដឹង។ ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយមានភាពស្មើគ្នាចំពោះគណបក្ស និងឲ្យមានការចូលរួមរបស់មេដឹកនាំគណបក្សប្រឆាំងផងដែរ»។
កាលពីខែកក្កដា ឆ្នាំ២០១២ លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានផ្តល់យោបល់សំខាន់ៗថា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខ រដ្ឋាភិបាលកម្ពុជា ត្រូវកែប្រែបទដ្ឋានច្បាប់មួយចំនួន ពាក់ព័ន្ធនឹងដំណើរការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឲ្យស្ថាប័ននេះឯករាជ្យ និងមានស្វ័យភាព។ លោក ស៊ូប៊ែឌី ក៏បានស្នើឲ្យបង្កើតប្រព័ន្ធការងារ ឬយន្តការដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយគ្មានការរើសអើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។