បច្ចុប្បន្ន ប្រធានសហគមន៍អភិរក្សសត្វជ្រឹង អំពាវនាវរកជំនួយបន្ថែមពីសប្បុរសជន ដើម្បីអភិវឌ្ឍតំបន់អភិរក្សនោះឲ្យរីកចម្រើន ក្រោយពីចំនួនភ្ញៀវទេសចរមានការកើនឡើងក្នុងឆ្នាំ២០១២ នេះ។
សត្វជ្រឹងមានសណ្ឋានដូចសត្វប្រចៀវ តែវាធំជាងប្រចៀវ។ ស្លាបទាំងសងខាងរបស់សត្វជ្រឹង អាចលាតត្រដាងបានជាងកន្លះម៉ែត្រ។ ពួកវាស៊ីផ្លែឈើជាអាហារ ជាពិសេសផ្លែចេក និងត្រាច់ចរតែពេលរាត្រីប៉ុណ្ណោះ។ នៅពេលថ្ងៃ សត្វជ្រឹងក៏ដូចជាសត្វប្រចៀវដែរ គឺនាំគ្នាដេករដូករណែលនៅលើដើមឈើ ដោយសំយុងក្បាលចុះក្រោម។
ដោយរងនូវការប្រមាញ់មិនឈប់ឈរពីអ្នកភូមិ យកទៅធ្វើជាអាហារដោយគ្មានវិធានការទប់ស្កាត់ពីអាជ្ញាធរ សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រុង បានផ្ដើមគំនិតបង្កើតតំបន់អភិរក្សសត្វស្លាបនៅតំបន់ក្បាលកោះទ្រុង តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨។
កោះទ្រុង មានផ្ទៃក្រឡា២២២ហិកតារ ត្រូវបានហ៊ុមព័ទ្ធដោយទឹកទន្លេមេគង្គ ស្ថិតនៅក្នុងសង្កាត់កោះទ្រុង ក្រុងក្រចេះ មានប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារស្មើនឹង១.៨៦០នាក់ កំពុងរស់នៅលើដែនកោះនោះ។ ទំនាក់ទំនងរវាងអ្នកកោះ ជាមួយអ្នកក្រុងក្រចេះ ភ្ជាប់ដោយការធ្វើដំណើរឆ្លងទូក ប្រវែងប្រមាណជាង២គីឡូម៉ែត្រ នៅក្នុងរដូវវស្សា ហើយវាជិតជាងនេះនៅក្នុងរដូវទឹកស្រក។
ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រុង លោក ប៊ុន បាន ឲ្យដឹងថា ដំបូងឡើយមានសត្វជ្រឹងប្រមាណ២៥ទៅ៣០ក្បាលប៉ុណ្ណោះ ដែលហើរមករស់នៅតំបន់ក្បាលកោះទ្រុង កាលពីឆ្នាំ២០០៨។ តែក្រោយពីសហគមន៍មានចំណាត់ការអភិរក្សសត្វជ្រឹងជាង៤ឆ្នាំរួចមក វាបានកើនឡើងជាបន្តបន្ទាប់ រហូតមានជាងមួយពាន់ក្បាល។
សហគមន៍ដែលកើតឡើងក្រោមការជ្រោមជ្រែងពីអង្គការអុកស្វាមអង់គ្លេស និងក្រោយមកអង្គការខាដុក នោះមិនត្រឹមតែអភិរក្សសត្វជ្រឹងតែមួយមុខនោះទេ សហគមន៍ក៏មានការអភិរក្សសត្វត្រសេះ ដែលចង់ពាយទៅហើយនៅកម្ពុជា សត្វសេក និងសត្វព្រាបរាប់ពាន់ក្បាល ដែលមកទុំព្រៃឫស្សីក្នុងតំបន់អភិរក្សនោះ។ ក្រៅពីនេះ ក៏បានបង្កើតក្រុមសហគមន៍បន្លែ សហគមន៍ក្រូចថ្លុង និងសហគមន៍ស្រែតាមបែបប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ (ប.វ.ស)។
លោក ប៊ុន បាន បន្តថា សហគមន៍បានកាត់ដីទំហំ៣ហិកតារ ទុកជាតំបន់អភិរក្សសត្វស្លាប។ តំបន់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិដែលចង់មកទស្សនាសត្វជ្រឹង និងចង់ស្វែងយល់ពីស្ថានភាពរស់នៅរបស់អ្នកភូមិនៅលើកោះ៖ «មានធ្វើការអភិរក្សសត្វស្លាបទុកធ្វើបទបង្ហាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលលោកអញ្ជើញមកលេង និងទស្សនានៅកោះទ្រុង យើងនឹង ហើយយើងមានកន្លែងសម្រាប់ដាំកូនឈើ កន្លែងសម្រាប់អភិរក្សសត្វស្លាប គឺមានច្រើនប្រភេទ»។
លោក ប៊ុន បាន បញ្ជាក់ថា ដើម្បីអភិរក្សសត្វស្លាប ជាពិសេសសត្វជ្រឹង សហគមន៍បានបង្កើតគណៈកម្មការមួយ ដែលមានសមាជិកចំនួន៧រូប ហើយពួកគាត់បានឆ្លាស់វេនគ្នាដើរល្បាតពេលថ្ងៃពេញមួយសប្ដាហ៍ និងសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍កោះទ្រុង ដើម្បីឃ្លាំមើលកុំឲ្យមានការបរបាញ់សត្វជ្រឹងនៅពេលយប់។
ចំពោះករណីដែលអ្នកភូមិណាលួចបរបាញ់ ហើយត្រូវសមាជិកគណៈកម្មការ ឬសមត្ថកិច្ចចាប់បាននោះ សហគមន៍នឹងដាក់ទោសពិន័យជាប្រាក់ ដោយបាញ់ ឬចាប់សត្វជ្រឹងមួយក្បាលចំនួន៥ម៉ឺនរៀល ហើយប្រាក់ទាំងនោះនឹងតម្កល់ក្នុងសហគមន៍ សម្រាប់ទិញផ្លែឈើឲ្យសត្វជ្រឹងជាចំណីវិញ។ លោកបានសម្ដែងការព្រួយបារម្ភថា បើទោះបីជាបច្ចុប្បន្នប្រជាពលរដ្ឋមានការសហការល្អ ក្នុងការអភិរក្សសត្វជ្រឹងក៏ពិតមែន តែកត្តាធម្មជាតិដូចជាករណីភ្លើងឆេះព្រៃ កាលពីឆ្នាំមុន នៅជិតដែនជម្រកអភិរក្ស បានធ្វើឲ្យសត្វជ្រឹងភ័យ និងហើរគេចទៅនៅលើកោះជ្រែង ដែលសហគមន៍ខ្លាចមានការបរបាញ់ ដោយគ្មានការអភិរក្ស៖ «ខេត្តក្រចេះ យើងហ្នឹង គឺមាន២កន្លែង។ សត្វស្លាបយើងហ្នឹង គឺនៅមានកោះជ្រែង មួយកន្លែងដែរ។ អ៊ីចឹង សត្វនៃវាហើរពីកោះជ្រែងមកកោះទ្រុង បើសិនជាយើងអុកឡុកបំផ្លាញវា រំខានដំណេកវា វាអាចរត់ពីកោះទ្រុងទៅកោះជ្រែងវិញ។ ឆ្នាំទៅ ខ្ញុំមានបារម្ភភ័យដែរ ខំដុតធូបបន់ទសបារមីនៅក្បាលកោះហ្នឹង សូមឲ្យសត្វជ្រឹងមកវិញ ហើយអស់រលីងបណ្តោយបាត់រយៈពេលមួយខែ មានភ្លើងឆេះព្រៃ មានផ្សែងពុលអ៊ីចឹង»។
តាមតួលេខពីអាជ្ញាធរ ភ្ញៀវទេសចរដែលមកទស្សនានៅតំបន់កោះទ្រុង មានការឡើងនៅក្នុងឆ្នាំ២០១២ ដែលគិតត្រឹមរយៈពេល៨ខែ ឆ្នាំនេះ មានចំនួនជាង៣ពាន់នាក់ ខណៈដែលឆ្នាំ២០១១ មានជាង២ពាន់នាក់ និងឆ្នាំ២០០៩ មានមិនដល់១ពាន់នាក់ផង។ ជាមធ្យម មានភ្ញៀវយ៉ាងតិចណាស់ចំនួន៣០នាក់ មកទស្សនានៅលើកោះនេះ។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរ ត្រូវបានប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រុង បញ្ជាក់ថា កោះនេះមានសក្ដានុពលខ្លាំងក្នុងការអភិរក្សសត្វស្លាប និងមានថ្នាលដាំកូនឈើរួមមានឈើទាល ឈើក្រំ និងឈើបេងជាដើម ដែលបច្ចុប្បន្នមានចំនួន១.៦០០ដើម។ តំបន់ធម្មជាតិនេះ ត្រូវបានភ្ញៀវបរទេសចាប់អារម្មណ៍ និងចង់កំសាន្តច្រើន។
លោក ប៊ុន បាន បញ្ជាក់ថា តាមគម្រោងតំបន់អភិរក្សសត្វស្លាប គ្រោងពង្រីកជីកស្រះទឹកដែលមានទំហំ១០ទៅ១២ម៉ែត្រ និងជម្រៅ៥ទៅ៦ម៉ែត្រ ដើម្បីអភិរក្សសត្វកន្ធាយដែលជិតពាយក្នុងទន្លេមេគង្គ ដោយត្រូវការថវិកាចំនួន៦ពាន់ដុល្លារ។ ប្រសិនបើការអភិរក្សសត្វកន្ធាយទទួលបានជោគជ័យនោះ សង្ឃឹមថាចំនួនភ្ញៀវទេសចរនឹងមានការកើនឡើងថែមទៀត។
ប៉ុន្តែ សហគមន៍មិនទាន់មានថវិកាសម្រាប់ស្ដារស្រះទឹកនៅឡើយទេ ក្រៅតែពីប្រាក់សន្សំដែលបានមកពីជំនួយឧបត្ថម្ភបន្តិចបន្តួចរបស់អ្នកទេសចរដែលជួយបច្ច័យចំនួន៥ដុល្លារ នៅពេលដែលពួកគេដាំកូនឈើក្នុងថ្នាលបណ្ដុះកូនឈើរបស់សហគមន៍ប៉ុណ្ណោះ។
លោកក៏បានអំពាវនាវសុំជំនួយពីសប្បុរសជន ឲ្យជួយថវិកាស្ដារស្រះទឹក ដើម្បីអភិរក្សសត្វកន្ធាយ និងមួយផ្នែកទៀត ជួយផ្គត់ផ្គង់ប្រាក់ចិញ្ចឹមសត្វជ្រឹង ដែលក្នុងមួយខែ សហគមន៍ត្រូវចំណាយប្រាក់ពី៣ម៉ឺនទៅ៥ម៉ឺនរៀល សម្រាប់ទិញចំណីឲ្យពួកវាស៊ី។
ចៅសង្កាត់កោះទ្រុង លោក កៅ សុគុណ ឲ្យដឹងថា ក្រុមប្រឹក្សាសង្កាត់ក៏មានផែនការអភិរក្សតំបន់សត្វស្លាបនោះដែរ ដោយហាមមិនឲ្យដាក់មោងនៅចុងឈើ និងបំពុលសត្វស្លាប។ លោកបញ្ជាក់ថា តំបន់កោះទ្រុង ត្រូវបានអាជ្ញាធរខេត្តដាក់បញ្ចូលជាតំបន់ទេសចរណ៍សំខាន់មួយ ក្នុងខេត្តក្រចេះ ហើយអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន៖ «ខេត្តបានដាក់កោះទ្រុង ជាតំបន់ទេសចរណ៍ គឺថាមានការរីកចម្រើនមួយកម្រិតដែរ ប្រជាជនក៏មានការយល់ដឹងច្រើន ហើយក៏បានថែទាំក៏បានជួយបរិស្ថានផ្ទះសម្បែងផ្លូវអីហ្នឹង»។
បច្ចុប្បន្ន ខាងសហគមន៍មានការព្រួយបារម្ភពីការបាត់បង់ពពួកសត្វកម្រទាំងនោះ ដោយកង្វះខាតថវិកាសម្រាប់អភិរក្ស។ ប្រធានសហគមន៍ស្នើសុំឲ្យមានការចូលរួមថែរក្សាការពារ និងបន្តអភិវឌ្ឍតំបន់អភិរក្ស ដោយមានការសហការគាំទ្រកម្មវិធីអភិរក្សជីវចម្រុះ ជួយដាស់ស្មារតីមនុស្សឲ្យងាកមកស្រលាញ់ធម្មជាតិ និងឈប់បំផ្លាញពូជសត្វ ដូចជាពពួកសត្វជ្រឹង ត្រសេះ ក្អែកទឹក និងស្មោញជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។