តំណាងសហគមន៍លោក សល់ ថឹក មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីថ្ងៃសុក្រ ទី៦ ខែកក្កដា រហូតមកទល់នឹងថ្ងៃអាទិត្យនេះ មន្ត្រីប៉ូលិសប៉ុស្តិ៍បានចលនាឲ្យប្រជាពលរដ្ឋមកចុះស្ថិតិពីចំនួនដីស្រែចំការ ហើយមន្ត្រីប៉ូលិសបានតម្រូវឲ្យអ្នកភូមិបង់ប្រាក់សម្រាប់សេវាកម្មធ្វើសម្រង់ស្ថិតិនេះ។
លោកបន្តថា អ្នកភូមិស្រោមត្រកចាស់ និងភូមិសោមត្រកថ្មី ខ្លះយល់ព្រមបង់ប្រាក់តាមការកំណត់ ខ្លះមិនយល់ព្រមបង់ប្រាក់ ហើយវិលត្រឡប់ទៅផ្ទះវិញ ដោយមិនបានចុះស្ថិតិពីចំនួនដីស្រែចំការពួកគាត់៖ «យកលុយដោយសារគេថា គេចុះធ្វើហត់គេ ទឹកប៊ិចគេ មួយថ្លៃបាយឲ្យហូបហ្នឹងណា! ហ្នឹងគេថា ទារ ៥.០០០ ទារ ២.០០០ ថាបើឯងអត់ធ្វើទេ បើឃុំគេចុះហើយគេឈូសឆាយអស់ហើយ ដីនេះដីសម្បទាន មិនមែនដីកម្មសិទ្ធិទេ។ ខ្លះឲ្យខ្លះអត់ឲ្យ។ ខ្ញុំទូរស័ព្ទទៅអាដហុក ម្សិលមិញហ្នឹង»។
មេឃុំសោមធំ លោក សល់ ទួន ទទួលស្គាល់ថា ពិតជាមានចលនាទារប្រាក់ពីប្រជាពលរដ្ឋនៅភូមិទាំងពីរពិតមែនពីសំណាក់មន្ត្រីប៉ូលិសដែលត្រូវចាត់តាំងឲ្យចុះស្រង់ស្ថិតិដីប្រជាពលរដ្ឋដើម្បីធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្តសំរាប់ក្រុមនិស្សិតវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិ និងកាត់ចេញពីផ្ទៃដីក្រុមហ៊ុនសម្បទាន។
លោកបន្តថា បានណែនាំឲ្យក្រុមមន្ត្រីស្រង់ស្ថិតិបញ្ឈប់ទារប្រាក់ពីប្រជាពលរដ្ឋនោះវិញហើយ នៅថ្ងៃអាទិត្យនេះ ដូច្នេះលោកអំពាវនាវឲ្យប្រជាពលរដ្ឋមកចុះបញ្ជីស្ថិតិដីធ្លីនេះបានគ្រប់ៗគ្នា៖ «ខ្ញុំដឹង ខ្ញុំបា្រប់ព្រឹកមិញ ខ្ញុំថា មិនបាច់យកលុយយកកាក់គេទេ។ ពួកហ្នឹងគេថា អត់ទេ ពួកខ្ញុំសុំបាយទឹកទេ សុំប្រេង។ ប្រេងស្អី ប្រេងទុកឲ្យថ្នាក់លើជាអ្នកដោះស្រាយ»។
អភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន ចាត់ទុកសកម្មភាពទារយកប្រាក់ពីប្រជាពលរដ្ឋដើម្បីធ្វើស្ថិតិដីធ្លីថា ជាអំពើបោកប្រាស់។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពទុច្ចរិតនេះមកអាជ្ញាធរដើម្បីចាត់វិធានការតាមផ្លូវច្បាប់៖ «ឥឡូវចាប់មក ប្រាប់ប្រជាពលរដ្ឋឲ្យចាប់មក សូម្បីតែថតរូបក៏ខ្ញុំមិនចុះផង បិតនៅសលាកបត្រ»។
យ៉ាងនេះក្តី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរខេត្តគួរផ្សព្វផ្សាយបញ្ហានេះជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ចៀសវាងជនឆ្លៀតឱកាសបោកប្រាស់ប្រជាពលរដ្ឋ។
លោកបន្តថា មានប្រជាពលរដ្ឋមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនឯកជនច្រើនទៀតកំពុងត្រូវការរាជរដ្ឋាភិបាលជួយវាស់វែងចែកដីជូនពួកគាត់ផងដែរ៖ «យើងឃើញមានដីទំនាស់ច្រើន ដែលបុគ្គលអ្នកមានអំណាចរំលោភលើដីគាត់ ហើយពួកគាត់កំពុងតែរង់ចាំឲ្យមានការដោះស្រាយឲ្យបានឆាប់»។
របាយការណ៍របស់អាជ្ញាធរខេត្តរតនគិរី ឲ្យដឹងថា រហូតមកទល់នឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ ក្រុមនិស្សិត និងក្រុមជំនាញខេត្តបានចេញសលាកបត្រដីធ្លីជូនប្រជាពលរដ្ឋចំនួន ១.០៤៦ក្បាលដី សំរាប់ប្រជាពលរដ្ឋ ៧០៤គ្រួសារ និងវាស់វែងដីជូនប្រជាពលរដ្ឋបាន ១៤២ក្បាលដីហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។