ជំទប់ទី២ ឃុំផ្អាវ និងអតីតមេឃុំផ្អាវ នៃគណបក្ស សម រង្ស៊ី បានឲ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ថា ពួកគាត់នឹងចូលទៅបំភ្លឺនៅសាលាដំបូងខែត្រកំពង់ចាម ទៅតាមការកោះហៅរបស់តុលាការនៅថ្ងៃទី១៣ ខែកញ្ញា។
ជំទប់ទី២ ឃុំផ្អាវ លោក ថឹម ថុស អតីតជាសមាជិកក្រុមប្រឹក្សាឃុំ បានរៀបរាប់ថា ពួកលោកក្នុងនាមជាអាជ្ញាធរឃុំកាលពីអាណត្តិមុន បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋចំនួន ៨០គ្រួសារ ដែលប្ដឹងមកឃុំ សុំឲ្យជួយទប់ស្កាត់ប្រជាពលរដ្ឋឈ្មោះ សែម ធីម នៅភូមិព្រៃញា ឃុំផ្អាវ បានធ្វើរបងចូលលើដីផ្លូវសាធារណៈ។
លោកបញ្ជាក់ថា បន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋនៅក្នុងខែសីហា ឆ្នាំ២០១១ នោះអតីតមេឃុំផ្អាវ បានបង្កើតក្រុមការងារចុះទៅត្រួតពិនិត្យ និងដោះស្រាយ តែឈ្មោះ សែម ធីម នៅតែមិនព្រម គេនៅតែចង់ធ្វើរបងលើផ្លូវសាធារណៈដដែល។
លោក ថឹម ថុស៖ «មេឃុំថា ឥលូវផ្អាកសិនទៅកុំធ្វើរបង ពីព្រោះថារើទៅវារប៉ាត់រប៉ាយពេញផ្លូវស្ទះចរាចរណ៍ ពីព្រោះថាមានគោយន្តដឹកឈើ អីហ្នឹង តែគេមិនព្រម អ៊ីចឹងឃុំថា អាណេះមិនស្ដាប់ឲ្យគេរើចេញដាក់កន្លែងដើមវិញ»។
ក្រោយពីដោះស្រាយមិនត្រូវរ៉ូវគ្នា អតីតមេឃុំបានធ្វើរបាយការណ៍ភ្ជាប់ជាមួយពាក្យបណ្ដឹងប្រជាពលរដ្ឋទាំង ៨០គ្រួសារទៅអភិបាលស្រុក និងប្រធានក្រុមប្រឹក្សាស្រុក ដើម្បីសុំជួយអន្តរាគមន៍ ប៉ុន្តែអភិបាលស្រុកមិនបានចុះមកជួយដោះស្រាយទេ បែរជាក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ នេះមានដីកាកោះហៅរូបលោក និងអតីតមេឃុំពីតុលាការទៅវិញ៖ «ការងារឯនេះយើងធ្វើសម្រាប់ប្រជាពលរដ្ឋ ដីពិតប្រាកដជាដីប្រជាពលរដ្ឋរំលោភ បែរជាស្ថាប័នរដ្ឋដូចគ្នាមិនជួយសហការ មិនចំណាត់ការ បែរជាមកចំណាត់ការទៅលើស្ថាប័នរដ្ឋដូចគ្នាដែលជួយធ្វើការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងសហគមន៍ ដែលខុសពីបែបបទដែលយើងប្រជុំបែបបទរដ្ឋបាល»។
អតីតមេឃុំផ្អាវ លោក ណៃ នែប មានប្រសាសន៍ថា នៅខណៈដែលពួកលោកទទួលដីកាកោះហៅ ពីតុលាការតាមបណ្ដឹងរបស់ឈ្មោះ សែម ធីម នោះ បែរជាអភិបាលស្រុកបានបញ្ជូនមន្ត្រីសុរិយោដី ចុះទៅវាស់វែងដី និងអនុញ្ញាតឲ្យឈ្មោះ សែម ធីម ធ្វើរបងចូលលើផ្លូវសាធារណៈទទឹងប្រហែល ១ម៉ែត្រ និងបណ្ដោយ ១០០ម៉ែត្រ។
អភិបាលស្រុកបាធាយ លោក ឡោ ចាន់លី មិនបានពន្យល់លំអិតទេ លោកបដិសេធថា លោកមិនបានទទួលរបាយការណ៍ ឬពាក្យបណ្ដឹងពីអតីតមេឃុំផ្អាវ លោក ណៃ នែប នោះទេ។ លោក អភិបាលស្រុកបានបង្វែររឿងនេះឲ្យសួរទៅតុលាការ។
លោក ឡោ ចាន់លី៖ «អាហ្នឹងរឿងសមត្ថកិច្ចរបស់តុលាការទេ ខ្ញុំមិនដឹងទេ បើភស្តុតាងមានដាក់ទៅតុលាការទៅ តែបើខ្ញុំបញ្ជូនមន្ត្រីភូមិបាលទៅវាស់ដីហ្នឹង ប្រជាពលរដ្ឋមិនបានធ្វើរបងចូលលើផ្លូវសាធារណៈទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងចៅក្រមស៊ើបសួរនៃសាលាដំបូងខែត្រកំពង់ចាម លោក ថាន់ ឡេង ដើម្បីសុំការបំភ្លឺអំពីបញ្ហានេះបាននៅឡើយទេនៅថ្ងៃអាទិត្យ ទី៩ ខែកញ្ញា។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីការពារក្ដីឲ្យអតីតមេឃុំផ្អាវ និងអតីតក្រុមប្រឹក្សាឃុំផ្អាវ លោក ជួង ជូងី មានប្រសាសន៍ថា តុលាការបានចោទប្រកាន់កូនក្ដីរបស់លោកមិនសមហេតុផលនោះឡើយ ពីព្រោះថាកូនក្ដីរបស់លោកទាំងពីរ ក្នុងនាមជាអាជ្ញាធរឃុំធ្វើការដើម្បីការពារផ្លូវសាធារណៈ ជាផលប្រយោជន៍រួម។
លោក ជួង ជូងី៖ «អីចឹងគាត់អត់ខុសទេ អ្នកដែលខុសនោះ គឺប្រជាពលរដ្ឋ ធ្វើរបងចូលលើផ្លូវសាធារណៈនោះទេជាអ្នកខុស អ៊ីចឹងតុលាការចោទប្រកាន់នេះ ជាការរើសមួយ គឺជាការបំពានមួយទៅលើគតិយុត្តិធម៌»។
អតីតមេឃុំផ្អាវ លោក ណៃ នែប បានអះអាងថា បន្ទាប់ពីលោកមិនបានជាប់ជាមេឃុំនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ កាលពីខែមិថុនា ឆ្នាំ២០១២ នេះ អាជ្ញាធរស្រុកបានអនុញ្ញាតឲ្យដើម បណ្ដឹងឈ្មោះ សែម ធីម ធ្វើរបងចូលលើផ្លូវសាធារណៈ ដែលលោកបានហាមឃាត់ពីមុននោះ។
លោក ណៃ នែប បានអះអាងថា ការដាក់ពាក្យបណ្ដឹងប្រឆាំងនឹងរូបលោកនេះ ជាចេតនានយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។