លោក សំ សុខគង់ មេធាវីនៃអង្គការជំនួយផ្លូវច្បាប់នៅកម្ពុជា អ៊ិលអេស៊ី (LAC) មានប្រសាសន៍នៅថ្ងៃទី២៣ សីហា ថា បន្ទាប់ពីក្រុមមេធាវីបានដាក់ពាក្យមួយទៅតុលាការ កាលពីថ្ងៃទី២២ សីហា ឆ្នាំ២០១២ សុំពន្យារពេលឲ្យលោក ចាន់ សុវ៉េត ជាអនុប្រធានផ្នែកអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ចូលខ្លួនទៅបំភ្លឺនៅតុលាការនោះ នៅថ្ងៃទី២៣ សីហា តុលាការបានចារយល់ព្រមលើលិខិតនេះហើយ។
លោក សំ សុខគង់៖ «ថ្ងៃទី២៣ ហ្នឹង គឺតុលាការបានចារទៅលើលិខិតនៅលើពាក្យសុំរបស់យើងហ្នឹងថា អនុញ្ញាតតាមពាក្យសុំ រង់ចាំតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួនថ្មីនៅថ្ងៃក្រោយ។ អ៊ីចឹងបានន័យថា តុលាការគាត់បានទទួលយកអ្វីដែលយើងបានស្នើសុំហើយ។ អានេះវាជាផ្លូវច្បាប់។ ច្បាប់ត្រូវតែឲ្យពន្យារពេល ដោយសារតែទី១ ទាក់ទងទៅនឹងការពឹងពាក់មេធាវីរបស់កូនក្ដីហ្នឹង គាត់មានរយៈពេលខ្លី»។
ការស្នើសុំពន្យារពេលនេះ ដោយសារតែលោក ចាន់ សុវ៉េត មានបេសកកម្មនៅប្រទេសថៃ។ លោក នឹងបញ្ចប់បេសកកម្មនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វីរៈ បានចេញដីកាកោះហៅលោក ចាន់ សុវ៉េត ឲ្យចូលខ្លួននៅថ្ងៃសុក្រ ទី២៤ សីហា ទាក់ទងទៅនឹងការចោទប្រកាន់ពីបទការផ្ដល់ជំនួយដល់ចារី ឬផ្ដល់ជំនួយដល់អ្នកប្រព្រឹត្តបទល្មើស តាមមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នោះ គឺពាក់ព័ន្ធនឹងចលនាទាមទារដីធ្លីរបស់ពលរដ្ឋ ដែលត្រូវរដ្ឋាភិបាលចោទថា ជាចលនាបង្កើតតំបន់អបគមន៍ ដើម្បីបង្កើតរដ្ឋក្នុងរដ្ឋនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ លើទីតាំងដីសម្បទានទំហំ១.៥០០ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។