សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ចប់​ស្ដាប់​ការ​វាយ​តម្លៃ​លើ​សុខភាព អៀង ធីរិទ្ធ

សវនាការ​សាលា​ក្ដី​ខ្មែរ​ក្រហម ស្ដាប់​របាយការណ៍​របស់​អ្នក​ជំនាញ វាយ​តម្លៃ​លើ​សុខភាព​កាយ​សម្បទា និង​ស្មារតី​ជន​ជាប់​ចោទ អៀង ធីរិទ្ធ បាន​បញ្ចប់​ហើយ នៅ​ថ្ងៃ​ទី​៣១ សីហា។ ក៏​ប៉ុន្តែ អង្គ​ជំនុំ​ជម្រះ​មិន​ទាន់​សម្រេច​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ ចំពោះ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ។
ដោយ ឡេង ម៉ាលី
2012-08-31
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្នុង​សវនាការ​រយៈ​ពេល​២ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៣០ ដល់​៣១ សីហា អ្នក​ជំនាញ​ផ្នែក​វិកលចរិត ចិត្តសាស្ត្រ និង​ជំងឺ​មនុស្ស​ចាស់ បាន​បង្ហាញ​របាយការណ៍​ផ្ទុយ​គ្នា។ អ្នក​ជំនាញ​អន្តរជាតិ បាន​វាយ​តម្លៃ​ថា ស្ថានភាព​ជំងឺ​ភ្លេចភ្លាំង និង​វង្វេងវង្វាន់​របស់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ មិន​បាន​ប្រសើរ​ទេ ទោះ​ជា​មាន​ការ​ព្យាបាល​រយៈពេល​៦ខែ​មក​ហើយ​ក្ដី។ រីឯ​អ្នក​ជំនាញ​ខ្មែរ​វាយ​តម្លៃ​ថា ជន​ជាប់​ចោទ អៀង ធីរិទ្ធ មិន​មាន​សញ្ញា​វិកល​ចរិត​ទេ។

ក្នុង​សេចក្ដី​សន្និដ្ឋាន​មុន​នឹង​បិទ​សវនាការ ភាគី​នានា​បាន​បង្ហាញ​ជំហរ​ជំទាស់​រៀងៗ​ខ្លួន។ ភាគី​សហ​ព្រះរាជអាជ្ញា​លើក​ឡើង​ថា ជន​ជាប់​ចោទ អៀង ធីរិទ្ធ អាច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​បាន ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​តុលាការ។ ក៏​ប៉ុន្តែ មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​ជំទាស់​នឹង​ការ​ដោះ​លែង​នេះ ដោយ​លើក​សម្អាង​ថា ការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​ខ្មែរ​សមស្រប​ជាង ព្រោះ​យល់​ពី​វប្បធម៌​ខ្មែរ​ដូច​គ្នា​នឹង​ជន​ជាប់​ចោទ មិន​ដូច​អ្នក​ជំនាញ​អន្តរជាតិ​មក​ពិនិត្យ​ម្ដងម្កាល តាម​រយៈ​អ្នក​បកប្រែ។ ដូច្នេះ ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ស្នើ​សុំ​មិន​ឱ្យ​ដោះលែង​ឡើយ។

ជំទាស់​ទៅ​នឹង​ភាគី​ទាំង​ពីរ មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ថ្លែង​ថា ការ​លើក​ឡើង​អំពី​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ក្ដី ឬ​ការ​ឃុំ​ខ្លួន​បន្ត​ក្ដី ជា​ការ​មិន​សមស្រប ហើយ​មិន​អាច​ទទួល​យក​បាន​ទេ។ មេធាវី​ថា គ្មាន​មូលដ្ឋាន​ច្បាប់​ណា​អាច​អនុញ្ញាត​ឱ្យ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​នេះ​បន្ត​ទៀត​បាន​ឡើយ ហើយ​អ្នក​ជំនាញ​អន្តរជាតិ​ឱ្យ​ដឹង​ថា កោសិកា​ខួរ​ក្បាល​ផ្នែក​សតិបញ្ញា​ស្មារតី​របស់​ជន​ជាប់​ចោទ បាន​ខូច​ទៅ​ហើយ។ មេធាវី​ការពារ​ក្ដី​សុំ​ឱ្យ​តុលាការ​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​មាន​សេរីភាព​រស់​ជួប​ជុំ​គ្រួសារ​វិញ ដោយ​គ្មាន​លក្ខខណ្ឌ។

អង្គ​ជំនុំជម្រះ​មិន​ទាន់​សម្រេច​អ្វី​ទេ ដោយ​ប្រកាស​ថា នឹង​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន នៅ​ពេល​សមស្រប​ណា​មួយ​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល