សេចក្តីព្រាងច្បាប់នេះ គឺតម្រូវឱ្យក្រុមហ៊ុនវិនិយោគទាំងអស់ ផ្សព្វផ្សាយអំពីទឹកប្រាក់ដែលខ្លួនបានបង់ទៅឱ្យរដ្ឋាភិបាលបរទេស។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដើម្បីតម្លាភាពចំណូលធនធាន លោក ឆាយ សារ៉ាត មានប្រសាសន៍ថា សេចក្តីសម្រេចរបស់គណៈកម្មាធិការសភាអឺរ៉ុប នឹងជួយបញ្ចេញឲ្យដឹងជាសាធារណៈនូវចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដែលក្រុមហ៊ុនជាច្រើនបង់ជាសម្ងាត់ឲ្យរដ្ឋាភិបាល។ លោកថា សេចក្តីសម្រេចនេះនឹងរារាំងអំពើពុករលួយរបស់មន្ត្រីដែលកិបកេងប្រាក់ចំណូលបានមកពីធនធានរ៉ែធម្មជាតិទាំងនោះ។
ប្រទេសជាច្រើននៅទ្វីបអាស៊ី ដែលសម្បូរធនធានរ៉ែធម្មជាតិ ប្រេងឥន្ធនៈ និងឧស្ម័ន មិនបានទទួលផលកម្រៃជាប្រយោជន៍សម្រាប់ប្រទេសខ្លួនទេ បែរជាទទួលការដាក់ទណ្ឌកម្ម ឬបណ្ដាសាទៅវិញ។ ប្រការនេះ គឺដោយសារតែបញ្ហាខ្វះតម្លាភាពចំពោះប្រាក់ចំណូលដែលរកបានពីវិស័យឧស្សាហកម្មទាំងនោះ។
លោក ឆាយ សារ៉ាត សង្កត់ធ្ងន់ថា ប្រសិនបើបញ្ហានេះនៅតែបន្តកើតមាន ប្រជាពលរដ្ឋនៃប្រទេសនោះមិនអាចជំរុញឲ្យរដ្ឋាភិបាលប្រទេសខ្លួនទទួលខុសត្រូវ និងបំបាត់អំពើពុករលួយ ដែលរីករាលដាលកាន់តែខ្លាំងឡើងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។