ក្រុមអ្នកអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ខ្មែរ បានចាត់ទុកថា ខេត្តសៀមរាប ក្រៅតែពីសម្បូរទៅដោយប្រាសាទបុរាណសម្រាប់ប្រវត្តិសាស្ត្រ ខេត្តសៀមរាប ក៏ជាខេត្តមួយដែលនៅមានប្រជាពលរដ្ឋជាច្រើន ប្រកាន់ខ្ជាប់ប្រពៃណី និងទំនៀមទម្លាប់ខ្មែរពីបរមបូរាណឲ្យនៅគង់វង្សបានច្រើនជាងបណ្ដាខេត្តដទៃទៀតដែរ។
ក្រុមអ្នកអភិរក្សវប្បធម៌ទាំងនោះ កំពុងព្រួយបារម្ភចំពោះការបាត់បង់ប្រពៃណី រួមនឹងវប្បធម៌ខ្មែរ ទាំងរូបិយ និងអរូបិយបន្តិចម្ដងៗ ហើយត្រូវការឲ្យប្រជាពលរដ្ឋខ្មែរជួយរួមគ្នាការពារតទៅទៀត។
មន្ត្រីអាជ្ញាធរអប្សរាមកពីគ្រប់ផ្នែក ព្រមទាំងក្រុមយុវជនប្រមាណ ៣០០នាក់ បានរួមគ្នាប្រារព្ធទិវាវប្បធម៌ជាតិលើកទី១៨ នៅព្រឹកថ្ងៃពុធ ទី២ ខែមីនា។
ទិវាវប្បធម៌ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិនោះ គឺធ្វើឡើងនៅមុខប្រាសាទអង្គរវត្តភាគខាងលិច ដែលជាផ្លូវសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញចូលទស្សនាប្រាសាទអង្គរយ៉ាងសំខាន់។
អគ្គនាយករងអាជ្ញាធរអប្សរា ដែលធ្វើជាគណៈអធិបតីក្នុងការប្រារព្ធទិវាវប្បធម៌ជាតិនោះ គឺលោក ត័ន ប៊ុនស៊ុយ។ លោកថ្លែងនៅលើវេទិកាក្នុងឱកាសនោះថា អង្គរ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណរបស់ខ្មែរ។ វប្បធម៌រូបិយ និងអរូបិយរបស់បុព្វបុរសខ្មែរជាច្រើន បានបន្សល់ទុកជាប្រវត្តិសាស្ត្ររាប់រយឆ្នាំមកហើយ តាមរយៈប្រាង្គប្រាសាទដែលជាមតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ លោក ត័ន ប៊ុនស៊ុយ បញ្ជាក់ទៀតថា ដោយសារតែខ្មែរមានវប្បធម៌សម្បូរបែបបន្សល់ទុកតាមរយៈប្រាសាទថ្មនេះ ធ្វើឲ្យពិភពលោកជាច្រើនកោតស្ញប់ស្ញែង រហូតដល់ធ្វើឲ្យប្រជាពលរដ្ឋខ្មែរខ្លះប្រាថ្នាចង់ឃើញអង្គរឲ្យបានម្ដងក្នុងមួយជីវិតរបស់គេ ក៏អស់ចិត្តដែរ។ លោក ត័ន ប៊ុនស៊ុយ អំពាវនាវឲ្យពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេសក្ដី មេត្តារួមគ្នាជួយការពារវប្បធម៌ និងប្រពៃណីខ្មែរឲ្យគង់វង្សយូរអង្វែងតទៅទៀត៖ « ទិវាវប្បធម៌នេះបានរៀបចំឡើងដើម្បីសម្ដែងកតញ្ញូតាធម៌ចំពោះដូនតាយើង ដើម្បីលើកទឹកចិត្តឲ្យកូនខ្មែរគ្រប់រូប រួមគ្នាការពារ ថែរក្សា និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ »។
ឧបការី និងជាប្រធានក្រុមការងារសហគមន៍ និងជាលេខាធិការដ្ឋានរបស់អាជ្ញាធរអប្សរា លោក ជ្រុន សុផល មានប្រសាសន៍ថា បច្ចុប្បន្ននេះ ដើម្បីការពារសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ទាំងរូបិយ និងអរូបិយឲ្យបានគង់វង្សយូរអង្វែង អាជ្ញាធរអប្សរាបានរៀបចំក្រុមការងារសហគមន៍ចំនួន ៧ក្រុមឲ្យចុះទៅសហការជាមួយប្រជាពលរដ្ឋនៅតាមតំបន់ជាច្រើន ដើម្បីរួមគ្នាថែរក្សា និងការពារបេតិកភណ្ឌ និងវប្បធម៌ទាំងរូបិយ និងអរូបិយឲ្យគង់វង្ស។ លោក ជ្រុន សុផល បង្ហាញមោទនភាពថា មានតែខេត្តសៀមរាប មួយទេដែលប្រជាពលរដ្ឋភាគច្រើននៅថែរក្សាទំនៀមទម្លាប់ប្រពៃណីបានគង់វង្ស ក្រៅពីនោះ បណ្ដាខេត្តជាច្រើនទៀតបានបាត់បង់ព្រលឹងវប្បធម៌ជាតិជាបន្តបន្ទាប់៖ « មានទំនៀមទម្លាប់ប្រពៃណីខ្លះ ស្ទើរតែបាត់បង់អស់ទៅហើយ ដូចជា ពិធីចូលម្លប់ ពិធីកោរជុក និងពិធីបួងសួងសុំទឹកភ្លៀងជាដើម »។
ក្នុងការប្រារព្ធទិវាវប្បធម៌ជាតិលើកទី១៨ កាលពីព្រឹកថ្ងៃទី២ ខែមីនា អាជ្ញាធរអប្សរា ក៏បានរៀបចំឲ្យក្រុមសិល្បៈនៃមន្ទីរវប្បធម៌ខេត្តសៀមរាប បានរាំរបាំអប្សរានៅមុខផ្លូវចូលនៃប្រាសាទអង្គរវត្ត ដើម្បីចែកជូនភ្ញៀវជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍បានទស្សនាផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
