ពិធីបុណ្យ​ភ្ជុំ​បុណ្យ​របស់​ជនជាតិ​ខ្មែរ-ឡាវ​នៅ​ខេត្ត​បន្ទាយមានជ័យ

ដោយ ហ៊ុំ ចំរើន
2016.09.29
អ៊ុន ប៊ុនថើន ខ្មែរ​លាវ បុណ្យ​ភ្ជុំបិណ្ឌ ២០១៦ ៨៥៥ លោក អ៊ុន ប៊ុនថើន ពលរដ្ឋ​ខ្មែរ-ឡាវ ផ្ដល់​បទ​សម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ខាង​មុខ​ផ្ទះ ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​ខ្មែរ-ឡាវ នៅ​ក្នុង​វត្ត​មួយ នា​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នៅ​​​រក្សា​ប្រពៃណី​ទំនៀមទម្លាប់ ប្រារព្ធ​ពិធី​បុណ្យ​ភ្នំ​បិណ្ឌ ដូចជា ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។ ពួកគាត់​បាន​យក​បាយ​សម្ល​នំ​ចំណី ទៅ​ប្រគេន​ព្រះសង្ឃ នៅ​តាម​ទីវត្ត​អារាម ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែកឋាន​ទៅ​ហើយ តាម​ជំនឿ​ព្រះពុទ្ធសាសនា​រៀងៗខ្លួន។

រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ម្ដង​ៗ គឺ​ពលរដ្ឋ​ខ្មែរ​ឡាវ នៅ​ខេត្ត​បន្ទាយមានជ័យ ក៏​មិន​ខុស​ពី​ពលរដ្ឋ​ទូទៅ​​ប៉ុន្មាន​ដែរ គឺ​សមាជិក​គ្រួសារ​របស់​ពួកគាត់ ដែល​ទៅ​​ធ្វើ​ការងារ​នៅ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង អ្នក​ខ្លះ​បាន​វិល​មក​ត្រឡប់​លេង​ស្រុក​កំណើត​ជួបជុំ​បងប្អូន​នៅ​ថ្ងៃ​បុណ្យ​នេះ។

ពលរដ្ឋ​ខ្មែរ-ឡាវ អង្គុយ​នៅ​លើ​កៅអី​ជួប​ជុំ​បងប្អូន​​នៅ​ខាង​មុខ​ផ្ទះ​នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ លោក អ៊ុន ប៊ុនថើន រៀបរាប់​ថា កូន​ស្រី​របស់​លោក​ចំនួន​២នាក់ ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ជាង​១ឆ្នាំ​ហើយ។ ពួកគាត់​មិន​បាន​មក​ចូល​រួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ទេ។ ហេតុ​ដែល​មិន​បាន​មក​លេង​ស្រុក​កំណើត​ឆ្នាំ​នេះ ដោយសារ​ពួកគេ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ពី​ទឹក​ដី​ថៃ​មក​កម្ពុជា។ បុរស​វ័យ​៥០​ឆ្នាំ​ប្លាយ​និយាយ​ខ្មែរ​រដឺន​រូប​នេះ បន្ត​ដោយ​សំដី​មួយ​ៗ​ថា កូន​ៗ​បាន​ផ្ញើ​ប្រាក់​មក​ឲ្យ​លោក​វិច​នំ ធ្វើបាយ​សម្ល​យក​ទៅ​វត្ត​ភ្នំ​បាក់ ប្រគេន​ព្រះសង្ឃ​​ក្នុង​ឱកាស​រដូវ​បុណ្យភ្ជុំបិណ្ឌ​នេះ​ ដើម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ដល់​បុព្វការី ជន​ដែល​បាន​ចែកឋាន​ទៅ​ហើយ«ត្រៀម​ម្ហូបអាហារ​ ទឹកក្រូច​ សាច់​មាន់​សាច់​ទា និង​ប្រហុក​អំបិល ជូន​ទៅ​វត្ត​ឲ្យ​ជីដូនជីតា​ដែល​ស្លាប់​ទៅ។ ពេល​វេរ​ចង្ហាន់​ដល់​ព្រះសង្ឃ​ហើយ បាន​យក​របស់​ទាំង​នោះ​ទៅ​ដាក់​កន្លែង​អដ្ឋិធាតុ​ឪពុកម្ដាយ​នៅ​ទីវត្ត»

ពលរដ្ឋ​ខ្មែរ-ឡាវ នៅ​សង្កាត់​ទឹកថ្លា ភាគ​ច្រើន​និយម​ទៅ​ធ្វើ​បុណ្យ​ទាន នៅ​ភ្នំ​បាក់ ក្រុង​សិរីសោភ័ណ។ ទាំង​ការ​​ជួប​គ្នា​ក្នុង​វត្ត ឬ​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ នៅ​ក្នុង​ភូមិ ពួកគាត់​តែង​និយាយ​ភាសា​លាវ ក្នុង​ការ​ទំនាក់ទំនង​គ្នា។

ខ្មែរ​លាវ ធ្វើ​បុណ្យ​សូត្រ​មន្ត​ថ្ងៃ​កាន់​វេន​ទី១ នៅ​វត្ត​ភ្នំបាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
ខ្មែរ​លាវ ធ្វើ​បុណ្យ​សូត្រ​មន្ត​ថ្ងៃ​កាន់​វេន​ទី១ នៅ​វត្ត​ភ្នំបាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

ពលរដ្ឋ​ខ្មែរ​-ឡាវ នៅ​ភ្នំ​បាក់​ម្នាក់​ទៀត​អង្គុយ​នៅ​លើ​គ្រែ​សំយាប​ផ្ទះ គឺ​អ្នកស្រី ថង ចាន់ញូម ថ្លែង​ថា អ្នកស្រី​រស់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ តាំង​ពី​ដូនតា​មក​ ហើយ​តែង​តែ​រក្សា​ប្រពៃណី ធ្វើ​ម្ហូប​នំ​ចំណី​យក​ទៅ​ប្រគេន​ព្រះសង្ឃ​​ក្នុង​វត្ត នា​រដូវ​បុណ្យភ្ជុំបិណ្ឌ​រៀង​រាល់​ឆ្នាំ ពុំ​​ដែល​ខាន​ឡើយ«ហើយ​បិណ្ឌ​លាវ​ក៏​កាន់​បិណ្ឌ​ខ្មែរ​ជា​មួយ​គ្នា​ មិន​ដែល​ខាន​ទេ។ ខ្ញុំ​ទៅ​ភ្ជុំ​បុណ្យ​នៅ​វត្ត​ភ្នំ​បាក់ មិន​សូវ​បាន​ទៅ​វត្ត​ផ្សេង​ទេ ព្រោះ​វត្ត​នេះ​នៅ​ជិត​ផ្ទះ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅមក»

អាចារ្យ​វត្ត​ភ្នំ​បាក់​ជនជាតិ​ខ្មែរ​-ឡាវ លោក លី ដេតសុវ៉ាត់ ប្រាប់​អាស៊ីសេរី នៅ​មុខ​សាលា​ធម្មសភា វត្ត​ភ្នំ​បាក់​ថា នៅ​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី​១ គឺ​ជា​ថ្ងៃ​ទី​បុណ្យ​ធំ​របស់​ខ្មែរ​-ឡាវ។ នៅ​ក្នុង​ឱកាស​នេះ​ ជនជាតិ​ខ្មែរ​ឡាវ​បាន​យក​នំចំណី​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​គ្រប់​គ្នា។ លោក​បញ្ជាក់​ថា បើ​ទោះ​ជា​ថ្ងៃ​បុណ្យ​ធំ​កន្លង​ផុត​​ទៅ​ហើយ​ក្ដី ក៏​ប៉ុន្តែ​នៅ​​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋ​ខ្មែរ​ឡាវ​នៅ​ទី​ជិត​ទី​​ឆ្ងាយ​តែង​មក​ជួបជុំ​ក្រុម​គ្រួសារ ហើយ​ធ្វើ​​ម្ហូប​បាយ​សម្ល នំ ចំណី​យក​ទៅ​វត្ត​ទៅ​វ៉ា​ដូច​គ្នា«ហើយ​ពួក​យើង​ខ្ញុំ​ពេល​សែន​មិន​បាន​សែន​នៅ​លើ​ផ្ទះ​ ឬ​នៅ​ទីធ្លា​ផ្ទះ​ទេ​ គឺ​សែន​នៅ​ទីវត្ត​តែ​ម្ដង​ គឺ​ខុស​ពី​បងប្អូន​ខ្មែរ​យើង​ សែន​នៅ​ផ្ទះ​។ដោយ​ឡែក​យើង​មាន​ធ្វើ​រានទេវតា​ដែរ ក៏​ប៉ុន្តែ​មិន​មែន​សែន​ដល់​ជីដូនជីតា​ទាំង​៧សណ្ដាន​ទេ ព្រោះ​ខ្លាច​មិន​អាច​រក​យើង​ឃើញ តាម​ព្រះពុទ្ធសាសនា​ប្រេត មិន​អាច​ទៅ​ទីប្រជុំជន​បាន​ ខ្មាស​គេ​ដោយសារ​មាន​អាក្រាត កាយ»

​​​​​​​​​​​​​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយមានជ័យ លោក យិន យឿន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​លាវ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​នៅ​ក្នុង​ស្រុក​អូរជ្រៅ មង្គលបូរី និង​នៅ​សង្កាត់​ទឹក​ថ្លា ក្រុង​សិរីសោភ័ណ។ ប៉ុន្តែ​លោក​ពុំបាន​ដឹង​តួលេខ​ច្បាស់ ថា​មាន​ជនជាតិ​ខ្មែរ​ឡាវ ចំនួន​ប៉ុន្មាន​នាក់​រស់​នៅ​ក្នុង​ខេត្ត​នេះ​ឡើយ«បាទ​!មក​ជួប​ជុំ​គ្នា​ដូច​គ្នា​នឹង​ពលរដ្ឋ​ខ្មែរ​យើង​ដែរ ហើយ​គាត់​ក៏​មក​វត្ត​ខ្មែរ ហើយ​ពលរដ្ឋ​ក៏​ទៅ​វត្ត​​លាវ​ ទៅ​មក​ដូច​គ្នា»

សាស្ត្រាចារ្យ​ប្រវត្តិវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក វង់ សុធារ៉ា មាន​ប្រសាសន៍​ថា ពលរដ្ឋ​ឡាវ មក​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា អំឡុង​សតវត្ស​ទី​១៧ និង​ទី​១៨ ដោយ​អ្នក​ខ្លះ​មក​រស់​នៅ​ជា​ចំណាក​ស្រុក ខ្លះ​ទៀត​មក​រស់​នៅ​ដោយសារ​ប្រទេស​ឡាវ​មាន​សង្គ្រាម និង​មួយ​ផ្នែក​ទៀត​មក​រស់​នៅ​ជា​ជន​​​ភៀសខ្លួន ដោយសារ​បញ្ហា​​នយោបាយ​កាល​ពី​សម័យ​នោះ។ លោក​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ-​ឡាវ​ភាគច្រើន បាន​​​ប្ដូរ​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ខ្លួន ទាំង​ខាង​ជំនឿ​​​​សាសនា និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​ដើម គឺ​ស្រដៀង​​​​នឹង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ស្ទើរ​ទាំង​ស្រុង«ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុកដាក់​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគាត់​ថែរក្សា​ទំនៀមទម្លាប់​នេះ​ឲ្យ​បាន​ល្អ។ ម្យ៉ាង​ទៀត តាមរយៈ​ការ​អប់រំ​ដូចជា គ្រូបង្រៀន​ធ្វើ​យ៉ាង​ណា បត់បែន​តាម​តំបន់​ការ​រស់​នៅ ឲ្យ​គាត់​មាន​ទឹក​ចិត្ត​ស្រលាញ់​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ពួកគាត់»

អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ខ្មែរ-ឡាវ មក​រស់​​នៅ​កម្ពុជា​​សព្វ​ថ្ងៃ មាន​ជាអាទិ៍​នៅ​ខេត្ត​បន្ទាយមានជ័យ ស្ទឹងត្រែង ស្វាយរៀង ព្រះវិហារ រតនគីរី និង​ខេត្ត​មណ្ឌលគិរី​ជាដើម។

ទន្ទឹម​គ្នា​នេះ អាចារ្យ​វត្ត​ភ្នំ​បាក់ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​នៅ​សង្កាត់​ទឹក​ថ្លា ក្រុង​សិរីសោភ័ណ​ មាន​ប្រហែល​ជាង​២០០​គ្រួសារ ដោយ​​ពួកគាត់​​ច្រើន​​ប្រកបរបរ​ធ្វើ​ស្រែ​ចម្ការ ហើយ​នៅ​និយាយ​ភាសា​ឡាវ ក្នុង​ការ​ទំនាក់ទំនង​គ្នា​បាន​យ៉ាង​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។