វត្ត​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​ថៃ​ពុំ​សូវ​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា

ដោយ ហ៊ុំ ចំរើន
2017.07.18
វត្ត​ប្រាសាទ​បី​រស្មី​ចម្ការ​គ ២០១៧ ១៤៤០ វត្ត​ប្រាសាទ​បី​រស្មី​ចម្ការ​គ ឋិត​នៅ​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

វត្ត​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ក្នុង​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ពុំ​សូវ​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ទេ។ ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ជិត​ព្រំដែន​នោះ មាន​ថេរ​ដីកា​ថា កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ព្រះសង្ឃ​តិច ដោយសារ​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យ​ធ្វើ​ទាន និង​គ្មាន​សាលារៀន​សម្រាប់​ឲ្យ​ព្រះសង្ឃ​សិក្សា។

ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ជាប់​ព្រំដែន​ថៃ នៅ​ស្រុក​ស្វាយចេក មាន​ថេរ​ដីកា​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​រក​វិធី​ដោះស្រាយ ដើម្បី​ឲ្យ​ព្រះសង្ឃ​និមន្ត​ទៅ​គង់​ចាំ​វត្ត​នៅ​តាម​ព្រំដែន​ឲ្យ​បាន​ច្រើន​ទេ គឺ​មិន​យូរ​ឡើយ នៅ​តាម​ព្រំដែន​មាន​តែ​សំបក​វត្ត តែ​គ្មាន​ព្រះសង្ឃ​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យ​ទាន​ឡើយ។

ព្រះសង្ឃ​គង់​នៅ​វត្ត​ប្រាសាទបី​រស្មី​ចម្ការ​គ ឃុំ​ស្វាយចេក ព្រះតេជព្រះគុណ សាន ចាន់ឌី មាន​ថេរ​ដីកា​ថា ព្រះអង្គ​គង់​ចាំ​ព្រះវស្សា​នៅ​ក្នុង​វត្ត​មួយ​នេះ​ចំនួន ៣​ព្រះវស្សា​មក​ហើយ ដោយ​កន្លង​ទៅ​មាន​ព្រះសង្ឃ​គង់​ចាំ​វត្ត​ពី ២​ទៅ ៣​អង្គ​ជា​រៀង​រាល់​ឆ្នាំ។

កំពុង​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី ខាង​មុខ​កុដិ​ព្រះចៅ​អធិការ ស្រាប់​តែ​ព្រះអង្គ​ប្រើ​ឲ្យ​សាមណេរ​មួយ​អង្គ​និមន្ត​ទៅ​ទិញ​ម្ហូប​សម្រាប់​ឆាន់​ត្រង់ ល្គឹក​នោះ​សាមណេរ​ដែល​មាន​ព្រះជន្ម ១២​ព្រះវស្សា​ផង​នោះ បាន​និមន្ត​ទៅ​រក​ទិញ​ម្ហូប​នៅ​តូប​លក់ដូរ​របស់​អ្នក​ស្រុក​ក្បែរ​វត្ត​ម្ដង​ជា​ពីរ​ដង តែ​ពុំ​មាន​បាន​ចង្ហាន់​នោះ​ទេ។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ថែម​ថា រាល់​ថ្ងៃ ព្រះអង្គ​បិណ្ឌបាត​ពុំ​បាន​ចង្ហាន់​សម្រាប់​ឆាន់​ពេល​ព្រឹក និង​ពេល​ថ្ងៃ​ត្រង់​នោះ​ទេ ដោយ​ថ្ងៃ​ខ្លះ​បាន​ឆាន់ ហើយ​ថ្ងៃ​ខ្លះ​មិន​បាន​ចង្ហាន់​ឡើយ៖ «អាត្មាភាព​សូម​ចម្រើនពរ​ដល់​មន្ត្រី​គ្រប់​ស្ថាប័ន​ទាំងអស់ និង​ពុទ្ធបរិស័ទ​ក្នុង និង​ក្រៅ​ប្រទេស ជួយ​ទំនុក​បម្រុង​ដល់​ព្រះសង្ឃ​តាម​ព្រំដែន​ផង ព្រោះ​ជួប​ការ​ខ្វះខាត​ខ្លាំង ព្រោះ​អី​ទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ក្រ​ខ្សត់»

វត្ត​ប្រាសាទបី​រស្មី​ចម្ការ​គ មាន​ចម្ងាយ​ប្រហែល ១​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​ថៃ និង​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ៣​អង្គ ក្នុង​នោះ​មាន​សាមណេរ​មួយ​អង្គ​ផង។ វត្ត​មួយ​នេះ មាន​កុដិ​សម្រាប់​ព្រះសង្ឃ​គង់​ចំនួន ៣ និង​មាន​សាលាឆាន់​ធ្វើ​ពី​ឈើ​មាន​សភាព​រខេករខាក​មួយ តែ​ពុំ​មាន​ព្រះវិហារ​នៅ​ឡើយ​ទេ។ ព្រះតេជព្រះគុណ សាន ចាន់ឌី មាន​ថេរ​ដីកា​ថា មូលហេតុ​ដែល​មាន​ព្រះសង្ឃ​តិច ដោយសារ​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យ។

ចំណែក​អាចារ្យ​វត្ត​ប្រាសាទបី​រស្មី​ចម្ការ​គ លោក និន ឈន់ ថ្លែង​ថា ព្រះសង្ឃ​ក្នុង​វត្ត​ជួប​ការ​ខ្វះខាត​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ពលរដ្ឋ​ចំណុះ​ជើង​វត្ត​ភាគច្រើន​ក្រីក្រ ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ព្រឹក​វិល​ល្ងាច ហើយ​ពុំ​ចាប់​អារម្មណ៍​រឿង​ធ្វើ​បុណ្យ​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ត​នោះ​ទេ៖ «ចាប់​ពី​ខ្ញុំ​ចូល​មក​ធ្វើ​ជា​អាចារ្យ​វត្ត​នេះ​មក ឃើញ​ថា​វត្ត​ខ្វះខាត​គ្រប់​បែប​យ៉ាង ទាំង​ចង្ហាន់​ព្រះសង្ឃ និង​របស់​ប្រើប្រាស់​នៅ​ក្នុង​វត្ត ពុំ​មាន​សម្រាប់​ពលរដ្ឋ​ធ្វើ​បុណ្យ​ទាន​ក្នុង​វត្ត​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ អនុប្រធាន​ភូមិ​ចម្ការគ លោក ប៊ុន អឿន មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​ក្នុង​ភូមិភាគ​ច្រើន​ប្រកប​របរ​ដាំ​ដំឡូងមី ធ្វើ​ស្រែ និង​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវភាព​ប្រចាំ​ថ្ងៃ។ ចំណែក​ការ​ធ្វើ​បុណ្យ​ទាន​វិញ លោក​អះអាង​ថា បើ​ទោះ​ជា​ពលរដ្ឋ​មាន​ជីវភាព​មិន​ធូរធារ​ក្ដី តែ​ពួក​គាត់​រក្សា​ប្រពៃណី​ធ្វើ​បុណ្យ​ដាក់​បាត្រ​ព្រះសង្ឃ ដូច​ពលរដ្ឋ​នៅ​ខាង​ក្នុង​ប្រទេស​ដែរ៖ «ពី​ដើម​អត់​មាន​អី​ទាំងអស់ ព្រោះ​យើង​បាន​ចំណូល​សទ្ធា​ជ្រះថ្លា​របស់​ពលរដ្ឋ​ក្នុង​ភូមិ ដោយ​ពុំ​មាន​ពលរដ្ឋ​ពី​ខាង​ក្រៅ​មក​ធ្វើ​បុណ្យ​ក្នុង​វត្ត​ទេ។ ម្យ៉ាង​ទៀត មាន​អាជ្ញាធរ​ភូមិ​នេះ​ឯង​បាន​រួម​គ្នា​បង្កើត​វត្ត​នេះ​មក»

ចំណែក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយមានជ័យ លោក យិន យឿន ទទួល​ស្គាល់​ថា វត្ត​នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​ថៃ ភាគច្រើន​ពិត​ជា​ពុំ​សូវ​មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ប្រាកដ​មែន ប៉ុន្តែ​លោក​អះអាង​ថា ខាង​ព្រះ​មេគុណ​ខេត្ត​បាន​និមន្ត​ព្រះសង្ឃ​ទៅ​គង់​គ្រប់​វត្ត​មិន​ឲ្យ​ដាច់​ព្រះសង្ឃ​នោះ​ទេ។ លោក​បន្ថែម​ថា បញ្ហា​ខ្វះ​ព្រះសង្ឃ​ចាំ​វត្ត​នៅ​តាម​ព្រំដែន​កន្លង​ទៅ ខាង​មន្ទីរ និង​មន្ត្រី​សង្ឃ​ខេត្ត បាន​ព្យាយាម​រក​កន្លែង​បើក​សាលា​បង្រៀន​ភាសា​បាលី​ដល់​ព្រះសង្ឃ ដើម្បី​ឲ្យ​មាន​ព្រះសង្ឃ​គង់​នៅ​ច្រើន​ដែរ តែ​រក​វត្ត​ពុំ​ទាន់​បាន៖ «ហើយ​ក្នុង​ក្របខ័ណ្ឌ​សាលា​បាលី​មួយ គឺ​មាន​ព្រះសង្ឃ​សមណ សិស្ស​ចាប់​ពី ១៥​អង្គ​ឡើង​ទៅ បាន​យើង​អាច​បើក​សាលា​បង្រៀន​បាលី​បាន ប្រសិន​បើ​ព្រះសង្ឃ​ក្រោម​នោះ​ទេ​មិន​អាច​បើក​សាលា​បាន​ទេ ព្រោះ​ព្រះសង្ឃ​តិច​មិន​ត្រូវ​តាម​ស្តង់ដារ​អប់រំ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​លើក​ទឹក​ចិត្ត​ព្រះសង្ឃ​តាម​រយៈ​ការ​ផ្ដល់​ចង្ហាន់ និង​សាងសង់​ទី​វត្ត​អារាម និង​សាលារៀន​សម្រាប់​ព្រះសង្ឃ ដើម្បី​ជំរុញ​ឲ្យ​ព្រះសង្ឃ​ទៅ​គង់​ចាំ​វត្ត​តាម​ព្រំដែន​ឲ្យ​បាន​ច្រើន។ លោក​អះអាង​ថា ប្រសិន​បើ​ពុំ​មាន​ព្រះសង្ឃ​តាម​ព្រំដែន​ទេ នាំ​ឲ្យ​សីលធម៌​រស់នៅ​របស់​ពលរដ្ឋ​ធ្លាក់​ចុះ ហើយ​មាន​ក្មេង​ទំនើង​ច្រើន ដោយសារ​គ្មាន​អ្នក​អប់រំ​ផ្លូវ​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​មិន​ខ្លាច​បាប៖ «ហើយ​ក៏​ជា​ការ​ចូលរួម​ចំណែក​ទី​១ វត្ត​នៅ​តាម​ព្រំដែន​ក៏​អាច​ជា​រនាំង​ការពារ​ព្រំដែន​របស់​ជាតិ​បាន​ដែរ។ ទី​២ ជា​អ្នក​ផ្សព្វផ្សាយ​អំពី​សីលធម៌​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន។ បញ្ហា​ទាំងនេះ​ជា​គុណ​ប្រយោជន៍​សំខាន់​ណាស់​របស់​ប្រទេស​ជាតិ»

ព្រះចៅ​អធិការ​វត្ត​ចម្ការគ ព្រះតេជព្រះគុណ វិន នី ឲ្យ​ដឹង​ថា វត្ត​នៅ​ជាប់​ព្រំដែន​ក្នុង​ស្រុក​ស្វាយចេក និង​ស្រុក​អូរជ្រៅ តំបន់​ព្រះអង្គ​គង់​ចាំ​ព្រះវស្សា​ដោយ​វត្ត​ភាគច្រើន​មាន​ព្រះសង្ឃ​ពី​មួយ​អង្គ​ទៅ​ពីរ​អង្គ​ស្ទើរ​គ្រប់​វត្ត ដែល​បង្ក​ការ​លំបាក​ដល់​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យ​ធ្វើ​ទាន ព្រោះ​ពេល​ធ្វើ​បុណ្យ​ម្ដងៗ​ត្រូវ​និមន្ត​ព្រះសង្ឃ​ជាច្រើន​វត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។