អាជ្ញាធរ​ខេត្ត​កំពង់ធំ​ប្ដេជ្ញា​ទាក់ទាញ​ទេសចរ​ទៅ​កម្សាន្ត​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក

ដោយ សូត សុខប្រាថ្នា
2017-07-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្លាក​សម្គាល់​នៅ​មាត់​ច្រក​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ឃុំ​សំបូរ ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៦។
ស្លាក​សម្គាល់​នៅ​មាត់​ច្រក​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ឃុំ​សំបូរ ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៦។
Photo: RFA

អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខេត្ត​កំពង់ធំ បញ្ជាក់​ថា នឹង​ខិតខំ​ថែរក្សា​សំណង់​ប្រវត្តិសាស្ត្រ​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​រមណីយដ្ឋាន​បុរាណ​នេះ នឹង​កាន់​តែ​កើន​ឡើង​ទ្វេដង ពិសេស​ក្រោយ​ពេល​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។

អាជ្ញាធរ​ខេត្ត​កំពង់ធំ និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​មោទនភាព​ក្រោយ​ពេល​ប្រាសាទ​សំបូរ​ព្រៃ​គុក បាន​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ពួក​គេ​យល់​ថា ការ​ដាក់​បញ្ចូល​នេះ មិន​គ្រាន់​តែ​លើក​មុខ​មាត់ និង​កិត្តិយស​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​តាម​រយៈ​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​មួយ​នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ លោក សេង អាន មាន​ប្រសាសន៍​ទាំង​ក្ដី​រីករាយ​ចំពោះ​សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល​សម្រេច​បាន​ពេល​នេះ ថា​ខាង​លោក​នឹង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក ដើម្បី​ថែរក្សា​តំបន់​មួយ​នេះ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត៖ «កំណើន​ភ្ញៀវ​ក៏​មាន​ការ​កើន​ឡើង​ជា​លំដាប់ ហើយ​បើ​សិន​ជា​យើង​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​បន្ថែម​ទៀត ប្រជាពលរដ្ឋ​យើង​នៅ​ទីនេះ​កាន់​តែ​មាន​មុខ​របរ​តាម​រយៈ​វិស័យ​ទេសចរណ៍»

ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ (UNESCO) ប្រជុំ​សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​ក្រាកូស (Krakow) ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។

អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា ថា វា​ជា​មោទនភាព​របស់​ជាតិ និង​គាំទ្រ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បំពេញ​ការងារ​នេះ​រហូត​ទទួល​បាន​ជោគជ័យ។ អភិបាល​ខេត្ត​រូប​នេះ​ប្ដេជ្ញា​ថា នឹង​ចូលរួម​ថែរក្សា​ការពារ​រមណីយដ្ឋាន​មួយ​នេះ​ឲ្យ​នៅ​គង់វង្ស​យូរ​អង្វែង សម្រាប់​ក្មេង​ជំនាន់​ក្រោយ និង​ប្ដេជ្ញា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​ខេត្ត​មួយ​នេះ ពិសេស​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត៖ «ធ្វើ​អប់រំ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង ក៏ដូចជា​ប្រជា​សហគមន៍​នៅ​ទីនោះ ធ្វើ​ម៉េច​ចូលរួម​ក្នុង​ការ​ថែរក្សា​ប្រាសាទ​ឲ្យ​តម្លៃ​ទៅ​លើ​វត្ថុ​របស់​យើង​ហ្នឹង»

ប្រាសាទ​តោ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ២០១៦ ១៤៤០
ប្រាសាទ​តោ​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ឃុំ​សំបូរ ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Saut Sokprathna

ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​ប្រាសាទ​បុរាណ​ខ្មែរ​ទី​បី​ហើយ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បន្ទាប់​ពី​ប្រាសាទ​អង្គរវត្ត​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ឆ្នាំ​១៩៩២ និង​ប្រាសាទ​ព្រះវិហារ ដាក់​បញ្ចូល​កាល​ពី​ឆ្នាំ​២០០៨។

រមណីយដ្ឋាន​នេះ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​សន្និដ្ឋាន​ថា គឺ​ជា​រាជធានី​របស់​ខ្មែរ​ក្នុង​សម័យ​ចេនឡា ដែល​មាន​ឈ្មោះ​ថា ឥសានបុរៈ ឬ​ឥសានបុរី ក្នុង​រាជ្យ​ព្រះបាទ ឥសានវរ្ម័នទី១ នា​ដើម​សតវត្ស​ទី​៧ ដោយ​ដាក់​ឈ្មោះ​ស្រប​តាម​ព្រះនាម​របស់​ទ្រង់។ នៅ​ក្នុង​បរិវេណ​រាជធានី​បុរាណ​ខ្មែរ​មួយ​នេះ គឺ​មាន​ប្រាសាទ​ជិត ៣០០​ប្រាសាទ (២៩៣​ប្រាសាទ)

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក កាល​ពី​ឆ្នាំ​២០១៦ គឺ​មាន​ចំនួន​ជាង ១២​ម៉ឺន​នាក់ (១២៥.១៨៦​នាក់)។ ចំណែក​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៧ គឺ​មាន​ចំនួន​ជិត ១៤​ម៉ឺន​នាក់ (១៣៨.០១២​នាក់)។ ចំនួន​នេះ​បង្ហាញ​ថា គ្រាន់​តែ​ឆមាស​ទី​១ ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​កើន​ឡើង​ជាង ១​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦។

មន្ត្រី​សម្របសម្រួល​ស្តីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ព្រម​ទាំង​អបអរ​សាទរ​ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ។ យ៉ាង​នេះ​ក្តី លោក​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល និង​ការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត ពីព្រោះ​លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​តាម​ជនបទ​ក្នុង​ខេត្ត​កំពង់ធំ មួយ​ចំនួន មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ។

លើស​ពី​នេះ លោក ឈួម រុណ ស្នើ​ឲ្យ​បង្កើន​កិច្ច​ការពារ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ ពីព្រោះ​កន្លង​ទៅ​ធ្លាប់​មាន​ករណី​លួច​កាប់​ឈើ ការ​ចាប់​សត្វ និង​រាន​ដី​ព្រៃ ជាដើម។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​រៀបចំ​ផ្លូវ​ធ្វើ​ដំណើរ​ឲ្យ​បាន​ស្អាត សន្តិសុខ​ល្អ​ប្រសើរ ហើយ​ពលរដ្ឋ​ម្ចាស់​ស្រុក គប្បី​ត្រៀម​ខ្លួន​ជា​មុន ពីព្រោះ​នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កាន់​តែ​ច្រើន នឹង​បង្កើត​ការងារ​ដល់​ពួក​គាត់​កាន់​តែ​ច្រើន​ដូច​គ្នា៕

ប្រាសាទ​តោ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ២០១៦ ១៤៤០
ប្រាសាទ​តោ​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ឃុំ​សំបូរ ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Saut Sokprathna

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល