មន្ត្រីសង្ឃលើកឡើងថា ការឃោសនា និងចលនានយោបាយរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា គឺចង់ផ្ដួលរំលំព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមន្ត្រីសង្ឃទូទាំងប្រទេសប្រចាំឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ។
ទាក់ទិនបញ្ហានេះ លោក ខឹម វាសនា បានឆ្លើយថា អ្វីដែលលោកនិយាយ គឺជារឿងត្រឹមត្រូវ ហើយមិនប៉ះពាល់ដល់ព្រះពុទ្ធសាសនាឡើយ។
ករណីប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលបាននិយាយឆ្គាំឆ្គងលើព្រះពុទ្ធសាសនា បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងអង្គអនុសំវច្ចរៈមហាសន្និបាតលើកទី២៤ នៅថ្ងៃទី២៩ ខែធ្នូ នាសាលមហោស្រពចតុមុខ។
សមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តស្រះចក ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មានថេរដីកាថា លោក ខឹម វាសនា តែងតែប្រើពាក្យអសុរោះ ជេរប្រមាថព្រះសង្ឃ និងធ្វើចលនាបញ្ចូលមនោគមវិជ្ជាដល់យុវជន ឲ្យស្អប់ព្រះពុទ្ធសាសនា។ ព្រះតេជព្រះគុណបន្ថែមថា ទង្វើរបស់មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រូបនេះ គឺប្រាសចាកពីច្បាប់រដ្ឋធម្មនុញ្ញ និងចង់ផ្ដួលរំលំព្រះពុទ្ធសាសនា៖ «ពាក្យពេចន៍របស់គាត់ចេញមក គឺអសីលធម៌ ជេរគេជេរឯង ដូចជា ពួកអាឈាមថោក ពួកអាចោរថង់យាម ពួកអាឈាមឆ្កែ ពួកអាបោករាស្ត្រ ពួកអាឈ្លើងអី ជាដើម។ ពាក្យទាំងនេះ យើងមិនអាចទទួលយកបានទេ ជាពិសេសព្រះពុទ្ធសាសនា គឺជាឃ្លាំង និងជាគ្រឹះនៃសីលធម៌ វប្បធម៌ជាតិ ព្រមទាំងជាសាសនារបស់រដ្ឋថែមទៀត»។
ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មានថេរដីកាបន្តថា ព្រះសង្ឃ និងពុទ្ធបរិស័ទទូទាំងប្រទេស មិនអនុញ្ញាតឲ្យជនណា ឬក្រុមណាមួយ ធ្វើការបំផ្លាញព្រះពុទ្ធសាសនានោះទេ។ នៅក្នុងកិច្ចប្រជុំមន្ត្រីសង្ឃទូទាំងប្រទេសប្រចាំឆ្នាំរយៈពេលពីរថ្ងៃនេះ ក៏កំពុងជជែកស្វែងរកវិធានការផ្លូវច្បាប់លើ លោក ខឹម វាសនា ដែរ។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ឆ្លើយតបថា លោកមិនដែលធ្វើអ្វីឲ្យប៉ះពាល់ដល់ស្ថាប័នព្រះពុទ្ធសាសនា និងព្រះសង្ឃឡើយ។ លោក ខឹម វាសនា បញ្ជាក់ថា កន្លងមក លោកនិយាយប៉ះពាល់តែមនុស្សខូចដែលជ្រកក្រោមស្លាកព្រះពុទ្ធសាសនានោះទេ។ លោកមិនព្រួយបារម្ភអំពីវិធានការច្បាប់ណាមួយ ដាក់ទោសទណ្ឌលោកឡើយ៖ «ប្រសិនណាព្រួយបារម្ភ ខ្ញុំមិននិយាយទេ។ បើយើងនៅតែខ្លាចមុខខ្លាចក្រោយអ៊ីចឹង គឺមនុស្សនឹងមិនបានយល់ត្រូវទេ។ សម្រាប់ខ្ញុំ នៅសម្ងំមិនបានទេ ហើយខ្ញុំនិយាយនេះ ដើម្បីផលប្រយោជន៍មនុស្សមួយប្រទេស»។
លោកឲ្យដឹងដែរថា កន្លងមក មានមនុស្សខូចខ្លះបានបន្លំគណនីហ្វេសប៊ុក (Facebook) របស់លោក និងអ្នកគាំទ្រ ដើម្បីធ្វើសកម្មភាពបែបមិនត្រឹមត្រូវ។ លោក ខឹម វាសនា ក៏ទាមទារឲ្យមានការស៊ើបអង្កេត និងជជែកគ្នាឲ្យបានច្បាស់លាស់តាមកញ្ចក់ទូរទស្សន៍ផងដែរ។
ទាក់ទិនបញ្ហានេះ ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថា ថ្វីត្បិតតែលោកមិនពេញចិត្តរបៀបនិយាយ និងពាក្យជេរប្រមាថរបស់ លោក ខឹម វាសនា ក្តី ប៉ុន្តែខ្លឹមសារខ្លះត្រឹមត្រូវ ព្រោះវត្តអារាមខ្លះមិនមែនស្អាតស្អំគ្រប់ពេលនោះដែរ។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា គណបក្សនយោបាយផ្សេងទៀត ក៏យកសាសនាធ្វើជាឧបករណ៍នយោបាយដែរ ដូចជាយកវត្តអារាមឲ្យប្រជាពលរដ្ឋស្បថថា បោះឆ្នោតឲ្យ និងស្មោះត្រង់ជាមួយបក្ស។ល។ ទាំងនេះ សុទ្ធតែជារឿងបោកប្រាស់ និងប៉ះពាល់ព្រះពុទ្ធសាសនាដូចគ្នា៖ «ជេរប្រទេច ឬក៏យើងលួងលោមក្នុងន័យបោកប្រាស់ គឺវាមានអត្ថន័យដូចគ្នា ខុសទាំងអស់គ្នា។ សម្រាប់ខ្ញុំសោកស្ដាយចំពោះទាំងអស់គ្នាដែរ ដែលតាំងពីដើមមក យកសាសនាជាឧបករណ៍ និងជាឈ្នាន់នយោបាយ»។
យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ក៏បានរិះគន់ខ្លាំងៗលើទង្វើរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នេះដែរ ដែលប្រើពាក្យសម្ដីមិនសមរម្យ និងពេលខ្លះ លោក ខឹម វាសនា និយាយគ្មានសីលធម៌។ ជុំវិញការប្រើពាក្យសម្ដីបណ្ដាលឲ្យមនុស្សមួយចំនួនយល់ច្រឡំ ប៉ះពាល់ព្រះពុទ្ធសាសនា និងបំបែកបំបាក់សង្ឃនេះ សម្ដេចសង្ឃ ឈឹង ប៊ុនឈា ព្យាករថា លោក ខឹម វាសនា អាចនឹងធ្លាក់អនន្តរិយកម្មជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
