ជប៉ុន​ជួយ​ជួសជុល​ស្ពាន​ហាល​ប៉ែក​ខាង​លិច​របស់​ប្រាសាទ​អង្គរវត្ត​ជា​ជំហាន​ទី​២

ដោយ ហង្ស សាវយុត
2016.05.09
ជួសជុល​ស្ពាន​ហាល​អង្គរវត្ត ២០១៦ ៨៥៥ ក្រុម​អ្នក​ជំនាញ​ខ្មែរ និង​ជប៉ុន ត្រៀម​ដំណើរ​ការ​គម្រោង​ជួសជុល​ស្ពាន​ហាល​របស់​ប្រាសាទ​អង្គរវត្ត​ដំណាក់​កាល​ទី​២ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ២២ ផ្សេង​ទៀត ដែល​កំពុង​ផ្ដល់​ជំនួយ និង​អ្នក​ជំនាញ​ជាច្រើន​មក​ជួយ​ជួសជុល​ប្រាសាទ​បុរាណ​ជាច្រើន​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប។

អ្នក​ជំនាញ​ជប៉ុន ក៏​បាន​មើល​ឃើញ​ប្រាសាទ​អង្គរវត្ត ដែល​មាន​អាយុកាល​ជិត ១​ពាន់​ឆ្នាំ និង​ក៏​ជា​វត្ថុ​អច្ឆរិយ​ទី​៧ នៃ​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក​ផង​នោះ កំពុង​បាក់​បែក និង​ទ្រុឌទ្រោម​ជាច្រើន​កន្លែង ហើយ​ទាមទារ​ឲ្យ​មាន​ការ​ជួសជុល និង​ថែទាំ​ឡើង​វិញ​ជា​ចាំបាច់។

អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ អាស៊ី សូហ្វីយ៉ា (Asia Sofia) នៃ​ប្រទេស​ជប៉ុន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បើក​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ប៉ែក​ខាង​លិច​របស់​ប្រាសាទ​អង្គរវត្ត ដំណាក់​កាល​ទី​២ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ឧសភា។

ពិធី​ចុះ​ហត្ថលេខា​ដើម្បី​ចាប់​ផ្ដើម​គម្រោង​ជួសជុល​ស្ពាន​ហាល​របស់​ប្រាសាទ​អង្គរវត្ត​នោះ រដ្ឋាភិបាល​ជប៉ុន ក៏​បាន​ផ្ដល់​ជំនួយ​គ្រឿងចក្រ​ចំនួន ៣​គ្រឿង​សម្រាប់​បម្រើ​ឲ្យ​ការ​ជួសជុល​បាន​ប្រកប​ដោយ​បច្ចេកទេស​ទំនើប និង​មាន​សុវត្ថិភាព សម្រាប់​បុគ្គលិក​ដែល​ធ្វើ​ការ​ជា​ប្រចាំ​ថ្ងៃ​ដែរ។

ប្រធាន​គ្រឹះស្ថាន​អប់រំ​នៃ​សាកលវិទ្យាល័យ អាស៊ី សូហ្វីយ៉ា គឺ​លោក​សាស្ត្រាចារ្យ តូស៊ី អាគី កូសូ (Toshi aki Koso)។ លោក​បាន​ថ្លែង​នៅ​លើ​វេទិកា​មុន​ពេល​ចុះ​ហត្ថលេខា​ថា លោក​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ជួសជុល​ស្ពាន​ហាល​របស់​ប្រាសាទ​អង្គរវត្ត ពីព្រោះ​សព្វថ្ងៃ​នេះ មនុស្ស​ជាច្រើន​លាន​នាក់​នៅ​ក្នុង​ពិភពលោក បាន​កោត​ស្ញប់ស្ញែង​ចំពោះ​ប្រាសាទ​ដ៏​ល្បីល្បាញ​នេះ។ លោក តូស៊ី អាគី កូសូ បញ្ជាក់​ថា ដំណើរ​ការ​ជួសជុល​ស្ពាន​ហាល​របស់​អង្គរវត្ត​ដំណាក់​កាល​ទី​២ គឺ​អាច​នឹង​ប្រើ​ពេល​លើស​ពី ៤​ឆ្នាំ ដោយ​នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រហែល ៩​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ៖ «ដោយសារ​ជា​មោទនភាព និង​ជា​និមិត្តរូប​នៃ​ប្រទេស​កម្ពុជា ផង យើង​ខ្ញុំ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ណាស់​ចំពោះ​ការ​ជួសជុល ទាំង​បច្ចេកទេស តើ​ត្រូវ​ធ្វើ​ដូចម្ដេច

ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក គូម៉ាម៉ារូ យូជី (Kumamaru Yuji) មាន​ប្រសាសន៍​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ដើម្បី​ជួសជុល​ស្ពាន​ហាល​របស់​ប្រាសាទ​អង្គរវត្ត។ ដោយសារ​រដ្ឋាភិបាល​ជប៉ុន ជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​ក្រុង​តូក្យូ (Tokyo) ស្ដីពី​ការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ កាល​ពី​ឆ្នាំ​១៩៩៣ គឺ​រដ្ឋាភិបាល​ជប៉ុន បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ លើ​ការ​ជួសជុល​ប្រាសាទ​បុរាណ​ជាច្រើន ដូចជា​នៅ​អង្គរវត្ត នៅ​ប្រាសាទ​បាយ័ន ដោយ​ចំណាយ​ថវិកា​ប្រមាណ ២៦​លាន​ដុល្លារ​អាមេរិក​មក​ហើយ។

ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​អញ្ជើញ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​បើក​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ប៉ែក​ខាង​លិច​របស់​ប្រាសាទ​អង្គរវត្ត​នោះ មាន​ប្រសាសន៍​ថា ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​អំឡុង​សតវត្ស​ទី​១២ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធ​សាសនា​ថេរវាទ​វិញ។ បច្ចុប្បន្ន ផ្នែក​ជាច្រើន​របស់​ប្រាសាទ​អង្គរវត្ត គឺ​បាក់​បែក និង​ទ្រុឌទ្រោម ដែល​ត្រូវ​តែ​មាន​ការ​ជួសជុល​ជា​ចាំបាច់៖ «ស្ពាន​ហាល​នេះ គឺ​ជា​ផ្លូវ​ចេញ​ចូល​ដ៏​សំខាន់​សម្រាប់​ប្រាសាទ​អង្គរវត្ត ដែល​ជា​ប្រាសាទ​មួយ​បង្កប់​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ»

លោក សុខ អាន បញ្ជាក់​ថា ស្ពាន​ហាល​ប្រវែង ២០០​ម៉ែត្រ​របស់​ប្រាសាទ​អង្គរវត្ត​នេះ ធ្លាប់​ជួសជុល​ចំនួន ៣​លើក​មក​ហើយ គឺ​នៅ​ទសវត្ស​ទី​៦០ សាលា​បារាំង​ចុង​បូព៌ា ធ្លាប់​ជួសជុល​ផ្នែក​ខ្លះ ហើយ​បន្ទាប់​មក ជប៉ុន ក៏​ជួសជុល​ប្រវែង ៩០​ម៉ែត្រ ទើប​តែ​រួច​រាល់​ដំណាក់​កាល​ទី​១ ព្រម​ទាំង​កំពុង​ចាប់​ផ្ដើម​ជួសជុល​ដំណាក់​កាល​ទី​២ នេះ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក មាន​ប្រទេស​ចំនួន​២៣ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ៣០ បាន​មក​ជួយ​ជួសជុល​ប្រាសាទ​បុរាណ​ជាច្រើន​នៅ​ខេត្ត​សៀមរាប។ ការ​ជួយ​ជួសជុល​ប្រាសាទ​បុរាណ​នេះ មិន​ត្រឹម​តែ​ជា​មោទនភាព​ផ្នែក​វប្បធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​កំណើន​នៃ​សេដ្ឋកិច្ច​ជាតិ​ដែរ ដោយ​ប្រាសាទ​បុរាណ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ជិត ៥​លាន​នាក់​ឲ្យ​មក​ទស្សនា​ក្នុង​មួយ​ឆ្នាំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។