កម្ពុជា​ហៅ​ការ​ចម្លង​ប្រាសាទ​ព្រះវិហារ​​ពី​សំណាក់​ភាគី​​ថៃ​ថា​ជា​ទង្វើ​បោកប្រាស់

ដោយ សាន សែល
2016.05.18
ប្រាសាទ ព្រះវិហារ ៨៥៥ ២០១៦ ប្រាសាទ​ព្រះវិហារ ច្រក​ជាប់​ព្រំដែន​ថៃ ក្នុង​ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦
RFA

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ហៅ​ភាគី​ថៃ ថា​កំពុង​ព្យាយាម​បោកប្រាស់ និង​បំភាន់​ប្រជាជន​ថៃ និង​ពិភពលោក បន្ទាប់​ពី​ភាគី​ថៃ ប្រកាស​ជំហរ​ចចេស​បើក​ទទួល​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​ព្រះវិហារ​ចម្លង ដែល​សាងសង់​ពី​ស៊ីម៉ង់​នៅ​ខេត្ត​ស៊ីសាកេត នៃ​ប្រទេស​ថៃ ក្បែរ​ព្រំដែន​កម្ពុជា-​ថៃ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រតិកម្ម​ថា ការ​សាងសង់​ប្រាសាទ​ព្រះវិហារ ចម្លង​ពី​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដែល​សាងសង់​ពី​ស៊ីម៉ង់​របស់​ថៃ ទំហំ ១ ភាគ ១០ នៃ​ប្រាសាទ​ដើម ជា​ចេតនា​នយោបាយ​របស់​រដ្ឋាភិបាល​យោធា​ថៃ ដែល​ព្យាយាម​បង្វែរ​ចំណាប់​អារម្មណ៍​ស្ថានភាព​នយោបាយ​ក្នុង​ស្រុក​ថៃ។

លោក ផៃ ស៊ីផាន សង្កត់​ធ្ងន់​ថា ការ​ព្យាយាម​របស់​រដ្ឋាភិបាល​យោធា​ថៃ គឺ​កំពុង​បំផ្លាញ​ចំណង​ការទូត និង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ៖ «ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ហើយ​គួរ​ឲ្យ​សោកស្ដាយ​ដែល​គេ​សាងសង់​ប្រាសាទ​មួយ​ទៀត​ដើម្បី​មតិ​ជាតិ​ថៃ និង​អន្តរជាតិ ដែល​សាងសង់​នៅ​ជាប់​នឹង​ប្រាសាទ​ព្រះវិហារ ដែល​ធ្វើ​ពី​ថ្ម​ធម្មជាតិ។ នេះ​ជា​ការ​ប្រឆាំង​នឹង​តម្លៃ​ប្រាសាទ​ព្រះវិហារ»

​កាសែត​បាងកក ប៉ុស្ដិ៍ (Bangkok Post) នៅ​ប្រទេស​ថៃ បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ឧត្ដមសេនីយ៍ ប្រាវិត វង្សសុវណ្ណ (Pravit Wongsuwon) អះអាង​ថា ប្រាសាទ​ព្រះវិហារ​ចម្លង​ធ្វើ​ពី​ស៊ីម៉ង់​របស់​ថៃ គឺ​នឹង​មិន​ត្រូវ​វាយ​ចោល​នោះ​ទេ ហើយ​អាច​នឹង​បើក​ទទួល​ទេសចរ។

បាងកក ប៉ុស្តិ៍ បន្ត​ផ្សាយ​សម្ដី​ឧត្ដមសេនីយ៍ ប្រាវិត ដែល​បាន​ថ្លែង​ថា នេះ​ជា​សិទ្ធិ​របស់​ប្រទេស​ថៃ ដែល​អាច​សាងសង់​ប្រាសាទ​ព្រះវិហារ​ចម្លង នៅ​លើ​ទឹក​ដី​ថៃ ហើយ​ថា ការ​សាងសង់​នេះ​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ។ ក៏​ប៉ុន្តែ​ភាគី​កម្ពុជា ច្រានចោល​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​របស់​ថៃ រូប​នេះ។

សម្រាប់ លោក ផៃ ស៊ីផាន ការ​រឹង​ចចេស​របស់​ថៃ ជា​ការ​ប្រឆាំង​ទៅ​នឹង​តម្លៃ​របស់​ប្រាសាទ​ព្រះវិហារ​កម្ពុជា ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) ផ្ដល់​តម្លៃ​ជា​ប្រាសាទ​ល្អ​ឯក​គ្មាន​ពី​រលើ​លោក ហើយ​បាន​ចាត់​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្ស​ជាតិ៖ «ដូច្នេះ​ការ​ធ្វើ​នឹង​គឺ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ថៃ ហើយ​ប្រឆាំង​នឹង​អង្គការ​ពិភពលោក»

ភាគី​ថៃ អះអាង​ថា ការ​សាងសង់​ប្រាសាទ​សិប្បនិម្មិត​នេះ គ្មាន​ការ​ជំទាស់​ពី​ភាគី​កម្ពុជា នោះ​ទេ។ តែ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា លោក ផៃ ស៊ីផាន បដិសេធ​ចំពោះ​ការ​អះអាង​នេះ ហើយ​ថា កម្ពុជា បាន​អន្តរាគមន៍​ជា​ច្រើន​ដង ស្នើ​ឲ្យ​បញ្ឈប់​ការ​សាងសង់​ប្រាសាទ​ចម្លង​នេះ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​យោធា​ថៃ ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​ចម្លង​ពី​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ទេ។

ស្រដៀង​នឹង​រឿង​នេះ​ដែរ ប្រទេស​ឥណ្ឌា ធ្លាប់​ព្យាយាម​សាងសង់​សំណង់​សិប្បនិមិត្ត​លំនាំ​ប្រាសាទ​អង្គរវត្ត​កម្ពុជា​ដែរ ក៏ប៉ុន្តែ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ រដ្ឋាភិបាល​ឥណ្ឌា សម្រេច​ផ្អាក​ការ​សាងសង់​បន្ទាប់ពី​មាន​ការ​តវ៉ា​ពី​ភាគី​កម្ពុជា៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។