ព្រះកេសរបស់ព្រះហរិហរៈដែលត្រូវបានគេលួចចេញពីភ្នំដា ខេត្តតាកែវ ហើយបានរសាត់អណ្ដែតដល់សារមន្ទីរ ហ្គីម៉េ (Guimet) ប្រទេសបារាំង អស់រយៈពេលជាង ១៣០ឆ្នាំនោះ ត្រូវបានបញ្ជូនមកដល់កម្ពុជា និងបានធ្វើពិធីតភ្ជាប់ជាមួយព្រះកាយឡើងវិញហើយ។ ពិធីតភ្ជាប់ព្រះកេស និងព្រះកាយនៃរូបបដិមាព្រះហរិហរៈនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមករា នៅសារមន្ទីរជាតិកម្ពុជា។
ការរួបរួមព្រះកេស និងដងខ្លួនព្រះហរិហរៈដែលឃ្លាតគ្នាជាងមួយសតវត្សមកហើយនោះវិញ គឺកើតចេញពីការរួបរួមសហការគ្នារវាងកម្ពុជា និងបារាំង ដែលផ្អែកទៅលើស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីការប្ដូរបញ្ញើវត្ថុសិល្បៈ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
រដ្ឋមន្ត្រីក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា កិច្ចព្រមព្រៀងស្ដីពីការប្ដូរបញ្ញើវត្ថុសិល្បៈនេះហើយ ដែលអនុញ្ញាតឲ្យព្រះសិរ្ស និងដងខ្លួនព្រះហរិហរៈ បានជួបជុំគ្នានៅកម្ពុជាវិញ ហើយក៏ជាថ្នូរដែលកម្ពុជា អនុញ្ញាតឲ្យជើងទម្រ និងបដិមានាងឧមារាំ បានជួបជុំគ្នានៅសារមន្ទីរសិល្បៈអាស៊ីហ្គីម៉េ ប្រទេសបារាំង ដែរ។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យដឹងដែរថា ការតភ្ជាប់ព្រះកេស និងព្រះកាយព្រះហរិហរៈនេះ គឺមានតម្លៃប្រៀបបាននឹងការប្រមូលមកនូវព្រលឹងរបស់វប្បធម៌ជាតិ និងព្រលឹងរបស់អាទិទេព ឲ្យជួបជុំគ្នាឡើងវិញ ក្រោយពីបែកគ្នាដោយមហន្តរាយផ្សេងៗ៖ «តាមជំនឿខ្មែរយើង នេះគឺជានិមិត្តរូបដ៏ប្រពៃនៃជួបជុំគ្នា។ ការរួបរួម ភាពចម្រុងចម្រើន ភាពសុខដុមរមនា និងភាពរឹងមាំនៃព្រលឹងជាតិខ្មែរ។ ជាងនេះទៀត ក៏ជាប្រផ្នូលដ៏ល្អសម្រាប់ឆ្នាំថ្មី»។
ក្រោយមន្ត្រីរដ្ឋាភិបាលថ្លែងសុន្ទរកថាស្វាគមន៍រួចហើយនោះ របាំបួងសួង និងភ្លេងសាធុការនៃនាយកដ្ឋានសិល្បៈទស្សនីយភាពក៏ចាប់ផ្ដើម ដើម្បីធ្វើពិធីលើកយកព្រះកេសទៅតភ្ជាប់នឹងព្រះកាយព្រះហរិហរៈភ្នំដា៖ «សូមបារមី ហាអឺងអើយ ដែលមានឫទ្ធហាអឺងអឺអើយ វិលមកអឺងអើយសណ្ឋិតអើយក្នុងព្រះកាយា»។
រូបបដិមាហរិហរៈ ត្រូវបានកសាងឡើងអំពីថ្មភក់ ដែលមានទម្រង់ឈស្លៀកសំពត់ខ្លីចងក្បិន ហើយមានព្រះហស្តបួន ប៉ុន្តែនៅសល់ព្រះហស្តតែពីរប៉ុណ្ណោះដែលខាងឆ្វេងកាន់ដំបង និងស្ដាំកាន់គ្រាប់អង្កាំ និងមានព្រះនេត្របី។ ចំណែកព្រះកេសវិញ គឺផ្នែកខាងស្ដាំមានផ្នួងសក់ធំ រីឯខាងឆ្វេងគឺពាក់មួកបំពង់។
តាមទេវកថា គឺព្រះហរិហរៈ គឺជានិមិត្តរូបនៃការបង្រួមចូលគ្នារវាងព្រះឥសូរ និងនារាយណ៍ ដែលគេជឿថា ការរួបរួមគ្នានេះ នាំឲ្យមានសន្តិភាព និងឯកភាពគ្នារវាងអ្នកកាន់និកាយទាំងពីរ។ រូបបដិមាព្រះហរិហរៈជាវត្ថុសក្ការៈ និងជាសិល្បៈដ៏ប្រណិតរបស់ខ្មែរក្នុងរចនាបថភ្នំដា នាសតវត្សទី៦ ដល់ទី៧ ដែលរងការខូចខាតផ្នែកខ្លះនេះ កំពុងដាក់បង្ហាញនៅសារមន្ទីរជាតិ។
និស្សិតសកលវិទ្យាល័យភូមិវិចិត្រសិល្បៈផ្នែកបុរាណវិទ្យា ឈ្មោះ ពីង ស្រីណុច សម្ដែងការគាំទ្រចំពោះការត្រឡប់មកវិញនូវសម្បត្តិមរតកដ៏មានតម្លៃរបស់កម្ពុជា នេះ។ ទោះយ៉ាងណា កញ្ញាថា ចំនួនវត្ថុបុរាណដែលត្រឡប់មកកម្ពុជា វិញ នៅតិចតួចនៅឡើយ ដែលទាមទារឲ្យរដ្ឋាភិបាលបន្តកិច្ចការនាំយកវត្ថុបុរាណពីបរទេសមកវិញ៖ «ពេលបានសំណាកនេះមកវិញ ធ្វើឲ្យកូនខ្មែរបានដឹងថា ពីមុនខ្មែរមានអរិយធម៌ខ្ពង់ខ្ពស់ណាស់ ហើយក៏បង្ហាញឲ្យបរទេសបានដឹង និងឃើញដែរ»។
មន្ត្រីរដ្ឋាភិបាលអះអាងថា នៅមានរូបចម្លាក់បុរាណខ្មែរជាច្រើនទៀត កំពុងដាក់តាំងបង្ហាញនៅតាមសារមន្ទីរនានាក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក រួមមានប្រទេសបារាំង និងសហរដ្ឋអាមេរិក ជាដើម។ បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា កំពុងស្នើសុំឲ្យសារមន្ទីរទាំងឡាយពិចារណាប្រគល់វត្ថុបុរាណទាំងឡាយរបស់កម្ពុជា ដែលត្រូវបានលួចក្រោយឆ្នាំ១៩៧០ មកកម្ពុជាវិញ។
ចាប់តាំងពីឆ្នាំ២០១៣ មក មានរូបបដិមាចំនួន៦ហើយដែលកម្ពុជា នាំយកមកវិញ បន្ទាប់ពីមានការចរចាគ្នា និងការតតាំងតាមផ្លូវច្បាប់។ រូបបដិមាទាំងនោះ រួមមានរូបបដិមាទុរយោទ្ធន៍ ដែលបានមកពីសារមន្ទីរស៊ុតប៊ីស៍ (Sotheby) ក្រុងញីវយ៉ក។ រូបបដិមាភីម មកពីសារមន្ទីរ ន័រតុន ស៊ីមុន (Norton Simon) ក្នុងរដ្ឋកាលីហ្វ័រញ៉ា (California)។ រូបបដិមាពលរាម មកពីសារមន្ទីរ គ្រីសធី (Christie) ក្រុងញីវយ៉ក។ រូបបដិមា ២ទៀត ជារូបទ្វារបាល ឬឆ្មាំទ្វារលុតជង្គង់ ធ្វើអំពីថ្មភក់ មកពីសារមន្ទីរ ម៉េត្រូប៉ូលីថេន (Metropolitan ) ក្រុងញីវយ៉ក និងបដិមាហនុមាន ត្រឡប់មកពីសារមន្ទីរវិចិត្រសិល្បៈ ក្លីវវឺឡែន (Cleveland) ហើយចុងក្រោយនេះ គឺព្រះកេសព្រះហរិហរៈមកពីសារមន្ទីរសិល្បៈអាស៊ីហ្គីម៉េ ប្រទេសបារាំង។
អនុសញ្ញាស្ដីពីការហាមឃាត់និងការពារមិនឲ្យមានការនាំចេញ និងការនាំចូលវត្ថុបុរាណរបស់អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ (UNESCO) ឆ្នាំ១៩៧០ បង្ហាញថា រាល់វត្ថុបុរាណទាំងឡាយត្រូវប្រគល់ជូនប្រទេសម្ចាស់ដើមវិញ។ ប្រទេសជាហត្ថលេខីដែលទទួលស្គាល់អនុសញ្ញានេះ សរុបចំនួន ១២៨ប្រទេស។ ក្នុងនោះកម្ពុជា បានក្លាយជាប្រទេសហត្ថលេខី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧២ ចំណែកបារាំង បានទទួលយកអនុសញ្ញានេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៧។
នៅក្នុងពិធីតភ្ជាប់ព្រះកេស និងដងខ្លួននៃព្រះហរិហរៈនោះ ក៏មានពិធីធំមួយទៀតដែរ គឺការប្រគល់វិញ្ញាបនបត្រទទួលស្គាល់ការបញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែរ។
ល្បែងទាញព្រ័ត្រ គឺជាល្បែងដែលគេលេងជាសមូហភាពប្រើកម្លាំងរួមគ្នាដើម្បីបង្ហាញនូវសាមគ្គីភាពជាក្រុមរវាងក្រុមពីរ។ ល្បែងប្រភេទនេះ មិនមែនមានតែនៅស្រុកខ្មែរនោះទេ។
តាំងពីឆ្នាំ២០១៣ មក មានប្រទេស៤ គឺកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន ដែលមានល្បែងនេះ បានរួមគំនិតគ្នា ស្នើបញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។ គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ បានសម្រេចចុះល្បែងទាញព្រ័ត្រតាមការស្នើសុំនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវីនហឹក (Windhoek) ប្រទេសណាមីប៊ី (Namibia)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
