លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យអ្នកសិល្បៈគ្រប់ជំនាន់ និងអ្នកពាក់ព័ន្ធដទៃទៀត ចូលរួមអភិរក្សវប្បធម៌ ឬសិល្បៈបុរាណរបស់ជាតិបន្ថែមទៀត។ ទាក់ទងនឹងការអំពាវនាវនេះ សិល្បករ និងមន្ត្រីសង្គមស៊ីវិល ចង់ឲ្យរដ្ឋាភិបាលជួយផ្តល់សិទ្ធិដល់សិល្បករឲ្យបានស្មើគ្នា និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យប្រសើរឡើង ព្រោះនេះជាកត្តាសំខាន់ដែលនឹងជួយឲ្យសិល្បករអាចមានលទ្ធភាពចូលរួមថែរក្សាវប្បធម៌ជាតិបាន។
សិល្បករ និងមន្ត្រីសង្គមស៊ីវិល ស្វាគមន៍ចំពោះការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកម្មវិធីសម្ដែងសិល្បៈ និងកម្មវិធីប្រឡងចម្រៀងបុរាណសម័យជាដើម ថាជាការលើកទឹកចិត្តសិល្បករសិល្បការិនី និងលើកស្ទួយវប្បធម៌ជាតិ។
សិល្បករជើងចាស់មួយរូប លោក ម៉ិញ សុធីវណ្ណ មានប្រសាសន៍ថា ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រីម្តងៗ មានផលច្រើនដល់សិល្បករ ពីព្រោះសម្ដីរបស់លោកមានឥទ្ធិពល ប៉ុន្តែលោកចង់ឲ្យរដ្ឋាភិបាលអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈនេះឲ្យបានដើរទន្ទឹមគ្នា៖ «រឿងអភិរក្សយើងឃើញមានហើយ ប៉ុន្តែការអភិវឌ្ឍនៅស្ទាក់ស្ទើរបន្តិច ដូចជាការអនុវត្តច្បាប់ឲ្យបានស្មើគ្នា ជាដើម ការកសាងស្នាដៃថ្មីមិនចម្លងពីបរទេស»។
ជាងនេះទៅទៀត លោកស្នើឲ្យមានការពិនិត្យផ្តល់សិទ្ធិស្មើគ្នាដល់សិល្បករ អ្នកដឹកនាំក្នុងការសុំច្បាប់អនុញ្ញាតបើកកម្មវិធីសម្ដែងអ្វីមួយនៅទីសាធារណៈនោះ កុំឲ្យមានអំពើពុករលួយ និងបក្ខពួកនិយម៖ «អ្នកដែលធ្វើតាមច្បាប់ទៅជាយឺត អ្នកដែលមិនធ្វើតាមច្បាប់ទៅជាលឿន»។
ក្នុងពិធីបិទបញ្ចប់ការប្រឡងសិល្បៈបុរាណឈ្មោះ «មរតកវប្បធម៌ខ្មែរ» ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងគាំទ្រចំពោះការរៀបចំឲ្យមានកម្មវិធីនោះ និងសុំឲ្យភាគីពាក់ព័ន្ធដទៃទៀត ដូចជា វិស័យឯកជន មានក្រុមទូរទស្សន៍ជាដើម ចូលរួមលើកទឹកចិត្តសិល្បករ ដោយបង្កើតកម្មវិធីប្រឡងចម្រៀង និងការសម្ដែងសិល្បៈទម្រង់ផ្សេងទៀតឲ្យបានច្រើននៅតាមស្ថានីយរបស់ខ្លួន៖ «នៅសម័យខ្មែរក្រហម សិល្បៈក៏គេមិនឲ្យសម្ដែងដែរ។ ឥឡូវយើងបើកទូលាយ»។
ចំពោះការអំពាវនាវនេះ ប្រធានអង្គការសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ក៏បានគាំទ្រដូចគ្នាដែរ និងសុំឲ្យ លោក ហ៊ុន សែន ជួយលើកកម្ពស់ជីវភាពរបស់សិល្បករ ជាពិសេសសិល្បករចាស់ៗឲ្យពួកគាត់មានជីវភាពរស់នៅសមរម្យ៖ «យើងត្រូវគិតពីធនធានរបស់សិល្បករយើងដែរ»។
លោកបន្តថា គ្រួសារសិល្បករមួយចំនួនក្នុងទីក្រុងភ្នំពេញ ក្រៅពីមានជីវភាពក្រលំបាកហើយនោះ ពួកគាត់ត្រូវបណ្ដេញចេញពីលំនៅឋាន ដោយសារគម្រោងអភិវឌ្ឍន៍ជាច្រើនកន្លែងរបស់រាជរដ្ឋាភិបាល។
ទីតាំងធំៗដែលក្រុមគ្រួសារសិល្បករធ្លាប់ទទួលការឈឺចាប់ដោយសារការបណ្ដេញចេញនោះ មានដូចជា នៅតំបន់អតីតសាលាមធ្យមសិក្សាវិចិត្រសិល្បៈជិតស្តាតចាស់ និងនៅតំបន់ដីក្រហមក្នុងសង្កាត់ទន្លេបាសាក់។ បច្ចុប្បន្ននេះ គ្រួសារសិល្បករដែលកំពុងរស់នៅអគារប៊ូឌីញនៅរាជធានីភ្នំពេញ ក៏កំពុងប្រឈមមុខនឹងការបណ្ដេញចេញដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
