ថ្ងៃទី ១៥កើត ខែមាឃ ដែលត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ គឺជាថ្ងៃពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ នៅថ្ងៃមាឃបូជា ពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើនចូលរួមប្រារព្ធពិធីនេះនៅតាមវត្តអារាមនានា ដើម្បីរម្លឹកដល់ព្រះសម្មាសម្ពុទ្ធសមណគោតមដែលបានបរិនិព្វានអស់រយៈកាល ២៥៥៩ឆ្នាំកន្លងទៅហើយនោះ។
ក្នុងថ្ងៃនេះដែរ ប្រមុខរដ្ឋាភិបាលអះអាងថា ព្រះពុទ្ធសាសនាបានធ្វើឲ្យពលរដ្ឋខ្មែររួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតី និងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ និងសុខសន្តិភាព។
តើអ្នកនយោបាយ និងពលរដ្ឋខ្មែរអនុវត្តតាមគោលការណ៍ព្រះពុទ្ធសាសនាហើយឬនៅ?
នៅកម្ពុជា ក្នុងចំណោមប្រជាជនសរុបជាង ១៥លាននាក់ គឺមានប្រជាជនប្រមាណ ៩៥ភាគរយ ទៅ ហើយដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។ ព្រះពុទ្ធសាសនា បានផ្សារភ្ជាប់ទៅនឹងសង្គមខ្មែរអស់រយៈកាលជាយូរលង់មកហើយ។ បច្ចុប្បន្ន ព្រះពុទ្ធសាសនាមិនត្រឹមតែជាអត្តសញ្ញាណជាតិមួយរបស់កម្ពុជា ប៉ុណ្ណោះទេ តែរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា បានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋតែមួយគត់ទៀតផង។
ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃពិធីបុណ្យព្រះពុទ្ធសាសនាសំខាន់ៗ ដូចជាពិធីបុណ្យមាឃបូជា ឬពិសាខបូជា គេតែងឃើញពលរដ្ឋខ្មែរគ្រប់លំដាប់ថ្នាក់ តាំងពីព្រះមហាក្សត្រ ដល់ថ្នាក់ដឹកនាំកំពូល មន្ត្រី និងពលរដ្ឋសាមញ្ញ ចូលរួមប្រារព្ធពិធីបុណ្យនេះនៅក្នុងព្រះបរមរាជវាំង តាមវត្តអារាម ឬតាមទីសក្ការៈបូជានានា។
នៅឆ្នាំនេះ ក្រៅពីធ្វើពិធីប្រារព្ធនៅតាមវត្តអារាមក្នុងភូមិស្រុករៀងៗខ្លួន នៅឯភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ទីដែលព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធ ត្រូវបាននាំយកទៅតម្កល់នៅក្នុងព្រះមហាសក្យមុនីចេតិយនៅលើកំពូលភ្នំនៅទីនោះ ក៏មានប្រារព្ធពិធីបែបសាសនាយ៉ាងអធិកអធម ដោយមានការចូលរួមពីមន្ត្រីធំៗ និងសម្ដេចសង្ឃទាំងពីរគណៈផងដែរ។
តាមរយៈសក្ខីកម្មទាំងអស់នេះ បង្ហាញឲ្យឃើញថា ព្រះពុទ្ធសាសនាគឺជាធាតុផ្សំសំខាន់មួយនៅក្នុងព្រលឹងជាតិ និងវប្បធម៌ខ្មែរ។ ចំណែកប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំថ្ងៃមាឃបូជានេះ បានអំពាវនាវឲ្យពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាចូលរួមធ្វើពិធីបុណ្យមាឃបូជា ដើម្បីសុខសន្តិភាព និងការរីកចម្រើន។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) រៀបរាប់ដោយសង្ខេបពីប្រវត្តិនៃពិធីបុណ្យមាឃបូជា និងពីការចាក់ឫសនៃព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ។ លោក ហ៊ុន សែន ក៏ថ្លែងអួតថា ក្រោមការដឹកនាំរបស់លោក ព្រះពុទ្ធសាសនារីកលូតលាស់យ៉ាងស្គុសស្គាយនៅទូទាំងប្រទេស។ ចំណែកចំនួនព្រះសង្ឃ និងវត្តអារាមបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យកម្ពុជា បច្ចុប្បន្នមានវត្តសរុប ៤.៥១៤វត្ត ហើយព្រះសង្ឃសរុប ៥៦.៨២០អង្គ។
លោក ហ៊ុន សែន សង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាមិនត្រឹមតែបានធ្វើឲ្យពលរដ្ឋខ្មែររួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍ និងថែរក្សាការពារ នូវអត្តសញ្ញាណជាតិខ្មែរទៀតផង។ ជាងនេះទៀត លោកថា ការអប់រំបែបព្រះពុទ្ធសាសនា ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថរស់នៅរបស់ពលរដ្ឋនៅក្នុងសង្គម។
ជាការពិតណាស់ ស្រដៀងគ្នាទៅនឹងសាសនាសន្តិភាពផ្សេងទៀត ព្រះពុទ្ធសាសនា តែងប្រៀនប្រដៅមនុស្សឲ្យធ្វើអំពើល្អ មិនប្រើហិង្សាកាប់សម្លាប់ មិនបៀតបៀនធ្វើទុក្ខបុកម្នេញអ្នកដទៃឲ្យមានក្តីមេត្តាសន្ដោសអ្នកដទៃ លះបង់នូវសេចក្ដីលោភលន់ទាំងពួង មិនកេងប្រវ័ញ្ចជិះជាន់ ចេះស្រឡាញ់ និងរួមរស់ជាមួយមនុស្សប្រកបដោយសុខសន្តិភាព និងការគោរពគ្នាទៅវិញទៅមក។
ទោះជាបែបនេះក្តី ការអនុវត្តតាមទ្រឹស្ដីព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ហាក់មិនឆ្លុះបញ្ចាំងទៅនឹងចំនួនដ៏ច្រើនលើសលុបនៃពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាដែលមានរហូតដល់ ៩៥ភាគរយនោះទេ។
ជាក់ស្ដែង បើគេបើកមើលទូរទស្សន៍ ឬអានសារព័ត៌មានក្នុងស្រុក គេប្រាកដជាឃើញអំពើហិង្សាកើតឡើងសឹងមិនលស់ថ្ងៃឡើយ មានតាំងពីបងប្អូនកាប់សម្លាប់គ្នា កូនសម្លាប់ឪពុក ឪពុកផ្ដាច់ជីវិតកូន ប្តីវាយប្រពន្ធ សង្សារអារកគូស្នេហ៍ ប្តីប្រពន្ធជះទឹកអាស៊ីដដាក់គ្នា ការចាប់រំលោភសេពសន្ថវៈ អំពើឆក់ប្លន់ ការកិបកេង ឆបោក ឬលួចបន្លំច្រើនរាប់មិនអស់។
បើនិយាយពីបញ្ហាសង្គមវិញ អំពើអមនុស្សធម៌ និងអយុត្តិធម៌ក៏មានច្រើន ការរំលោភបំពានដីធ្លី ការបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ ការរំលោភសិទ្ធិមនុស្ស ការវាយដំកម្មករ ការវាយដំលើអ្នកតវ៉ា សកម្មជនដីធ្លី ការចាប់សកម្មជនការពារបរិស្ថានដាក់គុក ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការបង្កវិនាសកម្មព្រៃឈើ បក្សពួកនិយម ការប្រើប្រាស់អំណាច គាបសង្កត់អ្នកទន់ខ្សោយ និងកេងប្រវ័ញ្ច អំពើពុករលួយជាដើម។
បើនិយាយពីរឿងនយោបាយវិញ គេឃើញអ្នកនយោបាយខ្មែរទាស់ទែងគ្នាមិនចេះចប់ គឺមានតែការគំរាមកំហែង ការប្រើហិង្សាលើគូបដិបក្ខ ការរកមធ្យោបាយប្រកួតប្រជែងមិនស្មើភាព និងអយុត្តិធម៌ ការគុំកួន សងសឹក ការប្ដឹងផ្ដល់ ការធ្វើបាប ឬការចាប់គូបដិបក្ខដាក់គុក ។ល។
លើសពីនេះ អំពើអមនុស្សធម៌ ការរំលោភសិទ្ធិមនុស្សមិនត្រឹមកើតឡើងតែទៅលើពលរដ្ឋសាមញ្ញនោះទេ សូម្បីតែព្រះសង្ឃដែលជាបុគ្គលជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ ពេលខ្លះក៏ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាល និងអ្នកគាំទ្របក្សកាន់អំណាចធ្វើបាប និងប្រមាថមើលងាយ ដូចជាការវាយដំលើរូបរាងកាយ ការសម្រាតស្បង់ចីពរ ការរុញច្រាន ការជេរប្រមាថដោយប្រើសម្ដីគ្រោតគ្រាត អសីលធម៌ជាដើម។ ប្រសិនបើគេបានឃើញការវាយដំរបស់សមត្ថកិច្ចទៅលើព្រះសង្ឃក្នុងការបង្ក្រាបបាតុកម្មនៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ គេពិបាកជឿណាស់ថា កម្ពុជាជាប្រទេសដែលគោរពព្រះពុទ្ធសាសនា ឬជាប្រទេសដែលយកពុទ្ធសាសនាធ្វើជាសាសនារបស់រដ្ឋនោះ។
ទាក់ទងនឹងការប្រតិបត្តិពុទ្ធសាសនានៅកម្ពុជា ព្រះតេជព្រះគុណ ឆាត សុឆេត គង់នៅវត្តបទុមវតី។ ព្រះតេជព្រះគុណមានថេរដីកាថា នៅកម្ពុជា មានអ្នកកាន់ព្រះពុទ្ធសាសនាច្រើន ប៉ុន្តែការប្រតិបត្តិធម៌វិន័យពុទ្ធសាសនានៅមានកម្រិតនៅឡើយ។
ព្រះតេជព្រះគុណ ឆាត សុឆេត ទទូចឲ្យពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់ មិនថាអ្នកនយោបាយ ឬពលរដ្ឋសាមញ្ញឡើយ ត្រូវស្វែងយល់ពីការប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយត្រូវយកការប្រៀនប្រដៅទាំងនោះមកអនុវត្តជាក់ស្ដែងនៅក្នុងការរស់នៅ និងប្រកបការងារប្រចាំថ្ងៃ។
ព្រះតេជព្រះគុណ ឆាត សុឆេត៖ «ព្រះពុទ្ធបានបង្រៀននៅក្នុងសូត្រមួយ ព្រះអង្គសម្ដែងថា ការមិនបៀតបៀនគ្នាជាសេចក្ដីសុខក្នុងសកលលោក ការដែលបៀតបៀននេះឯងដែលធ្វើឲ្យវឹកវរ។ រាល់ថ្ងៃនេះយើង អ្នកនយោបាយវឹកវរដោយអ្នកនយោបាយ អ្នករស់នៅក្នុងសង្គមដោយអ្នកសង្គមទៅ យុវជនដោយយុវជនទៅ ហើយចោរហ្នឹងក៏ចេះតែច្រើនទៅ ដោយសារតែការបៀតបៀននេះឯង ប៉ុន្តែការបៀតបៀននេះ គឺកើតឡើងដោយការខ្វះខាតរបស់មនុស្ស និយាយសរុបឲ្យខ្លីគឺភាពលោភលន់របស់មនុស្សនេះតែម្ដងដែលធ្វើឲ្យមនុស្សចេះតែទាស់គ្នា។ យើងមើលចំណុចដែលនាំឲ្យកើតវិវាទ ព្រះអង្គសម្ដែងរហូតទៅដល់ ៦ចំណុច។ ទី១ គឺការចងសេចក្ដីក្រោធហ្នឹងទុក ទី២ ការសិក្សា ទទួលយកផ្នែកពុទ្ធិ (ចំណេះដឹង) នៅមានកម្រិត ទី៣ គឺការច្រណែន ទី៤ ប្រាថ្នានូវភាពលោភលន់ ទី៥ មើលទៅឃើញគេអាក្រក់រហូត ហើយទី៦ គឺទិដ្ឋិ មានន័យថា ការយល់គ្នាចេញពីផ្លូវចិត្ត គឺអត់មាន ទាំងអស់នេះជាដើមចមធ្វើឲ្យមនុស្សគ្មានសន្តិភាព។ ព្រះពុទ្ធព្រះអង្គសម្ដែងថា ការមិនបៀតបៀនគ្នា ជាសេចក្ដីសុខ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
