ពុទ្ធបរិស័ទ​នាំ​គ្នា​ទៅ​វត្ត​កាន់​បិណ្ឌ​ថ្ងៃ​ទី​មួយ

ដោយ ប្រាជ្ញ ចេវ
2017-09-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ពូន​ភ្នំ​ខ្សាច់​ក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ ក្រោយ​ពី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​​រួច ​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧។
ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ពូន​ភ្នំ​ខ្សាច់​ក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ ក្រោយ​ពី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​​រួច ​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo: RFA

ថ្ងៃ​ទី​៦ ខែ​កញ្ញា នេះ ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ របស់​ពលរដ្ឋ​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា។ ថ្ងៃ​កាន់​បិណ្ឌ​រួម​នេះ មនុស្សម្នា​នាំ​គ្នា​ទៅ​វត្ត​តាំង​ពី​ម៉ោង ៤​ទៀប​ភ្លឺ​ម្ល៉េះ ដោយ​នាំ​គ្នា​បោះ​បាយបិណ្ឌ និង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ជាដើម។

សូរស័ព្ទ​ព្រះធម៌ និង​សំឡេង​វាយ​គង​ទូង​ស្គរ​លាន់​ឮ​ពេញ​វត្ត​អារាម​ដែល​ជា​ថ្ងៃ​ចាប់​ផ្តើម​ពិធី​កាន់​បិណ្ឌ​ទី​១។ ចាប់​ពី​ម៉ោង ៤​ទៀប​ភ្លឺ ក្រុម​ពលរដ្ឋ​នាំ​គ្នា​មក​វត្ត​បោះ​បាយបិណ្ឌ ដែល​ពួក​គេ​មាន​ជំនឿ​ថា សាច់ញាតិ​ពួក​គេ​ដែល​ក្លាយ​ជា​ប្រេត នឹង​ទទួល​បាន​បាយបិណ្ឌ​នេះ​ជា​អាហារ។ ពេល​ព្រឹក​ព្រលឹម​ស្រាងៗ ពួក​គេ​នាំ​គ្នា​យក​បាយ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ឲ្យ​បាន​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​នោះ។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​ដើរ​ពូន​ភ្នំ​ខ្សាច់​ក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ ក្រោយ​ពី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ គឺ​លោកស្រី ប៉ាង បណ្ដូល ប្រាប់​ថា លោកស្រី​រៀបចំ​ចង្ហាន់​តាំង​ពី​ម៉ោង ២​ទៀប​ភ្លឺ ដើម្បី​ឲ្យ​ទាន់​ចង្ហាន់​ព្រឹក។ លោកស្រី​ប្រាប់​ថា ថ្ងៃ​បិណ្ឌ​ថ្ងៃ​ដំបូង​នេះ លោកស្រី​នឹង​ទៅ​វត្ត​ធ្វើ​បុណ្យ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ពីរ​វត្ត ហើយ​ក្រៅ​ពី​ធ្វើ​បុណ្យ​នៅ​វត្ត លោកស្រី​ក៏​ធ្វើ​បុណ្យ​នឹង​អ្នក​ជិត​ខាង​ដែរ៖ «បន្ទាប់​ពី​ធ្វើ​បុណ្យ​នៅ​វត្ត​រួច​ហើយ ខ្ញុំ​ទៅ​ផ្ទះ​វិញ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​ជូន​ចាស់ៗ​នៅ​ក្បែរ​ផ្ទះ​ខ្ញុំ»

ពលរដ្ឋ​ម្នាក់​ទៀត កញ្ញា ថុន ស្រីណូ ដែល​នាំ​បង​ប្អូន​មក​ធ្វើ​បុណ្យ​ដាក់​បាត្រ ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ កញ្ញា​តែង​មក​វត្ត​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ។ កញ្ញា​បន្ត​ថា នៅ​ពេល​បាន​ធ្វើ​បុណ្យ ធ្វើ​ឲ្យ​កញ្ញា​ជ្រះថ្លា​ក្នុង​ចិត្ត៖ «មាន​អារម្មណ៍​សប្បាយ​ជ្រះថ្លា​ក្នុង​ការ​ធ្វើ​បុណ្យ​ដាក់​ទាន​គោល​បំណង គឺ​ចង់​ឧទ្ទិស​កុសល​ដល់​ញាតិកា​ដែល​បាន​ចែក​ឋាន»

សៀវភៅ "ពិធី​ប្រចាំ​ដប់​ពីរ​ខែ" របស់​អ្នកស្រី ពេជ្រ សល់ សរសេរ​អំពី​ដើម​កំណើត​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ថា ផ្អែក​តាម​សិលាចារឹក​របស់​ព្រះបាទ យសោវរ្ម័ន គ្រង​រាជសម្បត្តិ​រវាង គ.ស ៨៨៩ ដល់ ៩១០ ព្រះអង្គ​បាន​សាង​អាវាស (វត្ត ឬ​ទីលំនៅ) ជាច្រើន ហើយ​ទ្រង់​តែង​ធ្វើ​ពិធី​បូជា​បាយបិណ្ឌ​ជា​រៀង​រាល់​ខែ ដើម្បី​ឧទ្ទិស​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ចម្បាំង និង​ចំពោះ​ខ្មោច​ទាំងឡាយ​ដែល​គ្មាន​បង​ប្អូន គ្រួសារ ញាតិ​សន្ដាន។

ព្រះតេជព្រះគុណ សួស ស៊ុនលី គង់​នៅ​វត្ត​ស្ទឹងមានជ័យ មាន​ថេរ​ដីកា​ថា ថ្ងៃ​បិណ្ឌ​ទី​មួយ​ឆ្នាំ​នេះ​មាន​ពុទ្ធបរិស័ទ​មក​វត្ត​ច្រើន។ ព្រះតេជព្រះគុណ​បន្ត​ថា ពិធី​កាន់​បិណ្ឌ​នេះ ក្រៅ​ពី​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ដែល​បាន​ចែក​ឋាន ក៏​ជា​ឱកាស​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ដឹង​សុខ​ទុក្ខ និង​សាមគ្គី​គ្នា​ដែរ៖ «នៅ​ពេល​មាន​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​ក្នុង​វត្ត​នីមួយៗ ទាំង​ព្រះសង្ឃ និង​បរិស័ទ​មាន​ការ​ជួបជុំ​គ្នា ដល់​មាន​ការ​ជួបជុំ​គ្នា​ចឹង​ទៅ លោក​ម្ចាស់​គ្រប់​អង្គ​អាច​មាន​ថេរ​ដីកា​ទាក់ទង​អី​ផ្សេងៗ​រឿង​ធម៌​អារ្យ»

កាល​ពី​សម័យ​ដើម ពិធី​បុណ្យ​កាន់​បិណ្ឌ ភ្ជុំ​បិណ្ឌ​មាន​រយៈពេល ៣​ខែ ប៉ុន្តែ​ពិធី​កាន់​បិណ្ឌ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​សម័យ​នេះ​មាន​រយៈពេល ១៥​ថ្ងៃ គឺ​ពី​ថ្ងៃ ១​រោច ខែ​ភទ្របទ ដល់​ថ្ងៃ ១៥ រោច ខែ​ភទ្របទ ដែល​ថ្ងៃ​ចុង​ក្រោយ គេ​ហៅ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល