ក្រុម​កំណាយ​រក​ឃើញ​បដិមា​បុរាណ​ធ្វើ​ពី​ថ្មភក់​ចំនួន​៥​ទៀត​នៅ​ប្រាសាទ​ទន្លេ​ស្ងួត

ដោយ ហង្ស សាវយុត
2017-08-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​បុរាណវិទ្យា​ចម្រុះ​ជាតិ​សាសន៍ រួម​និង​ព្រះសង្ឃ​ខ្មែរ ថត​រូប​អនុស្សាវរីយ៍​នៅ​កន្លែង​កំណាយ​ដែល​រក​ឃើញ​បដិមា​ចំនួន​៥ នៅ​ប្រាសាទ​ទន្លេ​ស្ងួត ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
ក្រុម​បុរាណវិទ្យា​ចម្រុះ​ជាតិ​សាសន៍ រួម​និង​ព្រះសង្ឃ​ខ្មែរ ថត​រូប​អនុស្សាវរីយ៍​នៅ​កន្លែង​កំណាយ​ដែល​រក​ឃើញ​បដិមា​ចំនួន​៥ នៅ​ប្រាសាទ​ទន្លេ​ស្ងួត ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Hang Savyouth

ក្រុម​អ្នក​ធ្វើ​កំណាយ​ជាតិ និង​អន្តរជាតិ បាន​កំណត់​ថា ប្រាសាទ​ទន្លេ​ស្ងួត ឬ​អ្នក​ខ្លះ​ហៅ​ថា​ប្រាសាទ​តុប នៅ​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប គឺ​ជា​អតីត​មន្ទីរពេទ្យ​បុរាណ ភាគ​ខាង​ជើង​របស់​សម័យ​អង្គរ។

ការ​កំណត់​បែប​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ធ្វើ​កំណាយ​ចម្រុះ​ជាតិ​សាសន៍​បាន​ប្រទះ​ឃើញ​រូប​បដិមា​ធ្វើ​ពី​ថ្មភក់​ចំនួន ៥ ទៀត ដែល​កប់​នៅ​ក្រោម​ដី ហើយ​ក្នុង​ចំណោម​បដិមា​ទាំងនោះ មាន​មួយ​អង្គ​គឺ​ជា​រូប​ព្រះពុទ្ធ​ស្ដេច​ថ្នាំ ដែល​ភាសា​សំស្ក្រឹត​ហៅ​ថា ភៃសជ្យគុរុ (ភៃសៈជៈយៈគុរុ)

ក្រុម​អ្នក​ធ្វើ​កំណាយ​ចម្រុះ​ជាតិ​សាសន៍​ដែល​សហការ​ជាមួយ​អ្នក​ជំនាញ​អាជ្ញាធរ​អប្សរា បាន​រក​ឃើញ​បដិមា​បុរាណ​ធ្វើ​ពី​ថ្មភក់​ចំនួន ៥ ទៀត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ទន្លេ​ស្ងួត នៅ​ភាគ​ខាង​ជើង​អង្គរធំ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា។

មន្ត្រី​មជ្ឈមណ្ឌល​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ ដែល​ជា​ប្រធាន​ការដ្ឋាន​កំណាយ​នោះ គឺ​លោក ខៀវ ចាន់។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែ​សីហា ថា ការ​រក​ឃើញ​រូប​បដិមា​បុរាណ​ចំនួន ៥ ជា​ថ្មី​ទៀត​នេះ នៅ​ស្រប​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​សហការ​ជាមួយ​អ្នក​ជំនាញ​ចម្រុះ​ជាតិ​សាសន៍​នៃ​សាកលវិទ្យាល័យ​សិង្ហបុរី ធ្វើ​កំណាយ​ដើម្បី​សិក្សា​អំពី​មន្ទីរពេទ្យ​បុរាណ​ដែល​ឈ្មោះ​ថា ប្រាសាទ​ទន្លេ​ស្ងួត នោះ​បាន​រយៈពេល​ជាង ១០​ថ្ងៃ​មក។

លោក ខៀវ ចាន់ បញ្ជាក់​ថា ការ​ជីក​ដី​រក​ឃើញ​បដិមា​បុរាណ​ចំនួន​៥ នៅ​ត្រង់​ចំណុច​ផ្លូវ​ដែល​អ្នក​ភូមិ​តែង​ដើរ​ចេញ​ចូល គឺ​ដោយសារ​តែ​អ្នក​ភូមិ​ប្រាប់​ថា ពេល​មក​ដល់​ត្រង់​នោះ គឺ​ហាក់​ដូចជា​មាន​អ្វី​ម្យ៉ាង​ចង់​តែ​បង្ក​ហេតុ​ឲ្យ​គេ​មាន​គ្រោះថ្នាក់ ហើយ​ថ្មីៗ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ដួល​នៅ​កន្លែង​នោះ ដោយ​គ្រាន់​តែ​ជាន់​ដុំ​ថ្ម​តូច​មួយ​ផុស​ចេញ​មក​ពី​ក្នុង​ដី៖ «ពេល​ដែល​ឃើញ​ថ្ម​បន្តិច​ផុស​ចេញ​ហ្នឹង យើង​មិន​ដឹង​ថា​ជា​អ្វី​ទេ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​កាយ​មើល​ទៅ ឃើញ​បំណែក​ថ្ម​មាន​ឆ្លាក់​ជា​ក្បាច់​ស្រកា​នាគ ហើយ​យើង​ក៏​ពិគ្រោះ​គ្នា​ជាមួយ​អ្នក​ជំនាញជីក​រណ្ដៅ​តូច​មួយ ដើម្បី​យក​រូប​ទាំងនោះ​ចេញ»

បដិមា​បុរាណ ព្រះពុទ្ធ​ស្ដេច​ថ្នាំ ២០១៧ ១៤៤០
បដិមា​ចំនួន​៥ ដែល​ក្រុម​កំណាយ​រក​ឃើញ​នៅ​ប្រាសាទ​ទន្លេ​ស្ងួត ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Hang Savyouth

អនុប្រធាន​នាយកដ្ឋាន​មជ្ឈមណ្ឌល​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ លោក អ៊ឹម សុខរិទ្ធី ឲ្យ​ដឹង​ថា រូប​ទាំង​៥ ដែល​គេ​ប្រទះ​ឃើញ​នោះ​មាន​ទម្រង់​ផ្សេងៗ​ពី​គ្នា ដោយ​ខ្លះ​ទំនង​ជា​រូប​ទេព​ប្រណម្យ ប៉ុន្តែ​រូប​មួយ​ក្នុង​ចំណោម​នោះ លោក​អះអាង​ថា​គឺ​ជា​ព្រះពុទ្ធ​ស្ដេច​ថ្នាំ ដែល​ភាសា​សំស្ក្រឹត​ហៅ​ថា ភៃសជ្យគុរុ៖ «ដែល​យើង​សម្គាល់​ថា​នេះ​ជា​ព្រះពុទ្ធ​ស្ដេច​ថ្នាំ ដោយសារ​មាន​សមាធិ ដាក់​ព្រះហស្ដ​ឆ្វេង​នៅ​លើ​ព្រះហស្ដ​ស្ដាំ ហើយ​បាតដៃ​នៃ​ព្រះហស្ដ​ស្ដាំ​មាន​រូបភាព​ផ្លែឈើ ដែល​ខ្មែរ​ហៅ​ថា​ផ្លែ​ស្រម៉»

រូប​ទាំង​៥ ដែល​គេ​ទើប​ជីក​ដី​រក​ឃើញ​នេះ បាន​បែកបាក់​ជាច្រើន​ផ្នែក​ទៅ​ហើយ។

អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា​មក​ពី​ប្រទេស​សិង្ហបុរី លោក លឹម ចេនស៊ាន (Lim Chen Sian) បាន​សម្ដែង​អារម្មណ៍​រំភើប ដោយ​លោក​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៥ ហើយ​ដែល​លោក​មក​ធ្វើ​កំណាយ​នៅ​កម្ពុជា មិន​ដែល​បាន​ជួប​រូប​បដិមា​ដូច្នេះ​ទេ។

ចំណែក​អ្នក​បុរាណវិទ្យា​អាមេរិកាំង លោក ដេវីដ ខាលយ៍ (David Kyle) មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​បាន​ឃើញ​រូប​បដិមា​បុរាណ បន្ទាប់​ពី​រូប​លោក​បាន​ចូលរួម​ធ្វើ​កំណាយ​នៅ​កម្ពុជា ជាច្រើន​លើក​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ក្រុម​អ្នក​ធ្វើ​កំណាយ​ចម្រុះ​ជាតិ​សាសន៍​នេះ បាន​រក​ឃើញ​រូប​បដិមា​ទ្វារបាល​ទម្ងន់​ប្រហែល ៣០០​គីឡូក្រាម នៅ​ប្រាសាទ​ទន្លេ​ស្ងួត នោះ​ម្ដង​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល