រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សុះ មុះសិន គាំទ្រឲ្យមានការពុះដីធ្វើផ្លូវកាត់ដីវិហារចាម នៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ ប៉ុន្តែភាគីម្ខាងទៀតដែលជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា នៅតែប្រឆាំងគម្រោងធ្វើផ្លូវនេះ ដោយស្នើឲ្យសាងសង់ផ្លូវតាមរបងវិហារវិញ។ សាលារាជធានីភ្នំពេញ មិនទាន់បង្ហាញជំហរថា នឹងធ្វើផ្លូវដ៏ចម្រូងចម្រាសនេះនៅឡើយទេ ដោយរង់ចាំភាគីទាំងពីរឯកភាពគ្នាជាមតិតែមួយសិន។
រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សុះ មុះសិន ពន្យល់ថា មូលហេតុដែលលោកគាំទ្រការធ្វើផ្លូវកាត់ដីវិហារ ព្រោះផ្លូវមួយខ្សែនេះ នឹងផ្ដល់ប្រយោជន៍ដល់សាសនិកឥស្លាម ដោយលោកបញ្ជាក់ មានផ្លូវមានការអភិវឌ្ឍ។
រៀងរាល់ថ្ងៃសុក្រក្រោយពេលថ្វាយបង្គំព្រះដែលជាជំនឿរបស់អ្នកគោរពសាសនាឥស្លាម ក្រុមសាសនិកឥស្លាម តែងតែជជែកគ្នាតឹងសរសៃករឿងធ្វើផ្លូវនេះ រវាងក្រុមអ្នកប្រឆាំងការពុះផ្លូវធ្វើវិហារ និងអ្នកគាំទ្រឲ្យធ្វើផ្លូវនេះ។ ជាក់ស្ដែងនៅថ្ងៃសុក្រ ទី១៣ ខែឧសភា នៅតែខ្វែងគំនិតគ្នាដដែល។
រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សុះ មុះសិន អះអាងថា ថ្នាក់ដឹកនាំឥស្លាមភាគច្រើនចង់បានផ្លូវមួយខ្សែនេះ។ ទោះយ៉ាងក្តី លោកថា គម្រោងធ្វើផ្លូវនេះស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ ដោយអញ្ជើញអ្នកគាំទ្រ និងអ្នកជំទាស់បន្តជជែក៖ «លោកដឹងហើយថា ការអភិវឌ្ឍទាំងឡាយ បើគ្មានផ្លូវអភិវឌ្ឍន៍មិនបានច្រើនទេ យ៉ាងណាមិញ ពេលយើងមានផ្លូវតែប្រជាជនពិបាកនឹងមក ប៉ុន្តែយើងមានផ្លូវសាធារណៈច្រើនប្រជាជនស្រួលធ្វើដំណើរ»។
សំណុំរឿងពុះដីវិហារចាមនេះ លោក អះម៉ាត់ យ៉ះយ៉ា ត្រូវលោក អូស្មាន ហាស្សាន់ ដែលជាក្មួយរបស់លោក ប្ដឹងលោក អះម៉ាត់ យ៉ះយ៉ា ទៅតុលាការពីបទបរិហារកេរ្តិ៍ ទាមទារសំណង ១លានដុល្លារ។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ប្រឆាំងដាច់ខាតនូវការធ្វើផ្លូវកាត់ដីវិហារ ដោយស្នើទៅសាលាក្រុងឲ្យធ្វើអែមរបងវិហារវិញ។ លោក អះម៉ាត់ យ៉ះយ៉ា មិនជឿទាល់តែសោះថា ផ្លូវកាត់វិហារនោះ ផ្ដល់ផលចំណេញដល់សាសនិកឥស្លាមទូទៅនោះទេ។ លោកចោទប្រកាន់ថា លោក សុះ មុះសិន និងលោក អូស្មាន ហាស្សាន់ ជាក្រុមតែមួយ៖ «បងប្អូនយើងសំណូមពរធ្វើផ្លូវតាមរបង ហើយបើធ្វើតាមរបងប៉ះពាល់ដីវិហារ សាលាក្រុងអត់មានដីសង មិនបាច់សងក៏បានដែរ»។
ទាក់ទងរឿងនេះ អ្នកនាំពាក្យសាលារាជធានី លោក ជិន ប៊ុនធឿន ថា សាលាក្រុងរង់ចាំមតិទាំងពីររវាងក្រុមរបស់រដ្ឋលេខាធិការក្រសួងការងារ លោក អូស្មាន់ ហាស្សាន់ និងក្រុមរបស់រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ឯកភាពគ្នាសិន ទើបសាលាក្រុងសម្រេចធ្វើផ្លូវ។ លោកបន្តទៀតថា ប្រសិនមតិទាំងពីរនៅតែខ្វែងគ្នា សាលាក្រុងនៅតែរង់ចាំ៖ «មតិ ទាំងពីរខ្វែងគំនិតគ្នាយើងនៅតែរង់ចាំពួកគាត់ឯកភាពគ្នាអ្វីទៅ ជាគំនិតរួម ព្រោះជាទូទៅសាលារាជធានីភ្នំពេញ មានការសម្របសម្រួលច្រើន»។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ព្រមានថា ប្រសិនបើមានការធ្វើផ្លូវកាត់ដីវិហារចាម នោះនឹងធ្វើឲ្យអ្នកកាន់សាសនាឥស្លាមនៅកម្ពុជា បែកចេញជាពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។