ក្រសួង​វប្បធម៌​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ករណី​បំផ្លាញ​ព្រះវិហារ​បុរាណ​នៅ​ខេត្ត​កំពង់ធំ

ដោយ​ សូត សុខប្រាថ្នា
2017-09-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទិដ្ឋភាព​​ព្រះវិហារ ក្នុង​វត្ត​ឥន្ទ្រីយ៍សំវរៈ ហៅ​វត្ត​កំពង់ធំ ក្រោយ​ត្រូវ​បាន​វាយ​បំផ្លាញ​ចោល (មើល​ពី​ខាង​ក្រៅ​របង)។ រូបថត​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១៧
ទិដ្ឋភាព​​ព្រះវិហារ ក្នុង​វត្ត​ឥន្ទ្រីយ៍សំវរៈ ហៅ​វត្ត​កំពង់ធំ ក្រោយ​ត្រូវ​បាន​វាយ​បំផ្លាញ​ចោល (មើល​ពី​ខាង​ក្រៅ​របង)។ រូបថត​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១៧
Photo provided

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ឱ្យ​ដឹង​ថា ខាង​ក្រសួង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ករណី​បំផ្លិចបំផ្លាញ​ព្រះវិហារ​បុរាណ​មួយ ស្ថិត​នៅ​ក្នុង​វត្ត​ឥន្ទ្រីយ៍សំវរៈ ហៅ​វត្ត​កំពង់ធំ ស្ថិត​នៅ​ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ព្រះវិហារ​ចំណាស់​ក្នុង​វត្ត​មួយ​នេះ​ត្រូវ​បាន​គេ​វាយកម្ទេច​ទាំង​ស្រុង កាល​ពី​ចុង​ខែ​សីហា កន្លង​មក ហើយ​រង​ការ​រិះគន់​ជា​ច្រើន​ពី​មតិ​សាធារណៈ និង​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​ផង។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សោកស្ដាយ​ចំពោះ​ការ​បំផ្លិចបំផ្លាញ​វិហារ​ចំណាស់​មួយ​ស្ថិត​នៅ​ក្នុង​វត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ​នេះ។ ក្រៅ​ពី​ការ​សោកស្ដាយ ក្រសួង​នឹង​ចាត់​វិធានការ​ចំពោះ​ករណី​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជា​សារ​មួយ​ផ្ញើ​ដល់​បណ្ដា​វត្ត​អារាម​នានា ជៀសវាង​ធ្វើ​ឱ្យ​មាន​ករណី​បែប​នេះ​កើត​ឡើង​បន្ត​ទៀត។

​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា​ក្រសួង​មិន​ជឿ​ឡើយ​ថា​ព្រះចៅ​អធិការ​វត្ត​កំពង់ធំ មិន​ដឹង​ថា​ព្រះវិហារ​ចំណាស់​ក្នុង​វត្ត​មួយ​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​ទេ។ លោក​បន្ត​ថា ព្រះអង្គ​មាន​ការ​យល់​ច្រឡំ​មួយ​ដ៏​ធំធេង ហើយ​សកម្មភាព​បំផ្លាញ​ព្រះវិហារ​នោះ ធ្វើ​ឡើង​នៅ​ពេល​យប់​ថែម​ទៀត​ផង៖ «យើង​នឹង​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​កិច្ច​ការងារ​របស់​យើង​នៅ​ក្រសួង អម​ដោយ​អ្នក​ច្បាប់ ឬ​មេធាវី ដើម្បី​យើង​អនុវត្ត​កិច្ច​ការងារ​នេះ»

​លោក​បន្ថែម​ថា ចរន្ត​ដែល​ចង់​បំផ្លិចបំផ្លាញ​ព្រះវិហារ​ចំណាស់ គឺ​មិន​មែន​កើត​ឡើង​តែ​នៅ​ខេត្ត​កំពង់ធំ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត ដោយ​ពួកគេ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ណា​មួយ​ក្រោម​ហេតុផល​ថា វិហារ​ទាំង​នោះ​ចាស់​ទ្រុឌទ្រោម និង​ត្រូវ​កសាង​ថ្មី​ឡើង​វិញ។ ជាក់ស្តែង ព្រះវិហារ​ចំណាស់​មួយ​នៅ​វត្ត​ស្វាយសាច់ភ្នំ ស្រុក​ស្រីសន្ធរ ដែល​មាន​អាយុកាល​ជាង ១០០​ឆ្នាំ ក៏​មាន​ការ​ប៉ុនប៉ង​ចង់​កម្ទេច​ចោល​ដើម្បី​ធ្វើ​ព្រះវិហារ​ថ្មី​ដែរ ប៉ុន្តែ​ក្រសួង​បាន​អន្តរាគមន៍​ទាន់​ពេល​វេលា ស្របតាម​សំណូមពរ​ចំណុះជើងវត្ត​មួយ​ចំនួន និង​ព្រះចៅ​អធិការ​វត្ត​ផង ដើម្បី​អភិរក្ស និង​ជួសជុល​ព្រះវិហារ​ចំណាស់​ឡើង​នោះ ព្រមទាំង​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​ទៀត​ផង។

ក្រោយ​ពេល​វិហារ​ចំណាស់​ក្នុង​វត្ត​កំពង់ធំ ត្រូវ​បាន​គេ​កម្ទេច​ចោល​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា មាន​ប្រតិកម្ម​ពី​មហាជន​ជា​ច្រើន និង​មាន​ប្រតិកម្ម​ពី​រដ្ឋមន្ត្រី​មួយ​ចំនួន​ផង។

​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​បង្ហោះ​រូបភាព​ព្រះវិហារ ដែល​ត្រូវ​បាន​គេ​កម្ទេច​មួយ​ចំនួន និង​បាន​សរសេរ​បញ្ជាក់​ថា វត្ត​ឥន្ទ្រីយ៍សំវរៈ ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៦៣៣ ហើយ​ព្រះវិហារ​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៤៨ និង​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​នៅ​ឆ្នាំ​២០០៧។ ព្រះវិហារ​នេះ មាន​រូប​គំនូរ​បុរាណ​ជា​ច្រើន ប៉ុន្តែ​ពេល​នេះ​ព្រះ​ចៅអធិការ​វត្ត​សម្រេច​ឱ្យ​វាយចោល​គ្មាន​ស្ដាយស្រណោះ។ គំនូរ​នៅ​លើ​ជញ្ជាំង​ក្រៅ​ពី​បង្ហាញ​ពី​សកម្មភាព​របស់​ព្រះសម្មាសម្ពុទ្ធ​កាល​ទ្រង់​នៅ​មាន​ព្រះជន្ម គឺ​មាន​គំនូរ​មួយ​ចំនួន​បង្ហាញ​ពី​ការ​ជួបជុំ​ថ្នាក់ដឹកនាំ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ជាមួយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បាន​ចូល​បញ្ចេញមតិ​ចំពោះ​ការ​បង្ហោះ​រូបភាព និង​ការ​បញ្ចេញ​យោបល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​បញ្ជាក់​ថា មន្ត្រី​ជំនាញ​ទៅ​ហាមឃាត់​ពេល​ល្ងាច ព្រះអង្គ​ថា អាត្មា​ដឹង​ហើយ ស្អែក​ឡើង​ទៅ​ដល់​រាប​ដល់​ដី គឺ​លោក​ប្រឹង​វាយ​កម្ទេច​ចោល​ទាំង​យប់​តែម្ដង។ អ្នកស្រី​ហាក់​ងឿង​ឆ្ងល់​ថា អ្នក​ដែល​គួរ​ថែរក្សា​បែរជា​ខំ​ប្រឹង​បំផ្លាញ​ទៅ​វិញ​។ លោកស្រី ថែមទាំង​ដាក់​ជា​សំណួរ​ថា តើ​បាន​អ្វី​ចំណេញ​ពី​ការបំផ្លាញ​បេតិកភណ្ឌ​ជាតិ​មួយ​នេះ ក្រៅ​ពី​ការ​ឈឺ​ចាប់​សម្រាប់​វប្បធម៌​របស់​ខ្លួន។

អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះចៅ​អធិការ​វត្ត​ឥន្ទ្រីយ៍សំវរៈ ហៅ​វត្ត​កំពង់ធំ និង​ជា​ព្រះ​មេគណ​ខេត្ត​កំពង់ធំ ព្រះតេជព្រះគុណ សៀង សុខ បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា។

អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​ថា លោក​ទើបតែ​ដឹង​រឿង​នេះ ក្រោយ​ពេល​ហេតុការណ៍​បាន​កើត​ឡើង​រួច​ទៅ​ហើយ ដោយ​ព្រះចៅ​អធិការ​វត្ត​រុះរើ​ព្រះវិហារ គឺ​មិន​បាន​ជូន​ដំណឹង ឬ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ទេ។ លោក​សោកស្ដាយ​ចំពោះ​ព្រះវិហារ​ដែល​បាត់បង់ ប៉ុន្តែ​អ្វីៗ វា​ហួស​ពេល​ទៅ​ហើយ ម្យ៉ាង​រឿង​នេះ​កើត​ឡើង​ដោយ​ការ​ឆក​ល្វែង និង​ជា​មេរៀន​សម្រាប់​កន្លែង​ដទៃ​ទៀត​ផង​ដែរ៖ «ថ្មីៗ​នេះ យើង​បាន​ដឹង​ថា កន្លែង​ហ្នឹង​បាន​ចុះ​បញ្ជី ហើយ​ខ្ញុំ​សួរ​ទៅ​លោក លោក​ថា អត់​ដឹង​សោះ ហើយ​ខេត្ត​ក៏​អត់​បាន​ដឹង​ទៀត ការ​ចុះ​បញ្ជី​អភិរក្ស​ថែរក្សា​ហ្នឹង»

​ក្រមព្រហ្មទណ្ឌ​មាត្រា ៥១០ ចែង​ថា អំពើ​ដែល​ធ្វើ​ឡើង​ដោយ​ចេតនា ក្នុង​ការ​បំផ្លាញ​បណ្ដាល​ឱ្យ​ទ្រុឌទ្រោម និង​ខូចខាត​ដល់​បូជនីយដ្ឋាន​បូជា​ចំពោះ​ព្រះពុទ្ធ​សាសនា ឬ​បូជនីយវត្ថុ​ក្នុង​សាសនា​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ដល់ ១០​លាន​រៀល។

មន្ត្រី​សម្របសម្រួល​ស្ដីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ យល់​ថា ព្រះវិហារ​នោះ ជា​សម្បត្តិ​របស់​ដូនតា និង​ជា​សម្បត្តិ​របស់​ខ្មែរ​ជំនាន់​ក្រោយ។ លោក​ថា ប្រសិនបើ​ករណី​នេះ​មិន​បាន​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ដើម្បី​ចុះ​ទៅ​ពិនិត្យ និង​ជួសជុល​ជា​មុន​នោះ​ទេ ហើយ​បែរ​សម្រេច​បំផ្លាញ​ព្រះវិហារ​ដោយ​ខ្លួន​ឯង​គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​គាំទ្រ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ព្រលឹងទមិឡបានពួនបាត់សែសិបឆ្នាំប្លាយហើយ ពេលនេះបាននិងកំពុងចេញមកធ្វើសកម្មភាពបន្ត

Sep 02, 2017 09:07 PM

គេហទំព័រ​ទាំងមូល