គោ​ឧសភរាជ​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ឆ្នាំ​នេះ​បរិភោគ​ពោត​ច្រើន​ជាង​គេ

ដោយ ខែ សុណង
2017.05.12
ច្រត់​ព្រះនង្គ័ល ៨៥៥ ២០១៧ គោ​ឧសភរាជ​បរិភោគ​អាហារ​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​វាល​ព្រះ​ស្រែ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ ជា ស៊ីម កំចាយមារ ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA Screenshot
RFA Screenshot

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ជា​ព្រះរាជ​អធិបតីភាព​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​វាល​ព្រះ​ស្រែ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ ជា​ស៊ីម កំចាយមារ ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។ ការ​ចាប់​ផ្ដើម​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ប្រចាំ​ឆ្នាំ គឺ​ជា​ការ​ផ្សង​នូវ​ភោគផល​កសិកម្ម​ផង និង​ជា​ការ​ដាស​តឿន​មួយ​ទៅ​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​ស្រែ​ចម្ការ​ថា រដូវ​វស្សា​បាន​ចាប់​ផ្ដើម​ហើយ ដែល​ត្រូវ​ត្រៀម​លក្ខណៈ​បង្កបង្កើន​ផល​ឲ្យ​បាន​ទាន់​ពេល។

គណៈកម្មការ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល​បាន​ប្រកាស​ឲ្យ​ដឹង​ថា គោ​ឧសភរាជ​បាន​ទទួល​ទាន​ពោត​ច្រើន​ជាង​គេ បង្ហាញ​ថា ផល​ដំណាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ រី​ឯ​ស្រូវ និង​សណ្ដែក​ទទួលទាន​បាន​ផល​ល្អ​បង្គួរ។

ព្រះរាជ​ពិធី​នេះ​ព្រះមហាក្សត្រ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អភិបាល​ខេត្ត​ព្រៃវែង លោក ជា សុមេធី ធ្វើ​ជា​ស្ដេច​មាឃ ហើយ​ភរិយា​របស់​លោក​គឺ​ជា​មេហួ។

ក្នុង​ព្រះរាជ​ពិធី​នេះ​ដែរ គេ​បាន​លែង​គោ​ឧសភរាជ​ឲ្យ​បរិភោគ​អាហារ​ចំនួន ៧​មុខ ដែល​ដាក់​លើ​ជើង​ពាន​កណ្ដាល​វាល​ព្រះ​ស្រែ មាន​ដូច​ជា​ស្រូវ ពោត សណ្ដែក ល្ង ទឹក ស្រា និង​ស្មៅ ដើម្បី​ចង់​ដឹង​ប្រផ្នូល ឬ​ទស្សន៍ទាយ​ថា នៅ​ឆ្នាំ​នេះ មុខ​ដំណាំ​ណា​មួយ​មាន​ផល​ល្អ និង​មាន​គ្រោះ​កាច​ចង្រៃ​អ្វី​ខ្លះ​ក្នុង​របរ​កសិកម្ម​នៅ​ឆ្នាំ​ថ្មី។

ជា​លទ្ធផល​គណៈកម្មការ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា បាន​ប្រកាស​ឲ្យ​ដឹង​ថា គោ​ឧសភរាជ​បាន​ទទួល​ទាន​ពោត​ចំនួន ៩៥% ស្រូវ ៩០% និង​សណ្ដែក ៩០%។

ជុំវិញ​ការ​ប្រារព្ធ​ពិធី​នេះ ទាំង​កសិករ​ និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​យល់​ថា ជា​បុណ្យ​ប្រពៃណី​មួយ ប៉ុន្តែ​វា​មិន​បាន​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ ឬ​វិស័យ​កសិកម្ម​កម្ពុជា​ប៉ុន្មាន​ទេ។

កសិករ​ដាំ​ពោត​នៅ​ខេត្ត​ប៉ៃលិន លោក ឃិន ប៉ុន ថ្លែង​ថា ការ​ដាំដុះ​ពិត​ជា​ទទួល​បាន​ផល​ល្អ​ពិត​ប្រាកដ​មែន ដែល​លោក​រំពឹង​ថា ប្រមូល​ផល​ខ្ពស់។ ប៉ុន្តែ​អ្វី​ដែល​ចោទ​ជា​បញ្ហា​នៅ​ពេល​នេះ គឺ​លោក​នៅ​តែ​ដេក​ភ័យ​ពី​បញ្ហា​តម្លៃ ដោយសារ​កាល​ពី​ឆ្នាំ​មុន​ពោត​គ្មាន​តម្លៃ​សោះ តម្លៃ​លក់​បាន​ទាប​ហើយ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់។

លោក​មាន​ប្រសាសន៍​បន្ត​ដូច្នេះ៖ «ទីផ្សារ​នៅ​លើ​ប្រទេស​ជិត​ខាង បើ​សិន​ណា​អាជ្ញាធរ​ជួយ​សម្រួល​បន្ទុក​ខាង​ខេត្ត​អី​ហ្នឹង លុប​ចោល​ការ​យក​ពន្ធ​ពី​ការ​ដឹក​ចេញ​ថ្លៃ អាច​ធ្វើ​ឲ្យ​តម្លៃ​របស់​កសិករ​ឡើង​គ្រាន់​បើ ហើយ​បើក​ឲ្យ​ឈ្មួញ​ថៃ ចូល​ដូច​ឆ្នាំ​២០០៨ ២០១០ យើង​មាន​ឈ្មួញ​ថៃ ក្រៅ​ពី​ដី​ឡូត៍ អាច​ចូល​មក​ទិញ​ដល់​តាម​ចម្ការ​របស់​កសិករ ប៉ុន្តែ​មាន​ការ​រាំង​ខ្ទប់​មិន​ឲ្យ​ចូល ហើយ​ឲ្យ​ពួក​ឈ្មួញ​ចូល​មក​លុប​ពន្ធ​នៅ​តាម​ព្រំដែន​អាច​ជួយ​បាន​មួយ​កម្រិត​ធំ ព្រោះ​ពន្ធ​តាម​ព្រំដែន​ថ្លៃ​មក​ដល់​ពេល​នេះ​១​តោន ដល់​ទៅ ២០០​បាត យក​ចង់​ប្រហែល​អ្នក​ម្ចាស់​ចម្ការ​ដែរ»

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក (CEDAC) លោក សម វិទូ ថ្លែង​ស្រដៀង​គ្នា​ថា ការ​ចំណាយ​ថ្លៃ​ផលិត ឬ​ថ្លៃ​ដើម​មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​ថៃ និង​វៀតណាម ដែល​មិន​អាច​ឲ្យ​កម្ពុជា ប្រកួតប្រជែង​តម្លៃ​ទីផ្សារ​បាន។

លោក​ថា បញ្ហា​នេះ​បាន​បង្ខំ​ចិត្ត​ឲ្យ​កសិករ​ខ្មែរ​លក់​ក្នុង​តម្លៃ​ថោក នាំ​ឲ្យ​កសិករ​ធ្លាក់​ខ្លួន​ជាប់​បំណុល៖ «យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​ទីផ្សារ​ផលិត​សម្ភារៈ​កសិកម្ម ឬ​ក៏​ផលិត​នូវ​ចំណី​របស់​សត្វ ទាំង​ចំណី​ជ្រូក មាន់ សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា យើង​វិញ»

កាល​ពី​ឆ្នាំ​២០១៦ កសិករ​អាច​លក់​ពោត​ឲ្យ​ឈ្មួញ​ថៃ បាន​តម្លៃ ៣​បាត ២​កាក់ ឬ ៣​បាត​កន្លះ ដែល​ប្រហែល​ជិត ៤០០​រៀល ក្នុង​១​គីឡូក្រាម។

ពិធី​ច្រត់​ព្រះនង្គ័ល​ដែល​ជា​ពិធី​ទស្សន៍ទាយ​ភោគផល​កសិកម្ម គេ​តែង​ប្រារព្ធ​ធ្វើ​ពេញ​ផ្លូវ​ការ​នៅ​ថ្ងៃ ៤​រោច ខែ​ពិសាខ ជា​រៀង​រាល់​ឆ្នាំ។ តាម​ពិត​នោះ ពិធី​នេះ​បាន​ត្រូវ​ក្រុម​បារគូ​រាជ​វាំង​ប្រារព្ធ​ឡើង​តាំង​ពី​ថ្ងៃ ១​រោច មក​ម្ល៉េះ។ ទោះ​បី​យ៉ាង​ណា​ក្ដី ពុំ​មាន​សេចក្ដី​ពន្យល់​ច្បាស់​លាស់​ថា ហេតុ​អ្វី​បាន​ជា​បុរាណាចារ្យ ជ្រើស​រើស​យក​ថ្ងៃ ៤​រោច ខែ​ពិសាខ នោះ ជា​ពិធី​ផ្លូវ​ការ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។